ភុំ សារ៉ាយជួបជាមួយវង្ស ស៊ីថៃលើសង្វៀន K-Cement

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV ថ្ងៃទី​២៣​មករា អ្នក​ប្រដាល់​ភុំ សា​រ៉ា​យ​ក្លិប​កងពលតូច​លេខ ៣១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វង្ស ស៊ី​ថៃ​របស់​ក្លិប​កងពលតូច​លេខ ៧០ ។​

     ​នេះ​ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់ និង អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា ។ កាលពី​ប្រមាណ​ជិត​១០​ឆ្នាំ​មុន​ពួកគេ​ទាំង​២​ធ្លាប់​ជួប​ប្រកួត​គ្នា​ ញឹកញាប់​ដែរ​ដោយមាន​ឈ្នះ​ចាញ់​ទៅវិញទៅមក​តែមួយ​រយៈកាល​ដ៏​វែង​នេះ​ពួក​គេ​ ខាន​ជួបគ្នា​យូរហើយ​។​

​    ​សម្រាប់​ស៊ី​ថៃ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​ភាព​អំណត់​ខ្ពស់ និង មាន​ផ្លែ​ល្អ​ពិសេស​ស្នៀត​ជង្គង់​-​កែង និង​កណ្ដាប់ដៃ មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​រូបនេះ​ក៏​ការពារ​បានល្អ​ដែរ ។​

​    ​ចំពោះ​សា​រ៉ា​យ​វិញ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ និង ស្នៀត​ទាត់​ផ្កាប់​ចាន​ផ្ដាច់​ព្រលឹង ។​សា​រ៉ា​យ​វ៉ៃ​មិនចេះ​ប្ដូរ​ឡើយ​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មាន​ប្រសិទ្ធិភាព​ ខ្លាំងណាស់ ។​

​    ​សម្រាប់​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា មិនតែប៉ុណ្ណោះ​ទាំងសងខាង​ក៏​អាច​ផ្ដួល​គ្នា​បាន​មុន​ទឹក​ទី ៥ ដែរ ។ ចាំមើល​ជ័យជំនះ​ជា​របស់​ភុំ សា​រ៉ា​យ ឬ ជា​របស់ វង្ស ស៊ី​ថៃ ?

​    ​ឡុង សុ​វ​ណ្ន​ពៅ​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហ៊ា ច័ន្ទ​ថន​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​

​    ​ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​ហើយ​មួយរយៈ​នេះ​គេ​មិនសូវ​មានឱកាស ​បាន​ឡើង​ប្រកួត​ឡើយ​ព្រោះ​ អ្នក​ប្រដា​ល់វ័យ​ចំណាស់​ចាប់​គូ​មិនសូវ​បាន​នោះទេ ។​សម្រាប់​គូ​នេះ​គេ​ជឿថា​អាច​នឹង​ប្រកួត​គ្នា ៥ ទឹក​ហើយ​សម្រាប់​អ្នកឈ្នះ និង អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន ។​

​    ​កន្លងមក​អ្នក​ប្រដាល់​ទាំង ២ រូ​បន​ហ​ធ្លាប់​ជួប​ប្រកួត​គ្នា​២-៣​ដង​ដែរ​ដោយមាន​ឈ្នះ​ចាញ់​ទៅវិញទៅមក ។​សម្រាប់​ការប្រកួត​លើក​នេះ​មិនដឹងថា​ជ័យជំនះ​ជា​របស់​ឡុង សុវណ្ណ​ពៅ ឬ ជា​របស់​ហ៊ា ចាន់ថន​នោះ​ឡើយ ។​

​    ​កែវ ប៊ុនធឿន​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វេន សំណាង​របស់​ក្លិប​សាល​វ័​ន្ដ​កីឡា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ពួកគេ​ជា​អ្នក​ប្រដាល់​ដែល​មិនសូវ​មានឈ្មោះ​បោះ​សម្លេង​នោះទេ​តែបើ​តាម​ ការអះអាង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​ពួកគេ​វ៉ៃ​បានល្អ​គ្រាន់បើ ។​

​     ​ឆៃ​យ ស៊ី​សុវណ្ណ​ក្លិប​សៅ យ៉ាន់​នាគា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សាង សី​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ ផាន រះ​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេក គឹម​សៀង​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ។​
​    ​