ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ បើ​កុំ​តែ​មាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​ទប់ស្កាត់​ការ​រត់ពន្ធ​ឈើ​ខុសច្បាប់ និង​ការ​កាប់​បំផ្លាញ​ឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន ម្ល៉េះ​គ្មាន​នរណា​ដឹង​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​មាន​ទំហំ​មហាសាល​បែប​នេះ​ឡើយ​។ លុះ​មានការ​ត្រួតពិនិត្យ​ទើប​ដឹង​ថា ក្រុមហ៊ុន​ខ្លះ​ដែល​ចូល​មក​វិនិយោគ នៅ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្ត​តំបន់​ភាគ​ឦ​សាន្ត​ផ្សេង​ទៀត លើ​វិស័យកសិឧស្សាហកម្ម កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​នឹង​ចិត្ត ។

ក្រៅពី​ការ​ប្រមូល​ឈើ​ក្នុង​ដែនដី​របស់​ក្រុមហ៊ុន ជា​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​សុទ្ធ​សឹង​ដី​ព្រៃ​រិចរឹល ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍ និង​ស្តារ​ធនធានធម្មជាតិ​ឡើង​វិញ ក្នុង​លក្ខខណ្ឌ​មិន​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ប្រជាជន​ក្នុង​តំបន់ បែរជា​ថៅកែ​ក្រុមហ៊ុន​មាន​ខ្លះ​ជា​ជនជាតិ​បរទេស និង​ខ្លះ​ជនជាតិ​ខ្មែរ បាន​ធ្វើការ​ប្រមូល​ទិញ​ឈើ​យ៉ា​ង​រង្គាល ឬ​ដាក់​កម្លាំង​ឲ្យ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់ហាមឃាត់ និង​តំបន់​អភិរក្ស បង្ក​ឲ្យ​ធនធាន​ព្រៃឈើ​ទាំងនោះ​រង​នូវ​ភាព​មហា​វិនាស​ស្ទើរ​គ្មាន​សល់ ។

ទាក់ទិន​កំណាត់ឈើ​ដែល​គេ​ឃើញ​នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​មុន​នេះ មន្ត្រី​ជំនាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បកស្រាយ​ថា ឈើ​ទាំងនោះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ។ ប៉ុន្តែ​ពេល​នេះ​ឈើ​ទាំង​អស់នោះ​បែរជា​គ្មាន​ច្បាប់ និង​ត្រូវ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ធ្វើការ​ឃាត់​ទុក​មិន​ឱ្យ​យក​ចេញ រាប់​ពាន់​កំណាត់ និង​កន្លែង​ខ្លះ​ទៀត​ដោយ​មើលឃើញ​ថា ទ្វារ​គុក​កាន់តែ​ចូល​កៀក​នោះ ខ្លះ​បាន​ដុត​ចោល​គួរ​ឱ្យ​មានការ​សោកស្តាយ​បំផុត ព្រោះ​កន្ទេល​ធំ​បន្លំ​ដេក​លែង​បាន ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ មន្ត្រី​ជំនាញ​ព្រៃឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី បាន​ចុះ​ត្រួតពិនិត្យ​និង​ធ្វើការ​បង្ក្រាប​ឈើហុប​រាប់រយ​រាប់​ពាន់​ម៉ែត្រគូប ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ប៊ិ​ញ​ភ្វឿ​ក ដែល​គំនរ​ឈើ​ទាំងនោះ​ធ្លាប់​ត្រូវ​បាន​លោក រឿង សុ​ផាត តែង​ពោល​ថា​មានច្បាប់​ចុះ​ហេតុ​អ្វី​ក៏​គេ​ដុត​ចោល​ទៅ​វិញ ? ។

ចំណែក​លោក សំ​រ៉​ង ឌី​វិចិត្រ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ដែល​កន្លង​មក​ក៏​ធ្លាប់​អះអាង​មិន​ដាច់​ពី​មាត់​ប្រាប់​កោះសន្តិភាព​ថា គ្រប់​ឈើ​ដែល​នាំ​ចេញពី​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ក្រុមហ៊ុន​ដាយ​ណា​ម ក្រុមហ៊ុន​ម៉ាស​ស្ទើ​ខេ​សាន់ សុទ្ធតែ​មានច្បាប់ អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ តែ​ពេល​នេះ​បែរជា​ត្រូវ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ រក​ឃើញ​ថា ភាគច្រើន​គឺ​គ្មាន​ច្បាប់​ទេ ជា​ចោរ​សុទ្ធសាធ ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ជា​ច្រើន​ដង​ពី​លោកនាយក​ដែន​ជម្រក​សត្វ​តាម​រយៈ​ទូរស័ព្ទ តែ​ហៅ​ចូល​ហើយ​គ្មាន​អ្នកឆ្លើយ​តប ។ គ្រាន់តែ​ក្នុង​ប៉ុន្មាន​ករណី​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​រត់ពន្ធ​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ព្រោះ​គ្រប់​ជំនាញ​ទាំងអស់​សុ​ទ្ឋ​តែ​ដឹង​ថា ឈើ​ដែល​ក្រុម​អស់លោក​ឧកញ៉ា​ខ្លះ​កំពុង​រកស៊ី​កន្លង​មក​នោះ គឺ​គ្មាន​ច្បាប់ តែ​អស់លោក​ជា​មន្ត្រី​ជំនាញ​បែរជា​ខិតខំ​ជួយ​សម្រួល​ដល់​ការ​រត់ពន្ធ​ឈើ​ទាំងនោះ បាន​យ៉ាង​រលូន ដោយ​គ្មាន​ការ​រំខាន​បន្តិច​សោះ ។

