ក្រុមហ៊ុន​ធី​ង៉ា របស់​យួន​បន្ត​បំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ

​ក្រុមហ៊ុន​ធី​ង៉ា​(Thy Nga) របស់​យួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ខ្សាច់ ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​លើកគ្នា​តវ៉ា​ប្រឆាំងនឹង​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន​ធី​ង៉ា ដែល​ប៉ះពាល់​ដល់​តំបន់​សម្រាប់​ពួកគាត់​លែង​ក្របី​គោ​។ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​មានការ​សម្របសម្រួល​ពី​មន្ត្រី​អាជ្ញាធរ​ផងដែរ ដោយ​រង់ចាំ​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ធី​ង៉ា​របស់​យួន​។

តាម​ប្រភពពី​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ស្រែ​ខ្សាច់ ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ពួកគាត់​៦៧​គ្រួសារ​បានស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​តំបន់​ដី​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ធី​ង៉ា ដោយ​រក្សាទុក​ដី​ប្រវែង​២០០​ម៉ែត្រ​ពី​ក្បាលដី​ស្រែចម្ការ​របស់​ពួកគាត់​។ តំណាង​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា ប្រសិនបើ​ក្រុមហ៊ុន​យួន​ឈូសឆាយដី​ទាំងនោះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលែង​គោក្របី​របស់​អ្នកភូមិ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិនអាច​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បាន​ទៀតឡើយ​។ ហេតុនេះហើយ​ទើប​ពួកគាត់​លើកគ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​យួន ព្រោះ​ក្រុមហ៊ុន​មួយ​នេះ កំពុង​ប្រើ​អំណាច​បំពាន​លើ​ការរស់នៅ​របស់​ពួកគាត់ ហើយ​មិន​អនុវត្តន៍​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​នោះទេ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​នៅ​ឃុំ​ដងកាំបិត បាន​លើកគ្នា​តវ៉ា​កាលពី​ថ្ងៃទី​១៩​និង​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿងនេះ​ជាបន្ទាន់​កុំ​ឲ្យ​ក្រុមហ៊ុន​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ អាជ្ញាធរ​ឃុំ​ដងកាំបិត បាន​ចេញមុខ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការតវ៉ា ដើម្បី​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ថា្នក់​លើ​ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​ការពារ​សិទ្ធិ​រស់នៅ​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ប្រសិន​បើក​ក្រុមហ៊ុន​ធី​ង៉ា របស់​យួន​នៅតែ​បន្តសកម្មភាព​ឈូសឆាយ​លើដី​មានទំនាស់​តទៅទៀត គឺ​ពួកគាត់​នឹង​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជាថ្មី ព្រោះ​ដីធ្លី​ជា​អាយុជីវិត​របស់​ពួកគាត់​៕

b4470bc3-222b-4104-95d6-76ae9dbbcc71