ក្រុម Cambodian All Stars ​ប៉ះ​ Buriram United ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ

ក្រុម Cambodian All Stars ​ប៉ះ​ Buriram United ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ

ការ​ប្រកួត​​បាល់​ទាត់​មិត្ត​ភាព​អន្តរជាតិ​​រវាង​ក្រុម​ Cambodia All Stars ​​និង​​ក្រុម​ម្ចាស់​​ជើង​ឯក​​នៃ​លីគ​កំពូល​​​ថៃ​ Buriram United ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៦:៣០​នាទៅ​ល្ងាច​ថ្ងៃ​នេះ​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចាំ​មើល​ក្រុម​កម្ពុជា​ដែល​ទើប​តែ​យក​ឈ្នះ​ក្រុម Muangthong United ​នៅ​សប្ដាហ៍​មុន អាច​បង្ក​ព្យុះភ្លៀង​ទៀត​បាន​អត់​ពេល​ប៉ះ Buriram ?

 

ក្រុម Cambodian All Stars ​ប៉ះ​ Buriram United ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ

 

អ្វី​ដែល​ត្រូវ​ដឹង

ក្រុម​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា Cambodian All Stars ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៦ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​។ ​នា​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២០១៦ ក្រុម​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម SCG Muangthong United ​ ៤​-៣​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

ដោយ​ឡែក​សម្រាប់​ក្រុម​​ម្ចាស់​ជើង​ឯក​នៃ​លីគ​កំពូល​របស់​ថៃ​ Buriram United ​វិញ​​ មិនទាន់​ស្គាល់​​ពាក្យ​ថា​ ​ចាញ់​មួយ​ប្រកួត​ឡើយ ​ក្នុង​ការ​ប្រកួត​សន្សំ​​ពិន្ទុ​ក្នុង​លីគ​កំពូល​របស់​គេ​នា​​ឆ្នាំ​២០១៥ កន្លង​ទៅ​​ពោល​​គឺ​​​​ក្នុង​ចំណោម​៣៤ ​ប្រកួត​ឈ្នះ​២៥ និង​ស្មើ​៩​ ដង​យក​បាន​ ៨៤​ពិន្ទុ។ ​កាល​ពី​​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ក្រុម​នេះ​បាន​យក​ឈ្នះ​ Muang Thong United ៣-១​ ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ពាន​លីគ ​Cup 2015​ របស់​​ប្រទេស​ថៃ​ទៀត​ផង។ ​ក្រុម​មួយ​នេះ ក៏​ធ្លាប់​យក​ឈ្នះ​ក្រុម​បឹងកេត​អង្គរ ១-០ ​នៅ​ទឹក​ដី​ថៃ ​លើក​ពាន Toyota Mekong Cup 2015 ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ផង​ដែរ។

 

ជើង​កីឡាករ

 

ក្រុម Cambodian All Stars ​ប៉ះ​ Buriram United ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ

 

លោក ប្រាក់ សុវណ្ណារ៉ា ​បាន​ហៅ​កម្លាំង​បន្ថែម​ពី​ខាង​ក្រុម​ជម្រើស​ជាតិ​ប​ទៀត​ ដើម្បី​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន​ ពោល​គឺ​ពួកគេ​បាន​ហ្វឹកហាត់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ។ កីឡាករ ធារី ចន្ថាប៊ីន ​បាន​និយាយ​មុន​ប្រកួត​នេះ​ថា​៖ “យើង​បាន​ហ្វឹកហាត់​ជាមួយ​គ្នា​ជិត​៣​សប្ដាហ៍​មក​ហើយ។ យើង​មាន​អារម្មណ៍​ល្អ ពេល​បាន​លេង​ជាមួយ​ក្រុម Buriram ។ យើង​នឹង​ប្រឹង ១០០​% ​ដើម្បី​យក​ជ័យជម្នះ”។

 

ក្រុម Buriram United ​បាន​បញ្ជាក់​ថា ​ពួកគេ​នឹង​ប្រើ​កីឡាករ​ជម្រើស​ដំបូង​របស់​គេ ដោយ​មិន​ទុក​ជើង​នោះ​ទេ។ ក្រុម​ថៃ​មួយ​នេះ នឹង​ដាក់​កីឡាករ​ដែល​ទើប​តែ​ទិញ​ឱ្យ​ចូល​លេង​ផង​ដែរ ហើយ​ពួកគេ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព។

 

សម្ដី​គ្រូ​បង្វឹក

លោក​ ប្រាក់ សុវណ្ណារ៉ា ​បាន​និយាយ​ថា​៖ “ប៉ះ​ Buriram ​លើក​មុន​គឺ​ខុស​ពី​លើក​នេះ។ ពួកគេ​មាន​កីឡាករ​ថ្មី បរទេស​ច្រើន ​ដែល​អាច​នឹង​ពង្រឹង​សមត្ថភាព​ក្រុម​កាន់​តែ​ខ្លាំង។ តែ​ខាង​យើង​ក៏​មិន​អន់​ដែរ យើង​បាន​ថែម​កម្លាំង​ច្រើន ហើយ​សង្ឃឹម​ថា​ធ្វើ​បាន​ល្អ​នៅ​ពេល​ប្រកួត”។

 

ចំណែក​ឯ​លោក Tadtheap Pitakpunsin​ អគ្គនាយក​របស់​ក្រុម Buriram United ​បាន​និយាយ​ដែរ​ថា​៖ “ប្រាក់ សុវណ្ណារ៉ា ​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់ យើង​បាន​ស្គាល់​គាត់​ម្ដង​មក​ហើយ​នៅ​ប្រទេស​ថៃ។ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា យើង​មិន​យក​ឈ្មោះ​ប្រទេស​ថៃ​មក ចោល​នៅ​កម្ពុជា​នោះ​ទេ យើង​ត្រូវ​ការ​ឈ្នះ​ត្រលប់​ទៅ​វិញ”។

 

​ជំនួប​មិត្ត​ភាព​​រវាង​ក្រុម​ទាំង​ពីរ​​នេះ​​ធ្វើ​ឡើង ដើម្បី​ប្រមូល​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​យក​ទៅ​ប្រគល់​ជួន​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​សំបុត្រ​មាន​លក់​តម្លៃ ២​ដុល្លារ​និង​១​ដុល្លារ៕

 

ក្រុម Cambodian All Stars ​ប៉ះ​ Buriram United ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​