ឯកឧត្តម កឹម សុខា ថាពេល CNRP ឈ្នះឆ្នោត​នឹងកែទម្រង់​ជាប្រព័ន្ធ​ (មានវិដេអូ)

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ (CNRP) ឯកឧត្តម កឹម សុខា នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦នេះ បានថ្លែងក្តីស្រមៃទុកជាមុនថា នៅពេលដែល គណបក្សខ្លួន ឈ្នះក្នុងការបោះឆ្នោត ថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខ  នឹងធ្វើការកែទម្រង់ គ្រប់វិស័យជាលក្ខណៈប្រព័ន្ធ។

ក្នុង "វេទិកាសកម្មជនមូលដ្ឋាន" នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ មករានេះ ឯកឧត្តម កឹម សុខា បានលើកឡើងនៅចំពោះមុខ សកម្មជនរបស់ខ្លួន ជាច្រើនរយនាក់ថា  នៅពេលដែលគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោត គឺគណបក្សនឹងធ្វើការកែទម្រង់ ជាប្រព័ន្ធមិនមែនកែត្រង់នេះបន្តិច ត្រង់នោះបន្តិចនោះទេ ។

លោកបញ្ជាក់ថា “យើងកែជាប្រព័ន្ធដើម្បីឲ្យដំណើរការ ហ្នឹងជាប្រក្រតីតែម្តង មិនមែននឹកឃើញនេះ ធ្វើនេះនោះទេ ។ ចំណែកបញ្ហាដីធ្លីក៏យើងកែជាប្រព័ន្ធដែរ មិនមែនធ្វើតាមនឹកឃើញនោះទេ”។
ព្រមជាមួយគ្នានេះឯកឧត្តមស្វាគមន៍ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលនាពេលថ្មីៗនេះ បានធ្វើការកែទម្រង់ ជាច្រើនដែលបានផ្តល់ ផលប្រយោជន៍ឲ្យ ពលរដ្ឋជាម្ចាស់ឆ្នោត។ ឯកឧត្តមបន្តថា“យើងស្វាគមន៍ និងអបអរសាទរ និងគាំទ្រការកែទម្រង់ដែល បានផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។ មិនចាំបាច់បក្សខ្ញុំធ្វើទេ បក្សណាធ្វើក៏ដោយ ឲ្យតែកែតាមអ្វីដែល យើងចង់បាន ហើយគេធ្វើបានក៏អរដែរ”។

ប្រធានស្តីទីបក្សប្រឆាំងបន្ថែមថា “មិនមែនការតស៊ូរបស់យើង កន្លងមកអត់ប្រយោជន៍នោះទេ មិនទាន់បានឈ្នះផង យើងទទួលបានលទ្ធផលប៉ុណ្នឹងហើយ “។
ឯកឧត្តមបន្តថា គ្រប់ភាគីត្រូវធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ មិនចាំបាច់កេងចំណេញផ្នែកនយោបាយទេ ព្រោះចំណេញមិនចំណេញ ប្រជាពលរដ្ឋជាអ្នកផ្តល់ឲ្យ។

ឯកឧត្តម កឹម សុខា បញ្ជាក់ទៀតថា ដើម្បីឲ្យទទួលបានជោគជ័យ ក្នុងការបោះឆ្នោតនៅអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ គណបក្សត្រូវពង្រីកពង្រឹង ផ្ទៃក្នុងរបស់បក្ស ព្រោះបច្ចុប្បន្នមានគណបក្ស នយោបាយជាច្រើន ដែលទើបតែបង្កើតថ្មី ប៉ុន្តែបើភ្លេចខ្លួននោះ គេនឹងវាយរលំឲ្យដួលហើយបំបែក សំឡេងដោយគ្មានការព្រាងទុកជាមុន៕

ឯកឧត្តម កឹម សុខា ថាពេល CNRP ឈ្នះឆ្នោត​នឹងកែទម្រង់​ជាប្រព័ន្ធ​ (មានវិដេអូ)

នេះជាប្រសាសន៍របស់ លោក កឹម សុខា ប្រធានស្តីទីគណបក្ស ដែលផ្សាយបន្តផ្ទាល់ពី "វេទិកាសកម្មជនមូលដ្ឋាន" នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក សម រង្សីុ (Video Conference) និងលោក កឹម សុខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦

Posted by Yem Ponhearith on Friday, January 22, 2016