តម្លៃ​ថ្មី ប័ណ្ណបើកបរ​យានយន្ត និង​ប្តូរ ពន្យារ​ប័ណ្ណបើកបរ​គ្រប់​ប្រភេទ ព្រមទាំង​តម្លៃ​ឈៀក​ថ្មី​

ភ្នំពេញ: ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទើបតែ​បានចេញ​សេចក្តីសម្រេច​រួមគ្នា កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ លើ​ការផ្តល់​សេវាសាធារណៈរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងនោះ រួមមាន​ការប្រឡង​យក​ប័ណ្ណបើកបរ​យានយន្ត និង​ប្តូរ ពន្យារ​ប័ណ្ណបើកបរ តម្លៃធ្វើស្លាកលេខម៉ូតូ ឡានថ្មី ព្រមទាំង​តម្លៃ​ឈៀករថយន្ត ជាដើម​។​

​សេចក្តីសម្រេច បង្ហាញថា ការប្រឡង​យក​ប័ណ្ណបើកបរ​ទោចក្រយានយន្ត ប្រភេទ ក ( ម៉ូតូ ចាប់ពី ១២៦ CC ឡើងទៅ ) តម្លៃ ៣​ម៉ឺន​រៀល រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ ) មាន​សុពលភាព ១០ ឆ្នាំ​។ ចំ​ណែ​ការប្រឡង​យក​ប័ណ្ណបើកបរ​ឡើងវិញ ទោចក្រយានយន្ត ប្រភេទ ក ( ប្រឡង​ឡើងវិញ ក្រោយពី​ប្រឡង​លើក​មុន ធ្លាក់ ) ត្រូវ​បង់ថ្លៃ ប្រឡង​ទ្រឹស្តី ៥​ពាន់​រៀល និង​ថ្លៃ​ប្រឡង​ដៃចង្កូត ៧៥០០ រៀល​។ ចំណែក​ការប្តូរ ពន្យារ ប័ណ្ណបើកបរ​ទោចក្រយានយន្ត ប្រភេទ ក តម្លៃ ២​ម៉ឺន​រៀល​។​

​ចំណែក​ការប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត​ប្រភេទ ខ ( រថយន្ត​គ្រួសារ ៤ កៅអី ) តម្លៃ ៩ ម៉ឺន​រៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ ) មាន​សុពលភាព​រយៈពេល ១០ ឆ្នាំ​។ ប្រឡង​យក​ប័ណ្ណបើកបរ​ឡើងវិញ រថយន្ត​ប្រភេទ ខ បង់ថ្លៃ​ប្រឡង​ទ្រឹស្តី ២​ម៉ឺន​រៀល និង​ប្រឡង​ដៃចង្កូត ៣​ម៉ឺន​រៀល​។

​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ប្រភេទ គ ឃ តម្លៃ ៩៥.០០០ រៀល​។ ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ប្រភេទ ង តម្លៃ ១០​ម៉ឺន​រៀល​។​

​ក្នុងនោះ រាល់​ការប្តូរ ពន្យារ​ប័ណ្ណបើកបរ​រថយន្ត​គ្រប់​ប្រភេទ តម្លៃ ៣ ម៉ឺន​រៀល រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ )​។ រីឯ​ការបញ្ជាក់​ប័ណ្ណបើកបរ ជា​ភាសាបរទេស តម្លៃ ២៥.០០០ រៀល​។​

​ចំណែក​ការចុះបញ្ជី​យានយន្ត ( ធ្វើ​ស្លាក​លេខ​ថ្មី និង​ប័ណ្ណ​សម្គាល់​យានយន្ត ) ក៏ត្រូវ​បានប្រកាស​នោះ កំណត់ថា ការចុះបញ្ជី​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ថ្លៃ ៤ ម៉ឺន​រៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ ) សុពលភាព អចិន្ត្រៃយ៍​។ ការចុះបញ្ជី​រ៉ឺម៉ក ( ទោចក្រយានយន្ត ) ថ្លៃ ៣​ម៉ឺន​រៀល​។ ផ្ទេរកម្មសិទ្ធិ​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ក្នុង​រាជធានី ខេត្ត ( កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​) ថ្លៃ ២៨.០០០ រៀល​។ ផ្ទេរកម្មសិទ្ធិ​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ឆ្លង​រាជធានី​ខេត្ត តម្លៃ ៤​ម៉ឺន​រៀល​។ ផ្ទេរកម្មសិទ្ធិ រ៉ឺម៉ក ( ទោចក្រយានយន្ត ) ក្នុង​រាជធានី ខេត្ត តម្លៃ ២៨.០០០ រៀល និង​ឆ្លងខេត្ត​រាជធានី តម្លៃ ៤​ម៉ឺន​រៀល​។​

​រីឯ​ការប្តូរ​ប័ណ្ណ​សម្គាល់​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ថ្លៃ ៣១.០០០ រៀល​។ ប្តូរ​ស្លាក​លេខទោ​ចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត ឬ​រ៉ឺម៉ក ថ្លៃ ៣១.០០០ រៀល​។​

