អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប ឆ្នាំ​២០១៥ នាំ​ថវិកា​ចូល​ចរន្ត​សេដ្ឋកិច្ច​ប្រមាណ ៦០ លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ​: ប្រធាន​ក្រុម​ប្រតិបត្តិ​ការងារ​អង្គ​រស​ង្ក្រា​ន បាន​ឲ្យ​ដឹងថា អង្គរ​សង្ក្រាន្ត ដែល​បានធ្វើ កាលពី​ឆ្នាំ​២០១៥ កន្លងមកនេះ មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ ចូលរួម​ជាង ១​លាន​នាក់​ដែល​បាន​នាំ​ថវិកា​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​នៅ​ខេត្តសៀមរាប ប្រមាណ​ជា ៦០​លាន​ដុល្លារ​អាមេរិក​។

​លោក សុខ សប្បាយ​ណា ប្រធាន​ក្រុម​ប្រតិបត្តិ​ការងារ​អង្គរ​សង្ក្រាន្ត បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​ថ្លែងអំណរគុណ​ជូន​ដល់​ដៃគូរ​ឧបត្ថម្ភ​គាំទ្រ និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦ កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ កន្លងមកនេះ នៅ​សណ្ឋាគារ ហ៊ី​វ៉ា​រី ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានធ្វើ​បី​លើក​រួចហើយ គឺ​ចាប់ពី​ឆ្នាំ​២០១៣ ដែលមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​. អន្តរជាតិ​ជាង ១៧​ម៉ឺន​នាក់ ចូលរួម​។ ឆ្នាំ​២០១៤ មាន​ចំនួន ៣៨​ម៉ឺន​នាក់ ថវិកា​ចូល​ចរន្ត​សេដ្ឋកិច្ច​នៅ​ខេត្តសៀមរាប មាន​ប្រមាណ​ជា ២៨ លាន​ដុល្លារ​អាមេរិក​។

​លោក​បាន​បន្តថា ដោយឡែក​សម្រាប់​ឆ្នាំ​២០១៥ កន្លងមកនេះ យើង​គ្រោង​គិតថា ៥០​ម៉ឺន​នាក់ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ មក​ចូលរួម​រហូតដល់ ១​លាន​នាក់ ដែល​ចំនួន​នេះ​កើន​លើស​ពាក់កណ្តាល​។ ចំពោះ​ថវិកា​ចូល​ចរន្ត​សេដ្ឋកិច្ច​នៅ​ខេត្តសៀមរាប មាន​រហូតដល់​៦០ លាន​ដុល្លារ​អាមេរិក​។ សម្រាប់​ឆ្នាំ​២០១៦​នេះ យើង​សង្ឃឹមថា អ្នកចូលរួម​ប្រហាក់ប្រហែល​ឆ្នាំ​កន្លងទៅ ឬ​លើស​បន្តិចបន្តួច​។​

​លោក សុខ សប្បាយ​ណា បាន​មានប្រសាសន៍ថា កម្មវិធី​ជួបជុំ នៅថ្ងៃនេះ យើង​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​ផ្សារភ្ជាប់​រវាង​អ្នករៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត និង​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ ក្នុងការ​ថ្លែងអំណរគុណ​ដល់​ពួកគាត់ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ទោះ​តិច ឬ​ច្រើនក្តី ជា​ថវិកា​ក្តី ជា​សេវា​ក្តី ជា​ឧបករណ៍​ក្តី ជា​ស្មារតី​ក្តី នៅក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នា​ឆ្នាំ​កន្លងទៅ​។ ទន្ទឹមនឹងនោះ ក៏​ជា​ឪ​កាស​មួយ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៦ ដល់​ពួកគាត់​ថា នឹងមាន​អ្វី​ប្លែក​ដើម្បី​ឲ្យ​ពួកគាត់​សិក្សា​ថា តើ​ពួកគាត់​ត្រូវ​ឧបត្ថម្ភ​ទៅលើ​អ្វី ហើយ​ឧបត្ថម្ភ​តាមរបៀប​ណា​?​។ បន្ថែម​ពីលើ​នេះ ក៏ដូចជា​ការណែនាំ​ឲ្យ​បុគ្គល​នៃ​អ្នក​ឧបត្ថម្ភ​ទាំងអស់ បាន​ស្គាល់គ្នា ហើយ​អាចបង្កើត​ការធ្វើ​ជំនួញ​រវាង​គ្នា​បាន​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​បាន​លើកឡើងថា ការទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺ​មិនអាច​ខ្វះ​បាន​ពី​ការចូល​រួមទាំង​វិស័យ​ឯកជន ស្ថាប័ន រដ្ឋ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ យុវជន កងកម្លាំងប្រដាប់អាវុធ គឺមាន​ការចូល​រួមទាំង​អស់​គ្នា ជា​មហា​គ្រួសារ​ខ្មែរ ពីព្រោះថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺជា​របស់​ខ្មែរ​ទាំងមូល​។​

​លោក​បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត គឺមាន​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​មាន​ចំណាប់អារម្មណ៍​ពីព្រោះថា ព្រឹត្តិ​កាណ៍រ​នេះ គឺជា​ទម្រង់​មួយ ដើម្បី​ឲ្យ​យុវជន​ទាំងអស់ ដែល​ស្រឡាញ់​នូវ​អរិយធម៌ និង​វប្បធម៌ អាច​ចូលរួមបាន ដែលជា​ផ្នែក​មួយ ដើម្បី​ជួយ​លើកស្ទួយ​អរិយធម៌ និង​វប្បធម៌ ហើយ​បានបង្ហាញ​ជា​ស្តង់ដា​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន ហើយ​អ្នក​ទាំងអស់នោះ អាច​យកតម្រាប់​តាម ឬ​យកទៅ​អភិវឌ្ឍន៍​បន្ថែ​ទៀត ដើម្បី​ឲ្យ​កាន់តែ​ល្អ​ជាងនេះទៀត​។ បន្ថែម​ពីលើ​នេះ​ទៀត តាមរយៈ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ នៅ​អង្គរ ខេត្តសៀមរាប ក៏​អាច​ឲ្យ​យុវជន​មាន​ឪ​កាស​រៀនសូត្រ​បាន​ច្រើន​ពី​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕​

អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប ឆ្នាំ​២០១៥ នាំ​ថវិកា​ចូល​ចរន្ត​សេដ្ឋកិច្ច​ប្រមាណ ៦០ លាន​ដុល្លារ​អាមេរិក​