គេ​គ្មាន​ជំនឿ​ទៅលើ​ការព្រមាន​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​បណ្ដោយ​ឲ្យ​ប្រពន្ធ​លូកដៃ​ចូល​កិច្ចការ​របស់ខ្លួន​នោះ បាន​ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ​ដែល​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ចំពោះ​អ្នកជំងឺ​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃថា ការព្រមាន​របស់លោក ម៉ម ប៊ុនហេង អាច​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ទម្លាប់​អាក្រក់​កំពុង​រាលដាល​យ៉ាងខ្លាំង​ទាំង​នៅក្នុង​ក្រសួងសុខាភិបាល ក៏ដូចជា​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​។ ប្រការ​នេះហើយ​ទើប​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា​នៅតែមាន​ភាពទន់ខ្សោយ បើទោះបី​រាជរដ្ឋាភិបាល​បង្កើន​ថវិកា​ចំណាយ​ទៅលើ​វិស័យនេះ​ក៏ដោយ​។

​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ា​ស៊ិន​អឹម​រ៉ា​យ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​មន្ទីរពេទ្យ​កាលម៉ែត លោក ម៉ម ប៊ុនហេង បាន​ព្រមាន​ថា​«​ចាប់ពីពេលនេះ​តទៅ​ចំពោះ​គ្រូពេទ្យ​ទាំងឡាយណា​ដែល​រំលោភបំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ គណ​គ្រូពេទ្យ​នឹងដាក់​ពិន័យ​រដ្ឋបាល​ដូចជា ការស្ដីបន្ទោស ការដក​សញ្ញាបត្រ ហើយ​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ឈានដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ជា​ពេទ្យ​តែម្តង​»​។ លោក ម៉ម ប៊ុនហេង បាន​ព្រមាន​ទៀតថា មុននឹង​ឈានដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ​នេះ គឺ​ក្រសួង​និង​គណៈ​គ្រូពេទ្យ​កម្ពុជា​នឹងធ្វើ​ការអប់រំ​ក្រើនរំលឹក​ដើម្បី​ឲ្យ​គ្រូពេទ្យ​ទាំងនោះ មានការ​យល់ដឹង​បន្ថែមទៀត ឈានទៅ​ផ្លាស់ប្ដូរ​ឥរិយាបថ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ឡើងវិញ​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ការព្រមាន​របស់លោក ម៉ម ប៊ុនហេង គឺជា​រឿង​សមស្រប​ក៏ប៉ុន្តែ​ការព្រមាន​នេះ អាច​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​កន្លងមក​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​បាន​រិះគន់​ទៅលើ​សីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​តាម​បណ្ដា​មន្ទីរពេទ្យ​រដ្ឋ​មួយចំនួន​ទូទាំងប្រទេស​។ ក្នុងនោះ​គ្រូពេទ្យ​ដែល​ប្រឈម​នឹង​ការរិះគន់​ខ្លាំង​ជា​គេ គឺ​គ្រូពេទ្យ​ដែល​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ជាដើម ព្រោះ​សំដី​របស់​គ្រូពេទ្យ​និង​មន្ត្រីរដ្ឋបាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​អត់ទ្រាំ​យ៉ាងខ្លាំង​។ ជាក់ស្តែង​ថ្មីៗ​នេះ​ការរិះគន់​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​តាម​មន្ទីរពេទ្យ​រដ្ឋ ត្រូវបាន​មជ្ឈដ្ឋាន​នានា​ទទួលស្គាល់ថា​ជាការ​ពិត រហូតដល់​ប្រជាពលរដ្ឋ​ខ្លះ​ពេល​មាន​ជំងឺ​មិន​ហ៊ាន​ទៅ​មន្ទីរពេទ្យ​រដ្ឋ សុខចិត្ត​ដេក​ឈឺ​ស្លាប់​នៅផ្ទះ​៕

Morm-bunhenghលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល