ទិនហ្វី ប្រកាស​​ដក​ខ្លួន​ពី​ភាពយន្ត​បែប​កំប្លែង

ទិនហ្វី ប្រកាស​​ដក​ខ្លួន​ពី​ភាពយន្ត​បែប​កំប្លែង

ស្ដេច​កំប្លែង​ក្នុង​វិស័យ​ភាពយន្ត​ហុងកុង Stephen Chow ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​ថា ទិនហ្វី មិន​បាន​សម្ដែង​ភាពយន្ត​អ្វី​ឡើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​បាន​សម្រុក​លើ​ការងារ​ជា​អ្នក​និពន្ធ​និង​ដឹកនាំ​រឿង​ប៉ុណ្ណោះ។ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ បាន​បង្ហើប​ថា​ខ្លួន​អាច​នឹង​ចូល​សម្ដែង​ភាពយន្ត​ម្ដង​ទៀត​ទៅ​អនាគត ប៉ុន្តែ​នឹង​ឈប់​សម្ដែង​ជា​តួ​កំប្លែង​ទៀត​ហើយ។

 

ទិនហ្វី ប្រកាស​​ដក​ខ្លួន​ពី​ភាពយន្ត​បែប​កំប្លែង

 

កំឡុង​ពេល​ធ្វើ​សន្និសីទកាសែត​ផ្សព្វផ្សាយ​ភាពយន្ត “The Mermaids” នា​ពេល​ថ្មី​ៗ​នេះ Chow បាន​និយាយ​ដោយ​បើក​ចំហ​ថា ខ្លួន​លែង​មាន​ចំណាប់​អារម្មណ៍​នឹង​សម្ដែង​តួ​កំប្លែង​​ត​ទៀត​ហើយ។ ចាប់​តាំង​ពី​សម្ដែង​រឿង “CJ7” នៅ​ឆ្នាំ​២០០៨ មក​លោក​មិន​បាន​ចូល​សម្ដែង​រឿង​ណា​មួយ​ឡើយ ប៉ុន្តែ​បន្ត​ការងារ​ដឹកនាំ​រឿង និង​ការងារ​​ជា​ទី​ប្រឹក្សា​ផ្នែក​នយោបាយ។

 

“មិន​មែន​ខ្ញុំ​មិន​ចង់​សម្ដែង​ទេ មាន​រឿង​ល្អ​ៗ​ច្រើន​ដែល​ខ្ញុំ​អាច​ចូល​សម្ដែង​បាន តែ​អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​គ្មាន​អារម្មណ៍​សម្ដែង​តួ​បែប​នេះ​ទៀត​ទេ។ ខ្ញុំ​អាច​នឹង​ចូល​សម្ដែង​ទៀត តែ​​ជា​តួ​ត្រឹមត្រូវ​ប៉ុណ្ណោះ”។ តារា​វ័យ ៥៣ឆ្នាំ​និយាយ។​

 

ផ្អែក​តាម​សារព័ត៌មាន​ចិន Sina ខ្សែ​ភាពយន្ត “The Mermaids” គឺ​ជា​ស្នាដៃ​ដឹកនាំ​ចុង​ក្រោយ​បំផុត របស់ Chow និង​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Deng Chao, Kitty Zhang Yuqi, Lin Yun និង Show Luo។

 

ទិនហ្វី ប្រកាស​​ដក​ខ្លួន​ពី​ភាពយន្ត​បែប​កំប្លែង

 

ចេញ​បញ្ចាំង​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ខាង​មុខ​នេះ “The Mermaids” នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ខ្សែ​ភាពយន្ត​កំពូល​ៗ​ជា​ច្រើន​ដូច​ជា “The Monkey King 2” , “Crouching Tiger, Hidden Dragon: Sword of Destiny” និង “From Vegas to Macau III”។

 

អំពី​បញ្ហា​នេះ Chow បាន​និយាយ​ថា៖ “ឈ្នះ​ឬ​ចាញ់​មិន​ជា​បញ្ហា​ទេ អ្វី​ដែល​​ខ្ញុំ​ចង់​បាន​ គឺ​​ធ្វើ​យ៉ាង​ណា​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​ថា​វា​ជា​ចំណី​អារម្មណ៍​ថ្មី ប្លែក​សម្រាប់​ពួក​គាត់” ៕

 

ចុចអាន៖ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

ចុចអាន៖កុំកុំ ចូវ យុនហ្វាត ​ទិនហ្វី និង Aaron Kwok ត្រៀម​​ប្រកួត​គ្នា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ zing