រដ្ឋាភិបាល​រៀបចំ​ពិធី​បុណ្យ​ដាលាន​ថ្នាក់​ជាតិ​ជា​លើក​ដំបូង​នៅ​ខេត្ត​កំពង់​ឆ្នាំង

រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ពិធី​បុណ្យ​ដាលាន ឬ​បុណ្យ​ភូមិ ថ្នាក់​ជាតិ​យ៉ាង​ធំ​មួយ​ជា​លើកទី១​ នៅ​ខេត្ត​កំពង់ឆ្នាំង​នា​ថ្ងៃ​ទី​២២ ខែ​មករា។ ពិធី​បុណ្យ​ដាលាន​នេះ​មាន​អ្នក​ចូល​រួម​ប្រមាណ​១​ពាន់​​ នាក់។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ឆ្នាំង សង្ឃឹម​ថា​អ្នក​ចូល​រួម​ដែល​ភាគ​ច្រើន​ជា​ប្រជា​កសិករ នៅ​ឃុំ​គោកបន្ទាយ និង​ឃុំ​អណ្ដូងស្នាយ នៃ​ស្រុក​រលាប្អៀរ មាន​ឱកាស​ចែក​រំលែក​បទ​ពិសោធន៍​កសិកម្ម​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​បង្កបង្កើន​ផល​នៅ​ឆ្នាំ​ខាង​មុខៗ​ទៀត។ ប្រជា​កសិករ​ក៏​មាន​ឱកាស​សប្បាយ​រីករាយ​ជាមួយ​គ្នា បន្ទាប់​ពី​នឿយហត់​ប្រមូល​ផល​ស្រូវ អស់​រយៈ​ពេល​មួយ​រដូវ​ពេញ។

ប្រធាន​មន្ទីរ​កសិកម្ម​លោក ងិន ហ៊ុន មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​ដាលាន​ថ្នាក់​ជាតិ​នេះ​បាន​ធ្វើ​ឡើង​របៀប​វិល​ជុំ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ហើយ​ឆ្នាំ​២០១៦​នេះ​ធ្វើ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ លោក​ថា កន្លែង​ប្រារព្ធ​ពិធី​ដែល​ឋិត​នៅ​ចំ​កណ្ដាល​វាល​ស្រែ នៃ​ភូមិ​ស្ពងរាជ្យ ឃុំ​អណ្ដូងស្នាយ ចាប់​ផ្ដើម​ក្រុងពាលី​នៅ​ម៉ោង​១០​ព្រឹក និង​ពី​ម៉ោង​ពីរ​រសៀល​ទៅ​កម្មវិធី​នឹង​ចាប់​ផ្ដើម ក្រោម​អធិបតីភាព​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម៖ «ពិធី​បុណ្យ​ដាលាន​នេះ យើង​គ្រោង​ធ្វើ​រយៈ​ពេល​ធ្វើ​តែ​មួយ​ថ្ងៃ​ទេ! ជា​គោល​បំណង គឺ​ទី​១​ចង់​ឲ្យ​បងប្អូន​កសិករ​យើង​ទាំង​អស់​ជួប​ជុំ​គ្នា ពង្រីក​ចំណង​សាមគ្គីភាព​គ្នា ចូល​រួម​យោបល់ និង​បទពិសោធន៍​ពី​លើ​ការងារ​បង្កបង្កើនផល។ ទី​២​ចង់​ឲ្យ​ប្រជា​កសិករ​ទាំង​អស់​ចេះ​ស្រឡាញ់ និង​សន្សំ​សំចៃ​ស្រូវ។ ទី៣​ទាក់ទង​នឹង​បុណ្យ​ដាលាន​នេះ​ដែរ គឺ​ចង់​អប់រំ​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​យល់​ពី​ការ​រស់នៅ ឲ្យ​ដឹង​គុណ​ព្រះ​ធរណី ទឹក(គង្គា) ដែល​នេះ​ជា​កត្តា​សំខាន់​សម្រាប់​សន្តិសុខ​ស្បៀង»

