ក្រុមហ៊ុន MonarchInvestment សហការជាមួយ NanshamGroup អភិវឌ្ឍកោះតាង​ឲ្យក្លាយ​ ជា​រមណីយដ្ឋាន​ដ៏ប្រណិត​

ភ្នំពេញ៖ ក្រុមហ៊ុន Monarch Investment Co., Ltd. ចុះអនុស្សរណៈ យោគយល់គ្នា ជាមួយ ក្រុមហ៊ុន Nansham Group Co., Ltd. បានដើម្បីរួមគ្នាអភិវឌ្ឍ កោះតាងឲ្យក្លាយជា រមណីដ្ឋានដ៏ល្អប្រណិត ជាងគេបំផុតនៅកម្ពុជា។

លោក សុខ ចិន្ដាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា” លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍន៍នៅកម្ពុជា គ្រប់រចនាសម្ព័ន្ធទាំងអស់ ជាក់ស្ដែងគម្រោងសាងសង់ របស់ក្រុមហ៊ុន Monarch Investment Co., Ltd. និងក្រុមហ៊ុន Nansham Group Co., Ltd. ដែលបានរួមសហការគ្នា បង្កើតនូវរមណីដ្ឋាន ដែលមានលក្ខណៈទ្រង់ទ្រាយធំ ពោរពេញទៅដោយការច្នៃប្រឌិត ខ្ពស់បំផុត”។

លោកបន្ថែមថាពិសេស ការគិតគូរបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយមុននឹង ធ្វើការសាងសង់ ដើម្បីមិនឲ្យប៉ះពាល់ដល់ សម្បត្ដិធម្មជាតិគ្រប់ចំនុច ទាំងការរកស៊ី និងរស់នៅរបស់ ប្រជាពលរដ្ឋនៅទីនោះ ដោយមានតែការបំពេញ នូវភាពស្រស់ត្រកាល យ៉ាងល្អក្រៃលែង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មកកំសាន្ដនៅទីនេះកាន់តែ ច្រើនឡើងបន្ថែមទៀត ហើយក៏ធ្វើប្រជាជន នៅមានការងារធ្វើកាន់ ច្រើនឡើង បន្ថែមទៀត។

លោកបានបញ្ជាក់ថា “ការអភិវឌ្ឍន៍នៅលើកោះ ពិតជាមានការលំបាកខ្លាំងណាស់ ប្រៀបធៀប នឹងការសាងសង់សណ្ឋាគារ ឬហេដ្ឋានរចនាសម្ព័ន្ធនានា នឹងលើដីគោក គ្រាន់តែយើងជិះទូក ជិះកាបាល់យើង ដឹងហើយតើវាលំបាកយ៉ាងម៉េច នៅពេលមានខ្យល់ និងរលក។ ដូច្នេះការសិក្សាស្រាវជ្រាវ យ៉ាងម៉ត់ចត់របស់ដៃគូទាំងពីរ ខ្ញុំមានជំនឿណាស់ ទៅលើការមានឆន្ទៈ របស់ដៃគូនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងចាប់ផ្ដើម ក្នុងពេលឆាប់ៗខាងមុខ”។

លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Groupបានថ្លែងថា” Monarch Investment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group ដែលផ្តោតលើ គម្រោងអភិវឌ្ឍទ្រង់ទ្រាយធំ ដែលពោរពេញទៅដោយភាពលេញធ្លោរយ៉ាងអស្ចារ្យ ដែលនឹងក្លាយជាតំបន់ ទេសចរណ៍មួយ ដ៏ប្រណិតជាមួយនឹងរមណីដ្ឋាន មានលក្ខណៈពិសេសៗជាច្រើន ដែលនឹកស្មានមិនដល់ ទាំងផែនាវា សណ្ឋាគារ សួនកំសាន្ដ ទីលានវាយកូនហ្គោល និងសេវាកម្មប្រណិតៗជាច្រើនផ្សេងទៀត”។
លោកបន្ដថាក្រោមការសហការគ្នានេះ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គ្រប់ចំនុចទាំងអស់ ដើម្បីពន្លឿនក្នុងការសាងសងរមណីដ្ឋាន យ៉ាងប្រណិតនេះ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Groupជាបណ្តុំនៃអាជីវកម្មជាង២៣ប្រភេទ ដែលរួមមានសេវាកម្មដឹកជញ្ជូន គ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ (supply chain management) ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ហិរញ្ញវត្ថុ ការអភិវឌ្ឍអចលនទ្រព្យ តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម។ WorldBridge Group ក៏បាននឹងកំពុងដំណើរការ គម្រោងអភិវឌ្ឍន៍ថ្មីៗបំផុតនៅកម្ពុជា មានជាអាទិ៍ សំណង់អគារពាណិជ្ជកម្មភ្លោះកម្ពស់៤៥ជាន់ The Bridge និងអគារលំនៅឋានប្រណិតកម្ពស់៥៥ជាន់ The Peak ដែលរួមមានសណ្ឋាគារ លំដាប់អន្តរជាតិ Shangri-La ព្រមទាំងគម្រោងអភិវឌ្ឍសណ្ឋាគារគយ និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge FSZ។

ក្រោយកំណែទម្រង់ជាច្រើន ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រុមហ៊ុន Nansham Group បានប្រែក្លាយទៅជាសហគ្រាសសហកម្ម សិទ្ធិឯកជនទ្រង់ទ្រាយធំ ស្ថិតក្នុងចំណោមសហគ្រាស លំដាប់ខ្ពស់ទាំង៥០០នៃប្រទេសចិន ដែលឈានមុខគេ ក្នុងវិស្ស័យឧស្សាហកម្ម ហិរញ្ញវត្ថុ អាកាសចរណ៍ អចលនទ្រព្យ អប់រំ ទេសចណ៍ និងសេវាថែទាំសុខភាពមនុស្សចាស់។ ពិសេសក្រុមហ៊ុន Nanshan Group បានបង្កើតសាខា ក្នុងប្រទេសជាច្រើន ដូចជាអូស្ត្រាលី សហរដ្ឋអាមេរិក អ៉ីតាលី សិង្ហបុរី និងហុងកុងផងដែរ៕

ក្រុមហ៊ុន MonarchInvestment សហការជាមួយ NanshamGroup អភិវឌ្ឍកោះតាង​ឲ្យក្លាយ​ ជា​រមណីយដ្ឋាន​ដ៏ប្រណិត​

ក្រុមហ៊ុន MonarchInvestment សហការជាមួយ NanshamGroup អភិវឌ្ឍកោះតាង​ឲ្យក្លាយ​ ជា​រមណីយដ្ឋាន​ដ៏ប្រណិត​