​ចំណែក​ការចុះបញ្ជី​រថយន្ត​ធុន​តូច ថ្លៃ ១២៥.០០០ រៀល រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ មាន​សុពលភាព អចិន្ត្រៃយ៍​។ រីឯ​ការចុះបញ្ជី​រថយន្ត​ធុន​ធំ ថ្លៃ ១៥៥.០០០ រៀល​។ រីឯ​ការផ្ទេរកម្មសិទ្ធិ​រថយន្ត​ធុន​តូច ក្នុង​រាជធានី ខេត្ត តម្លៃ​សេវា ៤៨.០០០ រៀល រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ ( ថ្ងៃ​ធ្វើការ ) មាន​សុពលភាព អចិន្ត្រៃយ៍​។ រីឯ​ការផ្ទេរកម្មសិទ្ធិ​រថយន្ត​ធុន​តូច ឆ្លង​រាជធានី​ខេត្ត ថ្លៃ ១០១.០០០ រៀល​។ ផ្ទេរកម្មសិទ្ធិ​រថយន្ត​ធុន​ធំ ក្នុង​រាជធានី​ខេត្ត ថ្លៃ ៦៧.០០០ រៀល និង​ឆ្លង​រាជធានី​ខេត្ត ថ្លៃ ១២៥.០០០ រៀល​។​

​រីឯ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ហៅថា ឈៀក ក៏ត្រូវ​បានកំណត់​ថ្មី​ដែរ​។ ក្នុងនោះ ត្រីចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ថ្លៃ ៧.០០០ រៀល រយៈពេល ៣ ថ្ងៃ មាន​សុពលភាព ១ ឆ្នាំ​។ រីឯ​រថយន្ត​ទេសចរណ៍ ( រថយន្ត​គ្រួសារ ) ថ្មី​គ្រប់​ប្រភេទ ថ្លៃ ៣៦.០០០ រៀល រយៈពេល​ផ្តល់​សេវា ១​ម៉ោង និង​មាន​សុពលភាព ៤ ឆ្នាំ​។ ចំណែក​រថយន្ត​ទេសចរណ៍ ( រថយន្ត​គ្រួសារ ) ផ្ទុក​ត្រឹម ៤ នាក់ ថ្លៃ ៤២.០០០ រៀល រយៈពេល​ផ្តល់​សេវា ១ ម៉ោង សុពលភាព ២ ឆ្នាំ​។ រថយន្ត​ទេសចរណ៍ ( រថយន្ត​គ្រួសារ ) ផ្ទុក​ពី ៥ នាក់ ទៅ ៩ នាក់ ( មិន​ធ្វើ​អាជីវកម្ម ) ថ្លៃ ៤៨.០០០ រៀល រយៈពេល​ផ្តល់​សេវា ១ ម៉ោង និង​មាន​សុពលភាព ២ ឆ្នាំ​។ រថយន្ត​ទេសចរណ៍ ( តាក់ស៊ី ) ផ្ទុក​ចាប់ពី ៥ នាក់ ដល់ ៩ នាក់​ឡើង តម្លៃ ៤៨.០០០ រៀល រយៈពេល​ផ្តល់​សេវា ១ ម៉ោង និង​មាន​សុពលភាព ១ ឆ្នាំ​។​

​រីឯ​រថយន្ត​ដឹក​អ្នកដំណើរ ដឹកទំនិញ ធ្វើ​អាជីវកម្ម ប្រភេទ​រថយន្ត​ធំៗ ផ្ទុក​ចាប់ពី ១០ នាក់​ឡើង ក៏ត្រូវ​បាន​រាយ​តម្លៃ​ក្នុង​តារាង​ជាក់លាក់ ដោយមាន​តម្លៃ​ចាប់ពី ៣​ម៉ឺន​រៀល រហូតដល់​ខ្ពស់បំផុត ៦៦.០០០ រៀល​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា កន្លងមក តម្លៃ​ឈៀករថយន្ត​ទេសចរណ៍ លក្ខណៈ​គ្រួសារ ផ្ទុក​ត្រឹម ៤ នាក់ គឺមាន​តម្លៃ​ដល់​ទៅ ២០ ដុល្លារ ឬ ៨០.០០០ រៀល​។ រីឯ​ការធ្វើ​ស្លាក​លេខ​ថ្មី សម្រាប់​រថយន្ត​ធុន​តូច លក្ខណៈ​គ្រួសារ ផ្ទុក​ត្រឹម ៤ នាក់ មានតម្លៃ​ដល់ ១០០ ដុល្លារ ទៅ ១១០ ដុល្លារ តាម​ការទារ​ថ្លៃ​របស់​មន្ត្រី​ធ្វើ​ស្លាក​លេខ​រថយន្ត​ទាំងនោះ ហើយ​មាន​រយៈពេល ១ ខែ និង​អាច​លើសពី ១ ខែ​ទៀតផង​។ ដោយឡែក ប័ណ្ណបើកបរ​រថយន្ត​ធុន​តូច ឬ​ប្រភេទ ខ គឺ​ធ្វើ​ថ្មី មានតម្លៃ ១២០ ដុល្លារ ឬ ១៨០ ដុល្លារ ទៅតាម​មន្ត្រី ទារ​។ រីឯ​ការប្តូរ​ប័ណ្ណបើកបរ​រថយន្ត​ធុន​តូច ប្រភេទ ខ ដែល​ហួស​សុពលភាព គឺ​ថ្លៃ ២៨ ដុល្លារ សម្រាប់​ប័ណ្ណបើកបរ ចេញ​នៅ​រាជធានី​ភ្នំពេញ និង​ថ្លៃ ៣៥ ដុល្លារ សម្រាប់​ប័ណ្ណបើកបរ ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​៕​