រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ មិន​គោ​​រព​ក្រមសីលធម៌​វិជ្ជាជីវៈ​

Doliprane TVC

ជា​ញឹកញាប់ គេ​តែងតែ​ឮ​ប្រជាជន​ត្អូញត្អែរ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង គ្លីនិក​ឯកជន​ថា គ្រូពេទ្យ​គ្មាន​សីលធម៌ គ្មាន​លុយ​មិន​ព្យាបាល ទុក​អ្នកជំងឺ​រហូតដល់ ស្លាប់​ក៏មាន ដែល​បញ្ហា​ទាំងនេះ ធ្វើ​ឲ្យ​ប្រជាជន​ក្តៅក្រហាយ​។​ទាក់ទង​និង​បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានធ្វើការ​ព្រមាន​ថា នឹង​លុបឈ្មោះ​គ្រូពេទ្យ​រដ្ឋ និង​ឯកជន ទាំងឡាយណា ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ចេញពី​គណៈ​គ្រូពេទ្យ​កម្ពុជា សំដៅ លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ ដើម្បី​កាត់បន្ថយ​លំហូរ​ការចេញ​ទៅពិនិត្យ និង​ព្យាបាល​សុខភាព​នៅក្រៅ​ប្រទេស​។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន អឹម​រ៉ា​យ កាលពី​ថ្ងៃ​​ទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​​ក្រសួងសុខាភិបាល​មានប្រសាសន៍ថា ចាប់ពីពេលនេះ​ទៅ ចំពោះ​គ្រូពេទ្យ​ទាំងឡាយ​ណា ដែល​រំលោភបំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ​គណៈ​គ្រូពេទ្យ​នឹងដាក់​ពិន័យ​រដ្ឋបាល ដូចជា ការស្តីបន្ទោស ការដក​សញ្ញាបត្រ ហើយ​ករណី​ធ្ងន់ធ្ងរ និង​ឈាន ដល់​ការ​លុប​ឈ្មោះ​ចេញពី​បញ្ជី​គណៈ​គ្រូពេទ្យ​កម្ពុជា​មិន​អនុញ្ញាតឱ្យ​ប្រកប​វិជ្ជាជីវៈ​ជា​ពេទ្យ​តែម្តង​។​

ឯកឧត្ដម​បានបញ្ជាក់​ថា មុននឹង​ឈានដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈ​​គ្រូពេទ្យ​នេះ ក្រសួង និង​គណៈ​គ្រូពេទ្យ​កម្ពុជា​នឹងធ្វើ​ការអប់រំ​ណែនាំ​ក្រើនរម្លឹក ដើម្បី​​ឱ្យ​គ្រូពេទ្យ​ទាំងនោះ មានការ​យល់ដឹង បន្ថែមទៀត ឈានទៅ​ផ្លាស់ប្តូរ​ឥរិយាបថ គោរ​​ព​ក្រមសីលធម៌​វិជ្ជាជីវៈ​នេះ​ឡើងវិញ​។​ឯកឧត្តម​រដ្ឋមន្ដ្រី​បានស្នើ​ដល់​គ្រូពេទ្យ​ទាំងអស់ ត្រូវ​ពង្រឹង​ជំហរ​ក្នុង​ការផ្តល់សេវា​ព្យាបាល​ប្រកបដោយ​គុណភាព និង​គោរព​ក្រម​សី​ល​ធម៌​ឡើងវិញ សំដៅ​លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ មិន​គោ​​រព​ក្រមសីលធម៌​វិជ្ជាជីវៈ​

​ចំពោះ​ការព្រមាន​ចាត់វិធានការ​ដ៏​តឹងរឹង​នេះ ធ្វើឡើង​ខណៈពេល​វិស័យ​សុខាភិបាល​កម្ពុជា​ទទួល​រង​នូវ​ការរិះគន់ ពី​​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ប្រជាពលរដ្ឋ​ថា គ្រូពេទ្យ​មួយចំនួន​ប្រើពាក្យ​​គំរោះគំរើយ មើលងាយ មើលថោក​ប្រជាពលរដ្ឋ និង​ទុក​អ្នកជំងឺ​ក្រីក្រ​ចោល មិន​ព្រម​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ ។​

​លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​​គាំទ្រ​ចំពោះ វិធានការ​នេះ ដែល​នឹង​ធ្វើឱ្យ​គ្រូពេទ្យ​មួយចំនួន ពិចារណា​ងាក​​មក​គោរព​និង​អនុវត្តន៍​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​លើកស្ទួយ​កិត្តិយស​គ្រូពេទ្យ និង​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​​សូមបញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​នៅតែ​មិន​ផ្តល់​តម្លៃ និង​ការជឿជាក់​ទៅលើ គុណភាព​និង​គុណធម៌​គ្រូពេទ្យ​ខ្មែរ ដោយ​អ្នក​ដែលមាន​លទ្ធភាព បាន​ចាក​ចេញទៅ​ទទួល​ការ ពិនិត្យ និង​ព្យាបាល​នៅក្រៅ​ប្រទេស​៕ សុថា​ត់​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមាន​លុបឈ្មោះ​គ្រូពេទ្យ មិន​គោ​​រព​ក្រមសីលធម៌​វិជ្ជាជីវៈ​