អ្នកស្រី ឈឿន ឡត រក​ចំណូល​ពី​ការលក់​នំគ្រក់​និង​បាញ់​ឆេវ​បាន​៥០​ម៉ឺន​ក្នុង​មួយថ្ងៃ​

  ​សៀមរាប​៖ អ្នកស្រី ឈឿន ឡត បាន​បើក​លក់​នំគ្រក់ និង​បាញ់​ឆេវ ជិត​២​ឆ្នាំ​មកហើយ​។ មាន​ភ្ញៀវ​ជាច្រើន​បាន​បន្តកន្ទុយ​គ្នា​ទិញ​នំ​នៅ​តូប​អ្នកស្រី ឡត ដែល​ស្ថិតនៅតាម​ដងផ្លូវ​៦០ ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​ទីផ្សារ​ពេលយប់​មួយ​ដ៏​ល្បី​នៅ​ទីក្រុង​សៀមរាប ​។ ក្នុង​មួយថ្ងៃ ចំណូល​ពី​ការលក់​នំគ្រក់ និង​នំ​បាញ់​ឆេវ​របស់​អ្នកស្រី ឡត អាច​រកបាន ៥០​ម៉ឺន​រៀល​។​

​បើ​និយាយ​ពី​ផ្លូវ​៦០ សឹង​ថា​គ្មាន​អ្នកណា​មិន​ស្គាល់​កន្លែង​មួយ​នេះ​ណាស់​។ ស្ថិតក្នុង​បរិវេណ​បុរី​វប្បធម៌ និង​ទេសចរណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា តំបន់​ផ្លូវ​៦០ មាន​ទីតាំងនៅ​ខាងជើង​សាលាខេត្ត​សៀមរាប និង​នៅ​ទល់មុខ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ដែល​ទើបនឹង​សម្ពោធ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។​
អ្នកស្រី ឈឿន ឡត រក​ចំណូល​ពី​ការលក់​នំគ្រក់​និង​បាញ់​ឆេវ​បាន​៥០​ម៉ឺន​ក្នុង​មួយថ្ងៃ​
​នៅតាម​ផ្លូវ​៦០ មាន​លក់​របស់របរ​ជាច្រើន ដូចជា​សំលៀកបំពាក់ ស្បែកជើង ហើយ​អ្វីដែល​គេ​ឃើញ​មាន​ច្រើនជាងគេ​នោះ គឺ​កន្លែង​អាហារ​តែម្តង​។ តូប​អ្នកស្រី ឈឿន ឡត ជា​តូប​មួយ​ក្នុងចំណោម​តូប​ជាច្រើន ដែល​សង់​នៅ​សងខាង​ផ្លូវ​៦០ ។ ពុំមាន​រោង​ត្រឹមត្រូវ​ពិតប្រាកដ​នោះទេ គឺ​ភាគច្រើន​អ្នកលក់ រៀប​ជា​តុ​តូចៗ ដើម្បី​ឲ្យ​ភ្ញៀវ​អង្គុយតែ​ប៉ុណ្ណោះ​។

​ នៅ​ម៉ោង​៥​រសៀល គឺជា​អំឡុង​ពេលដែល​អ្នកស្រី ឈឿន ឡត កំពុង​ញាប់ដៃ​ចាក់​នំ​របស់គាត់​។ មាន​ភ្ញៀវ​ជា​ហូរហែរ​ដែល​បាន​ចូលទៅ​អង្គុយ និង​ខ្ចប់​នំគ្រក់ និង​នំ​បាញ់​ឆេវ នៅ​តូប​អ្នកស្រី ឡត ដែលមាន​យីហោ «​ស្នាដៃ​ម៉ែកូន​ផ្លូវ​៦០»​។​
អ្នកស្រី ឈឿន ឡត រក​ចំណូល​ពី​ការលក់​នំគ្រក់​និង​បាញ់​ឆេវ​បាន​៥០​ម៉ឺន​ក្នុង​មួយថ្ងៃ​
​សប្បុរ​សណ្តែកបាយ មុខ​រៀង​ខ្មៅ​ដោយសារ​កំដៅថ្ងៃ អ្នកស្រី ឈឿន ឡត គឺជា​អ្នកភូមិ​ដូន​ប៉ា សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប​។ ជិត​៧​ឆ្នាំ​មកហើយ ដែល​អ្នកស្រី ឡត បាន​ចូលមក​លក់ដូរ​នៅលើ​ផ្លូវ​៦០ ដែល​ពីមុន​គ្រាន់​ជាទី​កន្លែង​កម្សាន្ត​របស់​អ្នកក្រុង​សៀមរាប ព្រោះ​ទីនោះ មាន​បរិយាកាស​ល្អ​។ របរ​ធ្វើ​នំគ្រក់ និង​បាញ់​ឆេវ អ្នកស្រី ឡត ទើបនឹង​ចាប់ផ្តើមបាន​ជិត​២​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ ដែល​ពីមុន​អ្នកស្រី គឺជា​អ្នកលក់​ទឹកអំពៅ​។​

