​រ៉ូយ៉ាល់គ្រុប​​​​​​អះអាងថា​​​ផែ​​​ទទួលយល់​​​ព្រម​ឲ្យ​សាង​​​​​​សង់​​​ពី​​​​​​​​​អតីត​​​អភិបាល​​​ខេត្ត​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ក្រុមហ៊ុន​​​​​​រ៉ូយ៉ាល់​​​គ្រុប​​​បាន​​​វាយ​​​បក​​​ការ​​​អះអាង​​​របស់​​​រដ្ឋា​​​ភិបាល​​​ថា​​​ ខ្លួន​​​បាន​​​សាង​​​សង់​​​ផែ​​​សម្រាប់​​​លើក​​​ដាក់​​​សម្ភារ​​​នៅ​​​លើ​​​ឆ្នេរ​​​អូរ​​​ត្រេះ​​​​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ដោយ​​​មាន​​​ការ​​​អនុញ្ញាត ដោយ​​​​​​បញ្ជាក់​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ថា អតីត​​​អភិបាល​​​ខេត្ត​​​​​​បាន​​​យល់​​​ព្រម​​​ឲ្យ​​​សាង​​​សង់។​​​​​​

កាល​​​ពី​​​ថ្ងៃ​​​ពុធ គណៈកម្មាធិការ​​​​​​ជាតិ​​​​​​​​​​​​គ្រប់​​​គ្រង​​​​​​និង​​​អភិវឌ្ឍ​​​​ន៍​តំបន់​​​ឆ្នេរ​​​​​​​​​សមុទ្រ​​​កម្ពុជា បាន​​​បញ្ជា​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន​​​នេះ​​​​​​រើ​​​​​​ផែ​​​នេះចោល ដោយ​​​ហៅ​​​សំណង់​​​នោះ​​​ថា “សំណង់អនាធិបតេយ្យ” ហើយ​​​និយាយ​​​ថា ក្រុម​​​ហ៊ុនរ៉ូយ៉ាល់​​​គ្រុប​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​សាង​​​សង់​​​រចនា​​​សម្ព័ន្ធ​​​ប្រវែង​​​៤០​​​ម៉ែត្រ​​​ ក្នុង​​​ពេល​​​ខ្លួន​​​ស្នើ​​​សុំ​​​​​​ច្បាប់​​​​​​ពី​​​រដ្ឋាភិបាល​​​ដើម្បី​​​សាង​​​សង់ ដោយ​​​មិន​​​បាន​​​រង់​​​ចាំ​​​សេចក្តី​​​សម្រេច​​​​​​ជា​​​​​មុន។​​​​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ដែល​​​ផ្សព្វផ្សាយ​​​តាម​​​អុីនធឺណិត និង​​​ជូន​​​សាធារណជន និង​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​​​​គ្រុប​​​ដែល​​​​​​​​​គ្រប់​​​គ្រង​​​ដោយ​​​​​​ឧកញ៉ា​​​មាន​​​ខ្នង​​​ក្រាស់​​​ គិត ម៉េង បាន​​​និយាយថា ផែសម្រាប់​​​លើកដាក់​​​​​​សម្ភារ និង​​​គម្រោង​​​ក្នុង​​​សមុទ្រគឺ​​​មាន​​​បំណង​​​​​​ធ្វើ​​​ជា​​​មូលដ្ឋាន​​​​​​​​​ដើម្បី​​​​​​លើក​​​ស្ទួយ​​​ទេសចរណ៍​​​ឆ្នេរ។​​​ ក្រុម​​​ហ៊ុន​​​ក៏​​​បាន​​​អះអាង​​​ថា លោក ឈិត សុខុម អតីតអភិបាល​​​ខេត្ត ដែល​​​បាន​​​ទទួល​​​​​​តំណែង​​​នៅ​​​ក្នុង​​​ក្រសួង​​​មហា​​​ផ្ទៃ​​​កាល​​​ពី​​​ឆ្នាំ​​​មុន បាន​​​​ផ្តល់​​​ការ​​​អនុញ្ញាត​​​ឲ្យសាង​​​សង់​​​ផែ​​​សម្រាប់​​​​​​លើក​​​ដាក់​​​សម្ភារ​​​នេះ។

