ទិនហ្វី ប្រកាសដកខ្លួន ពីភាពយន្ត បែបកំប្លែង

ស្ដេចកំប្លែងក្នុងវិស័យ ភាពយន្តហុងកុង Stephen Chow ដែលប្រិយមិត្តភាគច្រើនស្គាល់ថា ទិនហ្វី មិនបានសម្ដែងភាពយន្តអ្វីឡើយមួយរយៈចុងក្រោយនេះ ដោយបានសម្រុកលើការងារ ជាអ្នកនិពន្ធនិងដឹកនាំរឿងប៉ុណ្ណោះ។ តារាសម្ដែងជើងចាស់រូបនេះ បានបង្ហើបថាខ្លួនអាចនឹងចូលសម្ដែង ភាពយន្តម្ដងទៀតទៅអនាគត ប៉ុន្តែនឹងឈប់សម្ដែង ជាតួកំប្លែងទៀតហើយ។

ទិនហ្វី ប្រកាសដកខ្លួន ពីភាពយន្ត បែបកំប្លែង

កំឡុងពេលធ្វើសន្និសីទ កាសែតផ្សព្វផ្សាយភាពយន្ត “The Mermaids” នាពេលថ្មីៗនេះ Chow បាននិយាយដោយបើកចំហថា ខ្លួនលែងមានចំណាប់អារម្មណ៍ នឹងសម្ដែងតួកំប្លែងតទៀតហើយ។ ចាប់តាំងពីសម្ដែងរឿង “CJ7” នៅឆ្នាំ២០០៨ មកលោកមិនបានចូលសម្ដែង រឿងណាមួយឡើយ ប៉ុន្តែបន្តការងារដឹកនាំរឿង និងការងារជាទីប្រឹក្សាផ្នែកនយោបាយ។

“មិនមែនខ្ញុំមិនចង់សម្ដែងទេ មានរឿងល្អៗច្រើនដែលខ្ញុំអាចចូលសម្ដែងបាន តែអ្វីដែលសំខាន់ គឺខ្ញុំគ្មានអារម្មណ៍សម្ដែងតួបែបនេះទៀតទេ។ ខ្ញុំអាចនឹងចូលសម្ដែងទៀត តែជាតួត្រឹមត្រូវប៉ុណ្ណោះ”។ តារាវ័យ ៥៣ឆ្នាំនិយាយ។ ផ្អែកតាមសារព័ត៌មានចិន Sina ខ្សែភាពយន្ត “The Mermaids” គឺជាស្នាដៃដឹកនាំចុងក្រោយបំផុត របស់ Chow និងចូលរួមសម្ដែងដោយតារាល្បីៗដូចជា Deng Chao, Kitty Zhang Yuqi, Lin Yun និង Show Luo។

ទិនហ្វី ប្រកាសដកខ្លួន ពីភាពយន្ត បែបកំប្លែង

ចេញបញ្ចាំងនៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ “The Mermaids” នឹងត្រូវប្រកួតប្រជែងជាមួយខ្សែភាពយន្តកំពូលៗជាច្រើនដូចជា “The Monkey King 2” , “Crouching Tiger, Hidden Dragon: Sword of Destiny” និង “From Vegas to Macau III”។

អំពីបញ្ហានេះ Chow បាននិយាយថា៖ “ឈ្នះឬចាញ់មិនជាបញ្ហាទេ អ្វីដែលខ្ញុំចង់បាន គឺធ្វើយ៉ាងណាឲ្យទស្សនិកជនមានអារម្មណ៍ ថាវាជាចំណីអារម្មណ៍ថ្មី ប្លែកសម្រាប់ពួកគាត់” ៕

ប្រភព៖ សប្បាយ