លោក អ៊ុង យ៉ុម​អាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ​កិបកេង​ថវិកា​មន្ទីរ​

​មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ​បាន​រាយការណ៍​មក​ថា លោក អ៊ុង យ៉ុម​អាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ​កិបកេង​ថវិកា​មន្ទីរ​អស់​ជិត​២០០​លាន​រៀល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការ​កិបកេង​ថវិកាជាតិ​ជិត​២០០​លាន​រៀល​គឺ​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៥​កន្លងមក​ដោយមាន​កា​រ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នៅក្នុង​មន្ទីរ​ឧស្សា​កម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ ព្រមទាំង​មន្ត្រី​សាលាខេត្ត​កំពង់ស្ពឺ​ផងដែរ​។

ប្រភពព័ត៌មាន​ពី​ខេត្តកំពង់ស្ពឺ​បាន​រាយការណ៍​មក​ថា ដើម្បី​អាច​កិបកេង​ថវិកាជាតិ លោក អ៊ុង យ៉ុម​អាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​មន្ត្រី​នៅក្រោម​ឱវាទ និង​មន្ត្រី​មានអំណាច​នៅ​សាលាខេត្ត​កំពង់ស្ពឺ ដើម្បី​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ចៀសវាង​ការចាប់​ពិរុទ្ធ​បាន​ពី​មន្ត្រី​ក្រសួង និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការប្រព្រឹត្ត​អំពើពុករលួយ​គឺធ្វើឡើង​តាមរយៈ​ការធ្វើ​របាយការណ៍​ចំណាយ​ផ្សេងៗ​របស់​មន្ទីរ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​លោក អ៊ុង យ៉ុម​អាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ​បានធ្វើការ​លុប​ស្រះ​ទឹក​មួយ​នៅក្នុង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ ហើយ​បាន​បញ្ជាក់ថា​ចំណាយ​អស់​ជិត​២០០​លាន​រៀល តែ​ភាពជាក់ស្តែង​គេ​ដឹងថា​ចំណាយ​មិន​ដល់​២០​លាន​រៀល​នោះទេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ បាន​បង្ហើប​ថា បើ​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​នៅក្នុង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ នោះ លោក អ៊ុង យ៉ុម​អាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ ក៏​មិន​អាចធ្វើ​អ្វីដែល​ខុសច្បាប់​តែម្នាក់ឯង​បា​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រីរាជការ​នៅក្នុង​ស្ថាប័ន​មួយចំនួន​តូច​ប្រាក់ខែ​មិន​ច្រើន​ទេ តែ​ពួកគេ​មាន​រថយន្ត​ទំនើប​ជិះ ដី ផ្ទះ ច្រើន​កន្លែង​ហើយ​ថែមទាំង​បដិសេធថា​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងពេលដែល​ពួកគេ​ត្រូវគេ​សង្កេតឃើញថា​គ្មាន​មុខ​ជំនួញ​អ្វី​ធំដុំ​ក្រៅពី​អាជីព​ជា​មន្ត្រីរាជការ​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកំពង់ស្ពឺ បាន​ស្នើថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គប្បី​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​មក​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​ផង​៕

S5482 លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង​សិប្បកម្ម​​    ​