លិខិត​​​បាន​​​សរសេរ​​​ថា “ក្រុម​​​ហ៊ុន​​​បាន​​​កំពុង​​​អនុវត្ត​​​ដោយ​​​គោរព​​​តាម​​​ការ​​​ឯកភាព​​​ជា​​​គោល​​​ការណ៍​​​ពីអភិបាល​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ​​​​​​ តាម​​​លិខិត​​​ចុះ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​កក្កដា ឆ្នាំ​​​២០១៥ ដែល​​​កាល​​​ណោះ ឯកឧត្តម ឈិត សុខុន ជា​​​អភិបាល​​​ខេត្ត​​​ព្រះ​​​សីហនុ ឲ្យ​​​ធ្វើ​​​ផែ​​​ពីរ​​​កន្លែង​​​ ផែ​​​មួយ​​​នៅ​​​លើ​​​គោក និង​​​ផែ​​​មួយទៀត​​​នៅ​​​លើ​​​កោះ។ ក្រុម​​​ហ៊ុន​​​បាន​​​សិក្សា​​​​​​យ៉ាង​​​ហ្មត់​​​ចត់​​​ ហើយ​​​ក៏​​​បាន​​​សហការ​​​ជាមួយ​​​​​​អាជ្ញាធរ​​​ខេត្ត​​​ និង​​​ក្រសួង​​​ពាក់​​​ព័ន្ធ​​​ប្រកបដោយ​​​ស្មារតី​​​ទទួល​​​ខុស​​​ត្រូវ។ គ្មាន​​​ហេតុ​​​ផល​​​ណា​​​ដែល​​​ក្រុម​​​ហ៊ុន​​​​​​អនុវត្ត​​​​​​ដោយ​​​រំលង​​​ច្បាប់ ឬធ្វើ​​​ឲ្យ​​​ខូច​​​ប្រយោជន៍​​​ជាតិ​​​នោះ​​​ទេ”។

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក ឈិត សុខុន​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ផែលើកដាក់​​​សម្ភារ​​​ដែល​​​សង់​​​ដោយ​​​បេតុង​​​និង​​​ដែក​​​ មិន​​​​​​ត្រូវ​​​គ្នា​​​នឹង​​​រចនា​​​សម្ព័ន្ធ​​​ដែល​​​លោក​​​បាន​​​ឯកភាព​​​នោះ​​​ទេ។​​​

លោក ឈិត សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​ក្នុង​​​លិខិត យើង​​​គ្រាន់​​​តែ​​​​​​ឯកភាព​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សង់​​​ផែលើកដាក់​​​សម្ភារ​​​បណ្តោះ​​​អាសន្ន​​​ប៉ុណ្ណោះ និង​​​ត្រូវ​​​សហការ​​​ជា​​​មួយ​​​អាជ្ញាធរ និង​​​អ្នកជំនាញ​​​បរិស្ថាន”។ ការ​​​យល់​​​ព្រម​​​នោះ​​​មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​ច្បាស់លាស់​​​ថា​​​តើផែលើកដាក់​​​សម្ភារ​​​បណ្តោះ​​​អាសន្ន​​​នោះ​​​​​​​​​អាច​​​ស្ថិត​​​នៅ​​​ទី​​​នោះ​​​យូរ​​​ប៉ុន្មាន​​​ទេ ប៉ុន្តែ​​​លោក​​​អតីត​​​អភិបាល​​​ខេត្ត​​​​​​រូប​​​នេះ​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្វី​​​ដែល​​​បាន​​​សាង​​​សង់​​​គឺ​​​ខុស​​​គ្នា​​​ទៅ​​​នឹង​​​​​​អ្វី​​​​​​ដែល​​​ក្រុម​​​ហ៊ុន​​​បាន​​​ស្នើ។

លោក យន្ត មីន អភិបាល​​​ខេត្ត​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក​​​បាន​​​បញ្ជា​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​ ប៉ុន្តែ​​​មិន​​​ព្រម​​​និយាយ​​​ថា នៅ​​​ពេល​​​ណាផែលើក​​​ដាក់​​​សម្ភារ​​​នឹង​​​ត្រូវ​​​កម្ទេច​​​ចោល​​​ទេ។​​​

លោក យន្ត មីន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ធ្វើ​​​មួយ​​​ជំហាន​​​ម្តង​​​ៗ”។ លោក​​​អភិបាល​​​ខេត្ត​​​រូប​​​នេះ​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប​​​ និង​​​លោក​​​អភិបាល​​​ខេត្ត​​​​​​ចាស់​​​ទេ។​​​

លោក ឈុន ប៊ុនថា អគ្គ​​​នាយក​​​រង​​​​​​ក្រុម​​​ហ៊ុន​​​រ៉ូយ៉ាល់​​​គ្រុប ដែល​​​ទទួល​​​បន្ទុក​​​​​​គម្រោង​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា សំណង់​​​បាន​​បញ្ឈប់​​​​​ ហើយ​​​លោក​​​កំពុង​​​រង់​​​ចាំ​​​បទបញ្ជា​​​​​​ថា​​​ត្រូវ​​​ធ្វើ​​​យ៉ាង​​​ម៉េច​​​ទៀត។​​​​​​

លោក ឈុន ប៊ុនថា បាន​​​និយាយ​​​ថា “យើង​​​​​​ទុក​​​ឲ្យ​​​មេដឹក​​​នាំ​​​កំពូល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ។ អាស្រ័​​​លើ​​​ឧកញ៉ា គិត​​​ ម៉េង”។

លោក គិត ម៉េង បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រវល់​​​ណាស់៕រើន​​​

 

 

The post ​រ៉ូយ៉ាល់គ្រុប​​​​​​អះអាងថា​​​ផែ​​​ទទួលយល់​​​ព្រម​ឲ្យ​សាង​​​​​​សង់​​​ពី​​​​​​​​​អតីត​​​អភិបាល​​​ខេត្ត​​​ appeared first on ខេមបូឌា ដេលី.