លោក Wenger បារម្ភ​ពី​ការ​​គំរាម​របស់ Chelsea នៅមុន​ពេល​ជួប​គ្នា​​ថ្ងៃអាទិត្យនេះ

លោក Arsene Wenger បាន​ធ្វើការ​ព្រមាន​ដល់ក្រុម Arsenal កុំ​ឲ្យ​មើល​ស្រាល​ទៅលើក្រុម​ធ្លាក់​ទម្រង់​លេង Chelsea ខណៈ​ដែលក្រុមកំពុង​នាំមុខៅលើ​កំពូល​តា​រាង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ នឹង​សម្លឹង​រក​ការ​បញ្ចប់​សំណាង​អាក្រក់​ក្នុង​រយៈ​ពេល​ដ៏​យូរ​របស់​ពួក​គេ​នៅ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុម​ស្ថិតក្នុង​ទីក្រុង​​ឡុងដ៍​តែមួយ​។ ការ​ទទួល​ជ័យ​ជម្នះ ១-០ របស់​ក្រុម​កាំ​ភ្លើង​ធំ​លើ​ក្រុម Chelsea ក្នុង​ការ​ប្រកួត​ពាន Community Shield កាលពី​ខែ​សីហា គឺ​ជា​ការ​ទទួល​ជោគ​ជ័យ​ជា​លើក​ទី​មួយ​របស់​លោក Wenger នៅ​ពេលប្រកួត​ជា​មួយ​នឹង​ក្រុម​លោក Jose Mourinho ក្នុង​ចំណោមការ​ប្រកួត​១៤​លើក​។ ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះនោះ​នៅ​កីឡ​ដ្ឋាន Wembley បាន​បង្ហាញ​ពី​ការ​​ធ្លាក់​ចុះ​ទៅ​វិញ​សម្រាប់​ក្រុម Arsenal ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ពួកគេ​ក្នុងការ​បញ្ចប់​​ការ​គ្រប់​គ្រង​របស់​ក្រុម Chelsea ក្នុង​ការ​ប្រកួត​នៅ​ទីក្រុង​តែ​មួយ​រវាង​ក្រុម​ទាំង​ពីរ​។

cambo1ក្រុម​របស់​លោក Wenger បាន​​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-០ នៅ​កីឡ​ដ្ឋាន Stamford Bridge កាល​ពី​ខែ​កញ្ញា ក្នុង​យុទ្ធ​នាការ​មួយ​ក្នុង​ចំណោម​យុទ្ធ​នា​ការ​ដ៏​វេទនា​សម្រាប់ក្រុម Chelsea ដែល​បាន​ចែក​ផ្លូវ​ជា​មួយនឹង​លោក Mourinho ហើយ​បច្ចុប្បន្ន កំពុង​តែ​ស្ថិតក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​លោក Guus Hiddink នៅ​មុន​ពេល​ការ​ប្រកួតនៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​​កីឡ​ដ្ឋាន Emirates​។

ការ​រង​បរា​ជ័យ​នោះ​មានន័យ​ថា ក្រុម Arsenal​ មិន​បាន​ទទួល​​ជ័យ​ជម្នះ​សោះក្នុង​ចំណោម​ការ​ជួប​គ្នាក្នុងការ​ប្រកួតលីក​៨​លើក​ចុង​ក្រោយ​ជា​​មួយ​​នឹងក្រុម Chelsea បើគិត​ចាប់​​តាំង​ពី​ការ​ទទួល​ជ័យ​ជម្នះ​លើក​ចុង​ក្រោយរ​បស់​ពួកគេ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះ​គឺ​ថា ពួកគេមិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សូម្បី​តែ​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​៥​លើក​​ចុង​ក្រោយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​នោះ​។ លោក Wenger បាន​ឲ្យ​ដឹង​ថា៖ «ពួក​គេ​មិនមែន​ជា​ក្រុម​ប្រជែង​ដណ្តើមពានឡើយ ប៉ុន្តែ ខ្ញុំ​ដឹង​ពីភាពខ្លាំង​​របស់​ពួក​គេ​។ នៅ​រដូវកាលនេះ ពួក​គេ​ស្ថិតក្នុង​កាលៈ​ទេសៈ​មិន​ធម្ម​តា​មួយ ហើយពួកគេ​នឹង​វិល​ទៅ​រក​ភាពខ្លាំង​វិញ​។ ខ្ញុំ​ចាត់​ទុក​ពួក​គេ​ជា​គូ​ប្រជែង​ដោយ​ផ្ទាល់​»​។ ការ​ប្រកួតនៅ​រាត្រីនេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​១១​យប់​៕

ការ​ជួប​គ្នា​បីលើក​ចុ​ង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

19.09.15 Chelsea 2-0 Arsenal

02.08.15 Arsenal 1-0 Chelsea

26.04.15 Arsenal 0-0 Chelsea