​រៀបរាប់​ពី​ការលក់​សព្វថ្ងៃ អ្នកស្រី ឡត បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​រក​ចំណូល​ពី​ការដុត​នំគ្រក់ និង​បាញ់​ឆេវ បាន​ចន្លោះ​ពី​៣០​ម៉ឺន ទៅ​៥០​ម៉ឺន​រៀល​។ នៅ​ថ្ងៃ​ឈប់សម្រាក និង​មាន​បុណ្យទាន​ម្តងៗ មាន​ភ្ញៀវ​ច្រើន​សម្រុក​មកលេង​នៅ​ផ្លូវ​៦០ ខ្លះ​ជា​លក្ខណៈ​ដៃគូ ខ្លះទៀត​ក៏​ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។​
អ្នកស្រី ឈឿន ឡត រក​ចំណូល​ពី​ការលក់​នំគ្រក់​និង​បាញ់​ឆេវ​បាន​៥០​ម៉ឺន​ក្នុង​មួយថ្ងៃ​
​រម្លឹក ​ពី​ការលក់​នំគ្រក់​ដំបូង ដែល​មិនសូវ​គេ​ធ្វើ​ច្រើន​ដូច​សព្វថ្ងៃ អ្នកស្រី ឡត រៀបរាប់ថា ពេលនោះ​អ្នកស្រី​ធ្វើ​នំគ្រក់​បាន​រហូតដល់​៥​គីឡូ​អង្ករ ក្នុង​មួយថ្ងៃ ផ្ទុយ​ពី​សព្វថ្ងៃ ដែល​អ្នកស្រី​ធ្វើ​បានតែ ៣​គីឡូក្រាម​តែប៉ុណ្ណោះ​។ «​ពីមុន​មានតែ​តូប​២​ទេ ដែល​ដុត​នំគ្រក់​លក់ តែ​ឥលូវ​នេះ រីក​ដូច​ផ្សិត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឡត ដែល​ដៃ​ម្ខាង​កំពុង​ឆ្កឹះ​នំ និង​ចាក់​បាញ់​ឆេវ មួយៗ​ផង​នោះ​។​

​ សព្វថ្ងៃ​អ្នកស្រី ឡត លក់​នំ​ជាមួយ​ប្អូនស្រី ហើយ​ពេលខ្លះ អ្នកស្រី​ក៏មាន​ជំនួយ​ពី​កូនប្រុស និង​ប្តី​អ្នកស្រី ដែល​ទំនេរ​ពី​ការរត់​រ៉ឺម៉ក់​ផងដែរ​។ អ្នកស្រី​ជា​អ្នកធ្វើ​នំ រីឯ​អ្នក​ផ្សេងទៀត មាន​ប្អូន​ជាដើម គឺជា​អ្នក​រៀប​លក់​ឲ្យ​ភ្ញៀវ​។​
អ្នកស្រី ឈឿន ឡត រក​ចំណូល​ពី​ការលក់​នំគ្រក់​និង​បាញ់​ឆេវ​បាន​៥០​ម៉ឺន​ក្នុង​មួយថ្ងៃ​
​ បើទោះជា​តូប​លក់​នំគ្រក់ និង​បាញ់​ឆេវ បាន​រីក​ដូច​ផ្សិត​ក៏ពិតមែន ប៉ុន្តែ​គេ​សង្កេតឃើញ​តូប​អ្នកស្រី ឡត មាន​ភ្ញៀវ​ចេញចូល​ជា​ហូរហែរ​។ មានពេលខ្លះ ភ្ញៀវ​ឫ​ម៉ូយ ត្រូវ​រង់ចាំ​ផងដែរ ព្រោះតែ​នំ ឆ្អិន​មិនទាន់​។ បាញ់​ឆេវ​ស្នូល​សាច់​ត្រី លាយ​នឹង​កំពឹស ដែល​ការ​នេះ ធ្វើ​ឲ្យ​តូប​អ្នកស្រី ឡត មាន​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​ចូល​ពិសារ​។ ក្នុង​បាញ់​ឆេវ​មួយ អ្នកស្រី ឡត លក់​តម្លៃ ៣០០០​រៀល ចំណែក​នំគ្រក់ លក់​៣ ថ្លៃ​១០០០​រៀល​។

​មាន​ វ័យ​៤៨​ឆ្នាំ អ្នកស្រី ឡត បាន​ប្រាប់​ពី​រូបមន្ត​ពិសេស ដែល​ធ្វើ​ឲ្យ​នំគ្រក់ និង​បាញ់​ឆេវ​ឆ្ងាញ់​ទៅបាន​។ រូបមន្ត​នោះ គឺ​ការធ្វើ​ទឹកត្រី​ជ្រលក់​តែម្តង​។ សម្រាប់​អ្នកស្រី ឡត ការធ្វើ​ទឹកត្រី ត្រូវមាន​រូបមន្ត​ច្បាស់លាស់ គឺ​ត្រូវ​វាស់​ទឹក វាស់​ស្ក វាស់​អំបិល ។​ល​។ ឲ្យ​តាម​ក្បួន ជៀសវាង​ការ​ស្មានៗ ហើយ​រូបមន្ត​នេះ ត្រូវធ្វើ​ឲ្យ​ចាំ​ដៃ​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​