​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ ដែល​មិន​គោរព​ក្រមសីលធម៌​

ភ្នំពេញ: សំដៅ​លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ ដើម្បី​កាត់បន្ថយ​លំហូរ​ការចេញ​ទៅពិនិត្យ និង​ព្យាបាល​សុខភាព​នៅក្រៅ​ប្រទេស​ ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា​នឹង​លុបឈ្មោះ​គ្រូពេទ្យ​រដ្ឋ និង​ឯកជន​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ចេញពី​គណៈ​គ្រូពេទ្យ​កម្ពុជា

​ការព្រមាន​ចាត់វិធានការ​ដ៏​តឹងរឹង​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ ស្រប​ពេលដែល​វិស័យ​សុខាភិបាល​កម្ពុជា រង​ការរិះគន់ ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ប្រជាពលរដ្ឋ​ថា គ្រូពេទ្យ​មួយចំនួន​ប្រើពាក្យ​គ​ម្រោះ​គម្រើយ ខ្វះ​សីលធម៌ មើលងាយ​ប្រជាពលរដ្ឋ និង​ទុក​អ្នកជំងឺ​ក្រីក្រ​ចោល​មិន​ព្រម​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន អឹម​រ៉ា​យ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា ចាប់ពីពេលនេះ​ទៅ​ចំពោះ​គ្រូពេទ្យ​ទាំងឡាយណា ដែល​រំលោភបំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ​គណៈ គ្រូពេទ្យ​នឹងដាក់​ពិន័យ​រដ្ឋបាល ដូចជា ការស្តីបន្ទោស ការដក​សញ្ញាបត្រ ហើយ​ករណី​ធ្ងន់ធ្ងរ និង​ឈាន ដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ​កម្ពុជា​មិន​អនុញ្ញាតឱ្យ​ប្រកប​វិជ្ជាជីវៈ​ជា​ពេទ្យ​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា មុននឹង​ឈានដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ​នេះ  ក្រសួង និង​គណៈ​គ្រូពេទ្យ​កម្ពុជា​នឹងធ្វើ​ការអប់រំ​ណែនាំ​ក្រើនរម្លឹក ដើម្បីឱ្យ​គ្រូពេទ្យ​ទាំងនោះ មានការ​យល់ដឹង​បន្ថែមទៀត ឈានទៅ​ផ្លាស់ប្តូរ​ឥរិយាបថ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​ឡើងវិញ​។​

​លោក​រដ្ឋមន្ដ្រី​បានស្នើ​ដល់​គ្រូពេទ្យ​ទាំងអស់ ត្រូវ​ពង្រឹង​ជំហរ​ក្នុង​ការផ្តល់សេវា​ព្យាបាល​ប្រកបដោយ​គុណភាព និង​គោរព​ក្រមសីលធម៌​ឡើងវិញ សំដៅ​លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ៕​