លោក កឹម សុខា បញ្ជាក់ថា​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ជា​ប្ញ​សគល់​នៃ​សន្តិភាព​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃនេះ​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  រួមគ្នា​ធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលខាងមុខ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បី​នាំមក​នូវ​ស្ថិរភាព​នយោបាយ សន្តិភាព និង​ការអភិវឌ្ឍ​មួយ​ដ៏​ពិតប្រាកដ​។ ការ​ថ្លែង​អំពាវនាវ​របស់លោក កឹម សុខា ត្រូវគេ​សង្កេតឃើញថា​បាន​ធ្វើឡើង​ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦​។​

នៅ​ចំពោះមុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​សួង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​បង្ហាញ​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​ថា នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា​តាមរយៈ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ហើយ​មិនមាន​ដំណើរ​ទៅរក​ការធ្វើ​រដ្ឋប្រហារ បដិវត្តន៍ សង្គ្រាម ឬ​ហិង្សា​នោះឡើយ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា​គ្រប់ភាគី​ទាំងអស់ ពិសេស គណបក្សនយោបាយ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត  គប្បី​ធ្វើយ៉ាងណា ឲ្យ​ការបោះឆ្នោត​ខាងមុខ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពេលនោះ​អ្នកចាញ់​ដឹង​ចាញ់ អ្នកឈ្នះ​ដឹង​ឈ្នះ​។​

​ក្នុងពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា លោក កឹម សុខា  ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ឈ្នះឆ្នោត កាន់អំណាច​ក៏ដោយ ប៉ុន្ដែ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​ទាំង​យន្តការ​ក្នុង​រដ្ឋសភា និង​ក្រៅ​រដ្ឋសភា ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុងសង្គម​ច្រើន​ដែរ ពិសេស​តាមរយៈ​កម្លាំង​តស៊ូ​នយោបាយ​អហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​លើកឡើងថា ដំណោះស្រាយ​បញ្ហា​មួយចំនួន​ដូចជា បញ្ហា​ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ថ្លៃ​អគ្គិសនី ការសិក្សា​របស់​សិស្ស​ជាដើម ដែល​រដ្ឋាភិបាល​កំពុង​ជួយ​ដោះស្រាយ​នៅពេលនេះ គឺ​បានមកពី​ការខិតខំ​តស៊ូ​ទាមទារ​ឲ្យ​មាន​ផ្លាស់ប្ដូរ​របស់​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងពេល​របាយការណ៍​សម្ងាត់​មួយ​ចេញផ្សាយ​កន្លងមក​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ឥទ្ធិពល​នយោបាយ និង​ប្រជាប្រិយភាព​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​កម្លាំង​ខ្លាំង នោះ​គ្មាន​ការផ្លាស់ប្ដូរ​នៅក្នុង​សង្គម​នាបច្ចុប្បន្ន​នេះ​ទេ​៕

12418088_1272128279471135_2984108224005247465_n 252682_1272126966137933_8036459361987289162_n