លោក ហ៊ុន ម៉ាណែត ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​បរិហារកេរ្តិ៍​លោក​និង​គ្រួសារ

កូន​ប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook)ឈ្មោះ ឆាំ ឆានី (Chham Chhany) ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។

ក្នុង​ពាក្យ​បណ្ដឹង​របស់ កូន​ប្រុស​ច្បងលោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ដាក់​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ មករា នេះ អោយ​ដឹង​ថា ម្ចាស់​គណនី​ហ្វេស​ប៊ុក​រូប​នោះ​បាន​បង្ហោះ​អត្ថ​បទ​ដែល​មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ព្រៃឈើ​កាច់កុង​គ្នា​ព្រោះ​ចង់​កាន់​កាប់​តំបន់​កាប់​ឈើ បាន​ផល​ត្រកូល​ហ៊ុន។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា ក្នុង​អត្ថបទ​នោះ​ឈ្មោះ ឆាំ ឆានី បាន​ប្រឌិត​រឿង​ខុស​ពី​ការពិត ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក និង​ក្រុម​គ្រួសារ។

ក្នុង​ពាក្យ​បណ្ដឹង​ដដែល​នោះ​ក៏​​បាន​ចម្លង​អត្ថបទ​របស់​ ឈ្មោះ ឆាំ ឆានី មក​ដាក់​ដែរ។ អត្ថបទ​នោះ​បង្ហាញ​ថា ភរិយា​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ជា​ខ្នង​បង្អែក​របស់​ឈ្មួញ​រកស៊ី​ឈើ សឹង សំអុល ចំណែក​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ឈ្មួញ​ឈ្មោះ លឹម ប៊ុណ្ណា ហើយ​ការ​ចាត់​វិធានការ​នានា ទៅ​លើ​អ្នក​រកស៊ី​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ខ្ចី​ដៃ ឬ​ជា​ឧបាយ​ធ្វើ​យ៉ាង​ណា​អោយ​ចំណេញ​ដល់​អ្នក​ដែល​កំពុង​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​ទាំង​នេះ។

បើ​ទោះ​ជា​យ៉ាងណា លោក ហ៊ុន ម៉ាណែត ដែល​ថា​ព័ត៌មាន​នេះ​ត្រូវ​គេ​ប្រឌិត បាន​ទាមទារ​អោយ​អាជ្ញាធរ​ស្វែង​រក​ម្ចាស់​គណនី ឈ្មោះ ឆាំ ឆានី មក​ផ្ដន្ទាទោស​តាម​ច្បាប់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។