លោក​ជា ចាន់តូ​៖ ឆ្នាំ​២០១៥ អត្រា​អតិផរណា មាន​កម្រិត ១,២ ភាគរយ ទាប​ជាង​ឆ្នាំ​កន្លងទៅ​

ភ្នំពេញ​: ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អះអាងថា ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ បានរួម​ចំណែក​រក្សា​ម៉ាក្រូសេដ្ឋកិច្ច​បាន​យ៉ាង​ល្អប្រសើរ ដោយ​អត្រា​អតិផរណា រួម​ជា​មធ្យម មាន​កម្រិត​ត្រឹម ១,២ ភាគរយ នៅ​ឆ្នាំ​២០១៥ ទាប​ជាង​ឆ្នាំ​២០១៤(៣,៩​ភាគរយ​) និង​ទាប​ជាង​ការរំពឹងទុក​របស់​រា​ជ​រដ្ឋាភិបាល​។​

​ការអះអាង​របស់លោក​ទេសាភិបាល​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ កន្លងមកនេះ នៅ​សាលសន្និសីទ ចតុមុខ​។​

​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ស្ថិរភាព​ថ្លៃ រួមចំណែក​ជា​ចម្បង​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​បង្កើត​បរិស្ថាន​អំណោយផល​ដល់​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច ដែល​គាំទ្រ​ដល់​កំណើន និង​ការបង្កើត​ការងារ​។ នៅ​ឆ្នាំ​២០១៥ កន្លងមកនេះ អត្រា​អតិផរណា មាន​កម្រិត ១,២ ភាគរយ ទាប​ជាង​ឆ្នាំ​កន្លងទៅ ដែល​បង្ហាញថា ស្ថិរភាព​ថ្លៃ ត្រូវ​រក្សាបាន​កាន់តែ​ល្អប្រសើរ​។ រីឯ​តម្លៃ​ប្រាក់រៀល​វិញ បន្ត​មាន​ស្ថិរភាព​ល្អប្រសើរ ដោយ​អត្រា​ប្តូរប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក ស្ថិតក្នុង​កម្រិត​មធ្យម ៤.០៦៨ រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក ដោយបាន​ប្រែប្រួល ង​ចន្លោះ​តែ +​ឬ​-១ ភាគរយ​ប៉ុណ្ណោះ ពីមួយ​ខែ​ទៅ​មួយខែ ទៅតាម​ការវិវត្ត​នៃ​រដូវ​កាល​ជា​ប្រក្រតី​។​

​លោក​បាន​បន្តថា ការរក្សាបាន​ស្ថិរភាព​ថ្លៃ​នេះ គឺ​ដោយសារ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ការប្រុងប្រយ័ត្ន ដោយ​ថ្លឹងថ្លែង​ពី​បរិមាណ​សន្ទនីយ​ភាព​គ្រប់គ្រាន់ សម្រាប់​គាំទ្រ​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ច និង​ការគ្រប់គ្រង​សម្ពោធ​អតិផរណា​, ស្ថិរភាព​តម្លៃ​ប្រាក់រៀល និង​កត្តា​អំណោយផល​ពី​ខាងក្រៅ​រួមមាន​សម្ពាធ​ទាប​នៃ​អតិផរណា​នាំចូល​និង​ការធ្លាក់ចុះ​នៃ​ថ្លៃ​ប្រេង​ពិភពលោក​។​

​លោក​ទេសាភិបាល បាន​បន្ថែមថា នៅក្នុង​ស្ថានភាព​ដែល​ការផ្គត់ផ្គង់​ប្រេង ត្រូវបាន​ព្យាករណ៍​ថា​នឹងមាន​បរិមាណ​ថេរ ហើយ​តម្រូវការ​ប្រេង​បន្ត​មាន​ភាពទន់ខ្សោយ ថ្លៃ​ប្រេង​ត្រូវបាន​រំពឹងថា​នឹង​បន្ត​ស្ថិតក្នុង​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦​នេះ ដែល​នឹង​រួមចំណែក​បន្ទាប​អត្រា​អតិផរណា​តំបន់ និង​កម្ពុជា​។​

