ស​.​អ​.​ក នឹង​បង្ហាញ​ពី​ទិសដៅ​អភិវឌ្ឍន៍ វិស័យ​ស្រូវ​អង្ករ រយៈពេល ៥​ឆ្នាំ​ខាងមុខ​

ភ្នំពេញ​: សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) នឹង​បង្ហាញជូន​នូវ ទិសដៅ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​កម្ពុជា សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ នៅក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី ៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៤-២៥-២៦ ខែមករា ឆ្នាំ ២០១៦ ខាងមុខនេះ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ដែល​ទទួលបាន​ការអញ្ជើញ​បើក​កម្មវិធី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ មករា នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) នឹង​បង្ហាញ​ទិសដៅ​អភិវឌ្ឍន៍ វិស័យ​ស្រូវ​អង្ករ​កម្ពុជា តាមរយៈ​កម្មវិធី កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ទៅលើ​ប្រធានបទ​សំខាន់ៗ ចំនួន ៦​រួមមាន​៖ ១). ពូជ​, ២). ផលិតកម្ម​ដំណាំ​ស្រូវ​, ៣). ការ​ទុកដាក់ (​ឃ្លាំង​ស្តុក និង​ម៉ាស៊ីន​ស​ម្ងួ​ត​), ៤). ការទទួល​ឥណទាន​, ៥). ទីផ្សារ និង ៦). ការត្រៀមខ្លួន​របស់​ក​ម្ពុ​ជា​។​

​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ ប្រមាណ ៧០០​នាក់ ដែល​រួមមាន​តំណាង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សហគមន៍​កសិកម្ម ក្រុមហ៊ុននាំចេញ​អង្ករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​ដឹកជញ្ជូន តំណាង​ដៃគូ​អភិវឌ្ឍន៍ និស្សិត ភ្ញៀវ​ជាតិ និង​អន្តរជាតិ នឹង​ជួបគ្នា​នៅក្នុង​វេទិកា ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥​នេះ ដើម្បី​ធ្វើការ​ពិភាក្សា លើ​បញ្ហា​ស្រូវ​អង្ករ ដែលមាន​ទំនាក់ទំនង ជាមួយនឹង​ការជំរុញ​លើកស្ទួយ ផលិតកម្ម​ដំណាំ​ស្រូវ ការកែច្នៃ និង​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ពិភពលោក និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ទាំងមូល​៕V