​ទម្លាប់​អាក្រក់​ដែល​ផ្តល់​ហានិភ័យ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​

​ទម្លាប់​អាក្រក់​ដែល​ផ្តល់​ហានិភ័យ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​

​ប្រព័ន្ធ​ភាពស៊ាំ​គឺជា​ប្រព័ន្ធ​ការពារ​រាងកាយ​ដំបូង​គេ​របស់​មនុស្ស​ហើយ​ក៏​ផ្តល់​ជា​តួនាទី​ដ៏​សំខាន់​មួយ​សម្រាប់​រាងកាយ​ដែរ​។ វា​ជួយ​ការពារ​រាងកាយ​ពី​មេរោគ​ដែល​បង្ក​ជំងឺ និង​ឆ្លង​រោគ​បាន​។ ការចុះ​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​អាច​នាំឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ដោយសារ​តែ​រាងកាយ​មិន​អាច​គ្រប់គ្រង​បាក់តេរី និង​មេរោគ​ដែល​ឆ្លង​រាល់ថ្ងៃ​បាន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​បាន​។

​គ្រឿង​ស្រវឹង​
តាម​ការសិក្សា​បាន​អះអាងថា ឥទ្ធិពល​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពិតជា​អាច​បំផ្លាញ​កោសិកា​អង់​ទីករ ដែល​ជា​កោសិកា​ដ៏​សំខាន់​សម្រាប់​សម្លាប់​បាក់តេរី ឬ​វីរុស​បង្ក​ជំងឺ​បាន​។ អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ទំនងជា​អាច​មាន​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន និង​ឆ្លង​ជំងឺ​ដូចជា​ជំងឺរបេង​ជាដើម​។

ធាត់​ជ្រុល​
ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នក​ធាត់​ជ្រុល​អាច​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ជាង​មនុស្ស​ធម្មតា​។ រឿងនេះ​ក៏​ត្រូវការ​ការសិក្សា​ផ្សេងទៀត​ដើម្បី​រក​ឃើញ​នូវ​ទំនាក់ទំនង​ផ្ទាល់​រវាង​ការ​ធាត់​ជ្រុល និង​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​រោគ​ដោយ​សារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។

គេង​មិនបាន​គ្រប់គ្រាន់​
ការ​ដែល​មាន​ទម្លាប់​គេង​មិនបាន​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​កាត់បន្ថយ​កោសិកា​សម្លាប់​មេរោគ​បាន​។ ការសិក្សា​បានឲ្យដឹងថា បុរស​ដែល​គេង​ត្រឹមតែ ៤​ម៉ោង​ក្នុង​មួយ​យប់​ក្នុង​មួយ​សប្តាហ៍ គឺ​មាន​អង់​ទីករ​ការពារ​ជំងឺ​ផ្តាសាយ​តិច​ជាង​អ្នក​គេង​គ្រប់គ្រាន់​ពី ៧​ម៉ោង​កន្លះ ទៅ ៨​ម៉ោង​កន្លះ​ជា​រៀងរាល់​យប់​។

ប្រើ​ថ្នាំ​ផ្សះ​ច្រើនពេក​
ការប្រើ​ថ្នាំ​ផ្សះ​ច្រើនពេក​អាច​ធ្វើឲ្យ​ស៊ាំ​ថ្នាំ និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​តាមរយៈ​ការកាត់បន្ថយ​សារធាតុ Cytokines​។ ចូរ​ប្រើ​ថ្នាំ​ផ្សះ​តែ​ក្នុងពេល​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី និង​បញ្ចប់​វា​ទៅ​តាម​វេជ្ជបញ្ជា​។

កង្វះ​ការ​ហាត់ប្រាណ​
ការ​កង្វះ​ការ​ហាត់ប្រាណ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ប្រឈម​កាន់តែខ្លាំង​នឹង​ការបង្ក​រោគ និង​ជំងឺ​។ ការសិក្សា​បានឲ្យដឹងថា ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​តាមរយៈ​បង្កើន​ចំនួន​កោសិកា​គ្រាប់​ឈាមស​ក្នុង​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ការបង្ក​ជំងឺ​គ្រប់​ប្រភេទ​។

កង្វះ​អនាម័យ​
ការ​មាន​អនាម័យ​ត្រឹមត្រូវ​ប្រហែល​ជា​គ្មាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទេ ប៉ុន្តែ​វា​អាច​ជួយ​បង្ការ​ជំងឺ និង​ការបង្ក​រោគ​បាន​ទៀត​។ ការ​ដែល​រស់នៅ​គ្មាន​អនាម័យ អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ពិបាក​ធ្វើ​ការងារ​របស់​វា ព្រោះ​អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​មាន​គ្រោះថ្នាក់​ដោយសារ​តែ​ជំងឺ​ស្រាប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។