នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ លោក ស្មាន រ៉េត ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ លោក ស្មាន រ៉េត ត្រូវបាន​ពលរដ្ឋ​មូលដ្ឋាន​រិះគន់ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​កើតឡើង​នៅក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​រៀងរាល់ថ្ងៃ​តែ​លោក ស្មាន រ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្សេងទៀត​ធ្វើការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ផ្ទុយទៅវិញ​បែរជា​ចាំ​យកលុយ​ពី​រថយន្ត​ដឹកឈើ​ចេញពី​ក្នុងព្រៃ​ដែល​សកម្មភាព​នេះ​ជាការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។​

ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ លោក ស្មាន រ៉េត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​នោះ ត្រូវបាន​ប្រជា​សហគមន៍​រិះគន់ថា​មាន​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់ថ្ងៃ តែ​សមត្ថកិច្ច​ជំនាញ​គ្មាន​វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា ឈើ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​ក្នុងព្រៃ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ករណីខ្លះ​រថយន្ត​ដឹកឈើ​ថែមទាំង​ដឹកជញ្ជូន​ឆ្លងកាត់​ពីមុខ​ទីស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ ក្រោម​ការដឹកនាំ​របស់​លោក ស្មាន រ៉េត តែ​គ្មាន​ការបង្ក្រាប​នោះទេ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា​ព្រៃឈើ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ពិសេស​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​មាន​ច្រើន​សម្បូរបែប​ណាស់​កាលពី​អតីតកាល តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ព្រៃឈើ​បាន​រង​ភាព​វិនាស​ហិនហោច​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ភាគច្រើន​ដែល​ចូលមក​កាន់តំណែង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឱ​រ៉ា​ល់​តែងតែ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជាមួយ​ឈ្មួញ​ដើម្បី​ធ្វើ​មាន​ធ្វើបាន​មិន​ខ្វល់​ពី​ផ្លូវច្បាប់​អ្វី​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​សកម្មជន​ព្រៃឈើ​នៅ​ខេត្តកំពង់ស្ពឺ​បានលើកឡើង​ថា មូល​ហេតុដែល​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ​បន្ត​រង​ការកាប់​ធ្វើ​អាជីវកម្ម​ដោយ​មិន​គោរព​តាម​បទដ្ឋាន​ច្បាប់ ក៏​ដោយសារតែ​ច្បាប់​ដែលមាន​នោះ​មិន​ត្រូវបាន​មន្ត្រី​ជំនាញ​អនុវត្តន៍​តាម​នោះទេ ព្រោះ​យន្តការ​នៃ​ការអនុវត្តន៍​ច្បាប់​នៅ​កម្ពុ​ជាមាន​ភាពទន់ខ្សោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អំពើពុករលួយ បក្ខពួកនិយម និង​ភាពក្រីក្រ​បានធ្វើ​ឲ្យ​ព្រៃឈើ​ខ្មែ​ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស​ហិនហោច​មិន​ខាន ខណៈ​ប្រទេសជិតខាង​កម្ពុជា ដូចជា​យួន និង​សៀម ជាដើម​គេ​មានការ​អភិរក្ស​ព្រៃឈើ និង​សព្វ​ព្រៃ​បានល្អ​៕​

DSCN0924    ​