ឈើ​ដែល​គេ​ដុតចោល​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ គឺជា​របស់​ឧកញ៉ា សឹង សំអុល

​មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​មើលថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​បែបណា​ទៅលើ​ឧកញ៉ា សឹង សំអុល ដែល​គេ​ហ៊ាន​ផ្គើន​ទៅនឹង​ប្រតិបត្តិ​ការបង្ក្រាប​បទ​លើ្ម​ស​ព្រៃឈើ​យ៉ាង​គឃ្លើន​។ ដោយហេតុថា ឈើ​សុ​ក្រំ និង​ឈើ​ផ្សេងៗ​ទៀត ជាច្រើន​រយ​កំណាត់​ដែល​គេ​ដុតចោល​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១​នោះ គឺជា​ឈើ​របស់​ឧកញ៉ា សឹង សំអុល ដែលជា​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​ល្បីឈ្មោះ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។ សកម្មភាព​ដុត​ឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​។

​តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​យួន​ឈ្មោះ​ប៊ិ​ញ​ភឿ​ក​១ ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៥០០០​ហិកតា នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា សម្រាប់​ដាំ​កៅស៊ូ​។ ក្រុមហ៊ុន​នេះ​បាន​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដី​សម្បទាន​របស់ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​គ្មា​នៅ​សេសសល់​ឈើ​ប្រណីត​សម្រាប់​កាប់​អារច្រៀក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ទៀត​ទេ​។ មានន័យថា ឈើ​ដែល​គេ​ស្តុក​ទុក​ក្នុង​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ គឺជា​ឈើ​ដែល​ឧកញ៉ា សឹង សំអុល កាប់​និង​ដឹកជញ្ជូន​មកពី​តំបន់​ផ្សេង ព្រោះ​ឧកញ៉ា សឹង សំអុល យក​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ជា​កន្លែង​ស្តុក​ឈើ​ទុក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ​។

ករណី​ដុត​ឈើ​ប្រណីត​ចោល​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ចាប់តាំងពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​កម្លាំង​សមត្ថកិច្ច​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនអាច​ទប់ស្កាត់បាន​ទាន់ពេលវេលា​។ ដូច្នេះហើយ​ទើប​គេ​រង់ចាំ​មើលថា តើ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​បែបណា​ទៅលើ​ឧកញ៉ា សឹង សំអុល ព្រោះ​សកម្មភាព​ដុតបំផ្លាញ​ឈើ​ប្រណីត គឺជា​ទង្វើ​ផ្គើន​ទៅនឹង​បទបញ្ជា​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​។ ជាមួយគ្នានេះ​មានការ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឧកញ៉ា សឹង សំអុល ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​នៅក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ត្រូវ​រលាយ​ដោយសារ​ស្នាដៃ​របស់​ឧកញ៉ា សឹង សំអុល ដែល​ប្រើ​យីហោ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន​មក​បិទបាំង​អំពើ​ខុសច្បាប់​របស់ខ្លួន​៕

KA-22-01-2016-11 KA-22-01-2016-09 KA-22-01-2016-18ឧកញ៉ា សឹង សំអុល ល្បីល្បាញខាងបំផ្លាញព្រៃឈើ 12417583_461800897338339_1265503202682582215_n 12540549_461787000673062_8208603939131481976_n 12565364_461800910671671_8882657061065807771_n