គូស្នេហ៍ វ័យចំណាស់ ទម្លាយអាថ៌កំបាំង ស្នេហាអមតៈ ក្រោយរៀបការ អស់ ៨២ឆ្នាំ

បរទេស៖ បន្ទាប់ពីរៀបការ អស់រយៈពេល ៨២ឆ្នាំ គូស្នេហ៍វ័យចំណាស់ មួយគូ គឺលោកតា Nicholas Ordaz មានវ័យ ១០២ឆ្នាំ និងលោកយាយ Rafaela Ordaz មានវ័យ១០០ឆ្នាំ បានដឹងយ៉ាងច្បាស់ ពីវិធីរស់នៅ ដើម្បីថែរក្សាស្នេហា ឲ្យបានយូរអង្វែង អស់មួយជីវិត។

គូស្នេហ៍ វ័យចំណាស់ ទម្លាយអាថ៌កំបាំង ស្នេហាអមតៈ ក្រោយរៀបការ អស់ ៨២ឆ្នាំ
លោកតា Nicholas Ordaz និងលោកយាយ Rafaela Ordaz

ឆ្លៀតក្នុងឱកាស ប្រារព្ធខួបអាពាហ៍ពិពាហ៍ លើកទី៨២ របស់លោកទាំង២ ជាមួយនឹង ក្រុមគ្រួសារ សរុប ៥ជំនាន់ និងមិត្តភក្តិ ជាច្រើនទៀត គូស្នេហ៍វ័យចំណាស់ មួយគូនេះ ក៏បានទម្លាយប្រាប់ នូវអាថ៌កំបាំង នៅពីក្រោយ សេចក្តីស្នេហា ដ៏ផ្អែមល្ហែម និងផ្តល់ដំបូន្មាន សាមញ្ញខ្លះៗ ដើម្បីឲ្យចំណងស្នេហា ស្ថិតនៅយូរអង្វែង អស់មួយជីវិត ដូចជាពួកគាត់ ទាំង២នាក់អីចឹង ដោយទី១ គឺ ត្រូវគោរពចំពោះគ្នា ទៅវិញទៅមក ទី២ បង្ហាញសេចក្តីស្រលាញ់ ឲ្យបានច្រើនៗ និង ទី៣ កុំខ្វល់ ឬប្រកាន់ ចំពោះរឿងតូចតាច។ ស្តាប់មួយភ្លែត ហាក់បីដូចជាសាមញ្ញ និងធម្មតា មែនទែន ប៉ុន្តែវាពិតជា មានប្រសិទ្ធិភាព ចំពោះពួកគាត់ ទាំង២នាក់ ពិតមែន។

ជាមួយគ្នានេះដែរ នាង Leticia Ordaz ដែលត្រូវជា ចៅស្រីបង្កើត បានបញ្ជាក់ថា ពួកគាត់ទាំង ២នាក់ នៅតែបង្ហាញ សេចក្តីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក ដោយការអោប និងថើបគ្នា ជាដើម។

ជាការពិតណាស់ គូស្នេហ៍វ័យចំណាស់ កម្ររកបាន មួយគូនេះ ពិតជាមិនអាច បែកពីគ្នាបានឡើយ ដោយសារតែ សេចក្តីស្រលាញ់ ចំពោះគ្នានឹងគ្នា ព្រមទាំង ការអនុវត្តចំនុចសាមញ្ញៗ ទាំង៣ នោះ ខណៈពួកគាត់ ទាំង២នាក់ មានអាយុសរុប ចំនួន ២០២ឆ្នាំ ហើយ។ នៅក្នុងឱកាសនោះដែរ លោកតា Nicholas Ordaz ក៏បានប្រារព្ធ ពិធីខួបកំណើត លើកទី១០២ របស់ខ្លួន ទៀតផង។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ នៅខ្វះតែ ៤ឆ្នាំទៀតទេ គឺអាចបំបែកកំណត់ត្រា ពិភពលោក នាពេលបច្ចុប្បន្ន បានហើយ សម្រាប់គូស្នេហ៍ ដែលបានរៀបអាពាហ៍ពិពាហ៍ យូរបំផុត លើពិភពលោក៕

គូស្នេហ៍ វ័យចំណាស់ ទម្លាយអាថ៌កំបាំង ស្នេហាអមតៈ ក្រោយរៀបការ អស់ ៨២ឆ្នាំ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត