​ពេល​មាន​ជំងឺ​ដំបៅ​ក្រពះ​គួរ​ញ៉ាំ​អ្វី​ទើប​មិន​ប៉ះពាល់​

​ពេល​មាន​ជំងឺ​ដំបៅ​ក្រពះ​គួរ​ញ៉ាំ​អ្វី​ទើប​មិន​ប៉ះពាល់​

​ធម្មតា​ពេល​មាន​ជំងឺ​ដំបៅ​ក្រពះ​ហើយ​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ទៀត​វា​ពិត​ជា​គ្រោះមហន្តរាយ​ខ្លាំង​ណាស់​ចំពោះ​អ្នកជំងឺ ព្រោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ឈឺចាប់​ដូច​គេ​ចាក់​នៅ​ពេញ​ពោះ​ជាមិនខាន​។ ការ​ក្រហាយ​ដើមទ្រូង ចង្កោ ក្អួត និង​ហើមពោះ​គឺជា​រោគសញ្ញា​របស់​ជំងឺ​ដំបៅ​ក្រពះ​នេះឯង ដូច្នេះ​យក​ល្អ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ជ្រើសរើស​អាហារ​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ​ផង​។

ផ្លែ​ឈើ​មាន​ជាតិ​អាស៊ីត​ទាប​
យើង​ដឹង​ហើយ​ថា​ផ្លែឈើ​គឺ​ល្អ​ណាស់​ចំពោះ​មនុស្ស​ដែល​ចូលចិត្ត ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​រ៉ែ អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​សរសៃ​។ ប៉ុន្តែ​អ្នក​គួរតែ​ចៀសវាង​ផ្លែឈើ​ណា​ដែល​មាន​ជាតិ​អាស៊ីត​ខ្លាំង ព្រោះ​វា​នឹង​ធ្វើឲ្យ​បញ្ហា​ដំបៅ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ​។ ផ្លែឈើ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ញ៉ាំ​នោះ​មានដូចជា ផ្លែ​ចេក ទំពាំងបាយជូ ផ្លែ​ប៉ោម ផ្លែ​សារី ផ្លែ​បឺ ល្ហុង​ជាដើម​។

ទឹកឃ្មុំ​ឆៅ និង​ទឹកឃ្មុំ​ធម្មជាតិ​
ក្រៅពី​មាន​រសជាតិ​ផ្អែម និង​មាន​ជីវជាតិ​នោះ ទឹកឃ្មុំ​ក៏​មាន​សមត្ថភាព​សម្លាប់​បាក់តេរី​ដែរ​។ ហេតុដូច្នេះ​ហើយ វា​អាច​ជា​របស់​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​ឲ្យ​ដំបៅ​ក្រពះ​ឆាប់​ជា ជាពិសេស​ដំបៅ​ដែល​កើតឡើង​ដោយ​បាក់តេរី H. Pylori តែម្តង​។ យក​ល្អ​គួរតែ​ញ៉ាំ​ទឹកឃ្មុំ​នេះ​មួយ​ស្លាបព្រា​បាយ​នៅ​ពេល​ព្រឹក និង​ម្តងទៀត​មុន​ពេល​ញ៉ាំ​អាហារ​។

បន្លែ​
បន្លែ​ដូចជា ប្រូ​ខូលី ផ្កា​ខាត់ណា ស្ពៃ​ក្តោប ឬ​ឆៃថាវ​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ពាន់ធ័​រ ដែល​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​មាន​សមាសធាតុ​សម្លាប់​បាក់តេរី និង​ច្រោះ​ជាតិពុល​។ ដូច្នេះ​ការបញ្ចូល​បន្លែ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​នឹង​ជួយ​កាត់បន្ថយ​បាក់តេរី​បង្ក​ជំងឺ​ដំបៅ​ក្រពះ​បាន​ច្រើន​បំផុត​។ បន្លែ​ទាំង​នេះ​ដែរ​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​អស្ចារ្យ​ដែល​អាច​បំបាត់​ការ​ទល់លាមក ព​ញ​រម​ទាំង​បង្កើតជា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​ទៀត​។

ប្រូតេអ៊ីន​សុទ្ធ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​
អ្នក​ត្រូវ​តែ​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​ដើម្បី​ឲ្យ​ដំបៅ​ទាំងអស់​នោះ​ឆាប់​ជា​វិញ​។ សាច់​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ល្អ​បំផុត ដូច្នេះ​អ្នក​គួរតែ​ជ្រើស​យក​ប្រភេទ​សាច់ជ្រូក ឬ​គោ​ដែល​គ្មាន​ខ្លាញ់ និង​សាច់មាន់​ដែល​គ្មាន​ស្បែក​។ ចំពោះ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​វិញ​ក៏​ជា​ប្រភព​ប្រូទេអ៊ីន​ដ៏​ល្អ​មួយ​ដែរ តែ​យក​ល្អ​គួរតែ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ទាប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។