​លោក ជា ចាន់តូ បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នាំ​២០១៥ សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​កំណើន​៦,៩ ភាគរយ ដែល​គាំទ្រ​ជា​ចម្បង​ដោយ​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ ការនាំចេញ​សម្លៀកបំពាក់ និង​វិស័យ​ទេសចរណ៍ ខណៈដែល​វិស័យ​កសិកម្ម បន្ត​មាន​កំណើន​ទាប​។ វិស័យ​សំណង់ និង​អចលនទ្រព្យ​បន្ត​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​ប្រមាណ​ជា ១៨​ភាគរយ ហើយ​ការនាំចេញ​សម្លៀកបំពាក់​បាន​កើនឡើង ១២ ភាគរយ រីឯ​កំណើន​ភ្ញៀវទេសចរ​បរទេស ចូលមក​កម្ពុជា បាន​កើនឡើង ៦​ភាគរយ ប្រហាក់ប្រហែល​ឆ្នាំ​២០១៤​ដែរ​។ ដោយឡែក​វិស័យ​កសិកម្ម បន្ត​មាន​កំណើន​ទាប​ប្រមាណ​ជា ១​ភាគរយ ដោយសារ​ការអូសបន្លាយ​យូរ​នៃ​ភាពរាំងស្ងួត ព្រមទាំង​ការធ្លាក់ចុះ​នៃ​ថ្លៃ​ផលិតផល​កសិកម្ម​នៅលើ​ទីផ្សារ​ពិភពលោក​។​

​លោក​បាន​បន្តថា ការរក្សាបាន​នូវ​អត្រាកំណើន​ខ្ពស់​នេះ បានធ្វើ​ឲ្យ​ឆ្នាំ​២០១៥ ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦​នេះ​។ សមិទ្ធផល​ដ៏​ថ្លៃថ្លា ដែលមាន​អត្ថន័យ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​នេះ ប្រសូត្រ​ចេញពី​កិច្ច​ខិត ខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ជា​បន្តបន្ទាប់​។ នៅក្នុង​រយៈពេល​ខ្លី និង​មធ្យម​សេដ្ឋកិច្ចកម្ពុជា​រំពឹងថា​នឹង​ទទួលបាន​កំណើន​រឹងមាំ​បន្តទៀត ទោះបីជា​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន ដូចជា ការប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង ដែល​បណ្តាលមកពី​ការឡើង​ថ្លៃ​និង​ប្រាក់​ដុល្លារ​អាមេរិក ការកើនឡើង​ថ្លៃឈ្នួល​ក​ម្លាំ​ង​ពលកម្ម​ក្នុង​វិស័យ​កាត់ដេរ និង​ការកើនឡើង​នៃ​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់ រួមមាន ការបង្កើត​តំបន់​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​(TPP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​តំបន់​អឺរ៉ូ និង​ការបើកចំហ​សេដ្ឋកិច្ច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោក​បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៦​នេះ រាជរដ្ឋាភិបាល​រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងមាន​កំណើន​ក្នុង​រង្វង់ ៧​ភាគរយ ស្រប​ពេលដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​ព្យាករណ៍​ថា នឹងមាន​កំណើន ៧,២ ភាគរយ ទោះបីជា​សេដ្ឋកិច្ចកម្ពុជា ប្រឈម​នឹង​ភាពមិនច្បាស់លាស់​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក និង​ការ​ថយ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​ចិន ដែល​អាច​ជះឥទ្ធិពល​ដល់​វិស័យ​ពាណិជ្ជកម្ម​ទេសចរណ៍ និង​វិនិយោគ​របស់​កម្ពុជា​ក៏ដោយ​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា បច្ចុប្បន្ននេះ ប្រជាជន​ពេញវ័យ ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ មាន​បរិមាណ​ស្មើនឹង​ពាក់កណ្តាល​នៃ​ប្រជាជន​ពេញវ័យ​សរុប គឺ​បាន​កើនឡើង​ពី​កម្រិត​ទាប (​ក្រោម​១០​ភាគរយ​) ធៀប​នឹង​មួយ​ទស្សវត្សរ៍​កន្លងទៅ​។​