លុះត្រា​មាន​បទបញ្ជា​ដាច់ខាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្ក្រាប​ឈើ​ខុសច្បាប់ ទើប​អស់លោក​មន្ត្រី​ដែល​នៅ​មើល​ការ​ខុស​ត្រូវ​ក្នុង​មូលដ្ឋាន​កម្រើក​សរសៃ​យ៉ាង​ចម្លែក រត់​ទៅ​ចាប់​ឯលិច​ផង ឯកើត​ផង នៅ​តែ​ចាប់​មិន​ឈ្នះ​ត្បិត​ឈើ​មួយ​ចំនួន​ធំ​ត្រូវ​បាន​គេ​ដុត​បំផ្លាញ នឹង​យក​ទៅ​កប់​ក្នុង​ដី​ដែល​មិន​អាច​រក​ឃើញ​សូ​ម្បី​មួយ​ដុំ ។

ប្រតិបត្តិការ​បង្ក្រាប​ឈើ​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ត្រូវ​គេ​មើលឃើញ​ថា មន្ត្រី​ជំនាញ​បាន​ចាប់​ឃាត់​ឈើ​ល្មើសច្បាប់​បាន​ចំនួន​រាប់​ពាន់​កំណាត់​រួច​មក​ហើយ នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​បន្ត ។ តែ​ទោះជា​យ៉ាងណា​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២១ មក​រា ២០១៦ កោះសន្តិភាព​នៅ​មិន​ទាន់​ទទួល​របាយការណ៍​លំអិត ពី​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ពី​ចំនួន​ក្រុមហ៊ុន​និង​ចំនួន​ឈើ​ដែល​បាន​បង្ក្រាប​នៅឡើយ​ទេ ព្រោះ​ហាក់ដូចជា​មានការ​លាក់លៀម​ពី​មន្ត្រី​ជំនាញ ។

បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​មិន​ត្រឹមតែ​មាននៅ​តាម​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ដី​សម្បទាន​ទេ សូ​ម្បី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន​ប្រវែង​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ ក៏​សម្បូរ​សកម្មភាព​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។ ក្នុង​នោះ​ច្រករបៀង​មួយ​ចំនួន​ដែល​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ ក្នុងស្រុក​កែវ​សីមា​មាន ច្រក​បា​ឡា​ង ច្រក​ឡា​ប៉ា​ខេ ច្រក​ង៉ាំ​ដី ច្រក​ង៉ាំ​បា​វ៉េ ច្រក​ង៉ាំ​យូ​លិ​ត ស្រុក​អូរ​រាំង​មាន ច្រក​ទួល​ស្វាយ ច្រក​ដាក់​ដាំ ច្រក​ឡាំ​ប៉ឹ​ក ស្រុក​ពេ​ជ្រា​ដា មាន​ប៉ុស្តិ៍​៧ ច្រក​អូរ​តាំ​កន ប៉ុស្តិ៍​៦ ប៉ុស្តិ៍​៥ ប៉ុស្តិ៍​៤ ។ ចំណែក​នៅ​ស្រុក​កោះ​ញែក មាន​ច្រក​អូរ​រូ ច្រក​ម្រើ​ច នឹង​ប៉ុស្តិ៍​៣ ជាដើម ។

ភាព​អំណោយផល​ចំពោះ​ក្រុម​ឈ្មួញ​ដែល​នាំ​ឈើ​ចូល​ទៅ​ប្រទេស​វៀតណាម ដោយសារ​តែ​គ្រប់​បណ្តា​ច្រករបៀង​ក្នុងស្រុក​អូរ​រាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក គឺ​ស្ថិត​នៅ​តំបន់​ការពារ​សត្វព្រៃ​ណាំ​លៀ គ្រប់គ្រង​ដោយ ក្រសួងបរិស្ថាន និង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ។
ចំណែក​ច្រករបៀង​ទាំងអស់​នៅ​ស្រុក​កែវ​សីមា មាន​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ជា​កន្លែង​សម្បូរ​ឈើប្រណិត​ៗ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