​លោក​បាន​បញ្ជាក់ថា ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ធនាគារ និង​កំណើនប្រជាជន​ពេញវ័យ​ជា​លំដាប់ បាន​ជំរុញ​ឥណទាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​និង​វិស័យ​ផលិតកម្ម​។ ក្នុង​បរិការណ៍​នេះ គួបផ្សំ​នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​នៃ​ការប្រែប្រួល ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​បុ​រេ​សកម្ម​ចម្បងៗ​ជា​បន្តបន្ទាប់ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ដូចជា​ការពង្រឹង​ស្ថានភាព​សន្ទនីយ​ភាព និង​ដើមទុន និង​ការដាក់​ប្រាក់​បម្រុង​កាតព្វកិច្ច​លើក​កម្ចី​អ​និវាសជន​ជាដើម ព្រមទាំង​កំពុង​សិក្សា​វិធាន​ដទៃទៀត ចាំបាច់​សម្រាប់​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យ​បាន​រឹងមាំ​។ ទន្ទឹមនេះ ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ក៏ត្រូវ​បាន​ពង្រឹង​ដើម្បី​បង្កើន​តម្លាភាព និង​រួមចំណែក​កាត់បន្ថយ​ហានិភ័យ​ឥណទាន​ក្នុង​វិស័យ​ធនាគារ​។​

​គួររំលឹកថា ក្នុង​ឆ្នាំ​២០១៥ កន្លងទៅ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ទូទាំងប្រទេស​ដល់ ៤.១៣៤ កន្លែង ម៉ា​ស៊ី​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ មាន ១.០៨២ ម៉ាស៊ីន ប័ណ្ណឥណទាន​ចំនួន​ប្រមាណ ៣៩ ពាន់ និង​ប័ណ្ណ​ឥណ​ពន្ធ​ចំនួន​ប្រមាណ ១,៤៥​លាន​។ ប្រជាជន​ពេញវ័យ​ប្រមាណ​ជា ៥១​ភាគរយ កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ កើន​ពី ៤២​ភាគរយ នៅ​ឆ្នាំ​២០១៤ កន្លងទៅ ដែល​ក្នុងនោះ ចំនួន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ មានការ​កើនឡើង ២១,៧​ភាគរយ (​ដល់ ៤​លាន​នាក់​) ហើយ​ចំនួន​អ្នក​ខ្ចីប្រាក់ បាន​កើនឡើង ១៤,១៤ ភាគរយ (​ដល់ ២,៥ លាន​នាក់​)៕​

លោក​ជា ចាន់តូ​៖ ឆ្នាំ​២០១៥ អត្រា​អតិផរណា មាន​កម្រិត ១,២ ភាគរយ ទាប​ជាង​ឆ្នាំ​កន្លងទៅ​

លោក​ជា ចាន់តូ​៖ ឆ្នាំ​២០១៥ អត្រា​អតិផរណា មាន​កម្រិត ១,២ ភាគរយ ទាប​ជាង​ឆ្នាំ​កន្លងទៅ​

លោក​ជា ចាន់តូ​៖ ឆ្នាំ​២០១៥ អត្រា​អតិផរណា មាន​កម្រិត ១,២ ភាគរយ ទាប​ជាង​ឆ្នាំ​កន្លងទៅ​

លោក​ជា ចាន់តូ​៖ ឆ្នាំ​២០១៥ អត្រា​អតិផរណា មាន​កម្រិត ១,២ ភាគរយ ទាប​ជាង​ឆ្នាំ​កន្លងទៅ​