សេចក្តីរាយការណ៍​ដោយឡែក​មួយ ពី​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​រវាង​ខេត្តរតនគិរី​ និង​មណ្ឌលគិរី បន្ទាប់​ពី​មានការ​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន​ដែល​កាប់​ឈើ​ខុសច្បាប់ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រួច​មក​មាន​ក្រុមហ៊ុន​ខ្លះ ក៏​បាន​យក​គ្រឿងចក្រ​កាយ​រណ្តៅ កប់​ឈើ​អត់​ច្បាប់​ដែល​កាប់​ចេញពី​តំបន់​ជំរក​សត្វព្រៃ​លំ​ផាត់ ។

លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន ចូល​ពិនិត្យ​គំនរ​ឈើ​ក្នុង​ឃ្លាំង​ឧកញ៉ា​ទ្រី​ភាព ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មក​រា លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​ដំណើរ​ជាមួយនឹង​មន្ត្រី​ជំនាញ​ជា ច្រើន​រូប​ទៀត បាន​ចូល​ទៅ​ពិនិត្យ​ឃ្លាំង​ឈើ​របស់​ឧកញ៉ា ទ្រី ភាព នៅ​ចំណុច​វាយ​ថ្ម ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន បន្ទាប់​ពិនិត្យ​មើល​គំនរ​ឈើ​នៅ​ក្នុង​ឃ្លាំង​របស់​ឧកញ៉ា ទ្រី ភាព ហើយ ក៏​បន្តដំណើរ​តាម​ឧទ្ធម្ភាគចក្រ ទៅ​ពិនិត្យ​មើល​គំនរ​ឈើ នៅ​ក្នុង​ក្រុមហ៊ុន វា​វី​អគ្គិសនី​សេ​សាន​ក្រោម​២ របស់​ក្រុមហ៊ុន បាត​អាង ស្ថិត​នៅ​ភូមិ​ស្រែ​.​គ ឃុំ​ស្រែ​.​គ ស្រុក​សេ​សាន ។

រហូត​ដល់​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២១ មក​រា  មន្ត្រី​រដ្ឋបាល​ព្រៃឈើ មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ពី​ចំនួន​ឈើ នៅ​ក្នុង​ឃ្លាំង​ឧកញ៉ា ទ្រី ភាព នៅឡើយ​ទេ ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​ទី​២០ មក​រា ។

ទោះបីជា​មិន​ទាន់​ដឹង​ពី​ទិន្នន័យ​ឈើ​យ៉ាងណា មន្ត្រី​ជំនាញ​បានឱ្យ​ដឹងផង​ដែរ​ថា កំពុង​តែ​ពិនិត្យ លើ​ឯកសារ​ពាក់ព័ន្ធ​ជា​ជំហាន ព្រោះ​ឯកសារ​ឈើ​មាន​ច្រើន ជាមួយ​និង​ចំនួន​ឈើ​ជាក់ស្តែង ដែល​មាន​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

គួរ​បញ្ជាក់​ថា ​៖ គំនរ​ឈើ​ជា​ច្រើន​ពាន់​ដុំ ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព ចំនួន​២​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​ត្រួតពិនិត្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ដែល​សមត្ថកិច្ច​អះអាង​ថា មិនមែន​មក​ចាប់​ទេ គឺ​មក​ពិនិត្យ​មើល តើ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​ឬ​អត់ ។

ប្រតិបត្តិការ​នេះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន​ខេត្តស្ទឹងត្រែង កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​ស្តុក​ឈើ នៅ​ចំណុច​គល់​ស្ពាន​សេ​កុង ភូមិ​លើ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​១០​ព្រឹក ។ ដោយឡែក​ម៉ោង​១២​ថ្ងៃត្រង់ កម្លាំង​សមត្ថកិច្ច​ដដែល បាន​ចូល​ទៅ​ឃ្លាំង​ស្តុក​ឈើ ស្ថិត​នៅ​ភូមិ សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ដែល​ដឹង​ថា ឃ្លាំង​នេះ​ជា​ចំណុច​ប្រមូល​ឈើ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ា​ង យក​ស្តុក​ទុក ហើយ​បន្ត​ដឹក​ជញ្ជូន​មក​ស្តុក​នៅ​ក្នុង​ឃ្លាំង ចំណុច​គល់​ស្ពាន​សេ​កុង ក្រុង​ស្ទឹង ត្រែង​៕​