នៅ​ក្រោម​បដា​ពាក្យ​ស្លោក "មាន​ស្រូវ គឺ​មាន​អ្វី​ៗ​ទាំង​អស់" ក្រុម​កសិករ និង​មន្ត្រី​កសិកម្ម​បាន​ដាក់​តាំង​បន្លែ​ផ្លែឈើ ត្រី​សាច់ ស្រូវ​អង្ក និង​ប្រភេទ​ជី​ដាក់​ស្រែ​មាន​គុណភាព​ខ្ពស់ ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រជា​កសិករ​មក​ពី​តំបន់​ផ្សេង​ៗ​ទស្សនា ឬ​ទទួល​បទពិសោធន៍។ ពួកគេ​ក៏​បាន​បង្ហាញ​នូវ​សកម្មភាព​កិនស្រូវ បោក​កណ្ដាប់ និង​សកម្មភាព​ដាល់​អំបុក​នៅ​ក្បែរ​រោង​ពិធី​នោះ​ទៀត​ផង។

កសិករ​គំរូ​ខាង​ផលិត​ស្រូវ​ម្នាក់​មក​ពី​ភូមិ​ខ្វិត នៃ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ គឺ​លោកស្រី កែ ខាន់ ឲ្យ​ដឹង​ថា ពិធី​បុណ្យ​ដាលាន ឬ​អបអរ​ភោគផល​នៅ​ពេល​បញ្ចប់​ការ​ប្រមូល​ផល​នេះ បាន​ផ្ដល់​ឱកាស​ដល់​គាត់​ជួប និង​ចែក​រំលែក​បទ​ពិសោធន៍​ទាក់​ទង​នឹង​ការ​ផលិត​ស្រូវ​ទៅ​កសិករ​ផ្សេង​ទៀត។ លោក​ស្រី​ថា ស្រប​ពេល​គ្នា​នេះ​គាត់​ក៏​អាច​សួរ​កសិករ​ដទៃ​ៗ ដើម្បី​ទទួល​បាន​បទពិសោធន៍​មក​វិញ​ដែរ៖ «អ្នក​មីង​សង្ឃឹម​ថា នឹង​ទទួល​បាន​បទពិសោធន៍​យ៉ាងម៉េច​ដែរ? មក​ថ្ងៃ​នេះ​គឺ​ទទួល​បាន​បទពិសោធន៍​ពី​កសិករ​ដទៃ​ទៀត ដូច​ថា​គាត់​ធ្វើ​បាន​ទិន្នផល​ស្រូវ​ខ្ពស់​ជាង​យើង តើ​គាត់​មាន​បច្ចេកទេស​អ្វីខ្លះ? ហើយ​យើង​នឹង​នាំ​យក​បទពិសោធន៍ និង​បច្ចេកទេស​នេះ​ទៅ​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ»

អាជ្ញាធរ​តាម​ខេត្ត​នីមួយៗ នៃ​ប្រទេស​កម្ពុជា បាន​ចាប់​អារម្មណ៍​រៀបចំ​ពិធី​បុណ្យ​ដាលាន ឬ​ពិធី​អបអរ​សាទរ​ភោគផល ក្រោយ​ពី​បញ្ចប់​ការ​ប្រមូល​ផល​ស្រូវ​វស្សា​ម្ដងៗ តាម​ទម្លាប់​របស់​កសិករ​នៅ​តាម​ភូមិ​ឋាន​នានា​នាំគ្នា​ធ្វើ​ពិធី​ពូន​ភ្នំ​ស្រូវ និង​និមន្តព្រះសង្ឃបង្សុកូល​តាម​បែប​សាសនា​មិន​ដែល​អាក់ខាន។ អាជ្ញាធរ​ថា ពិធី​នេះ​គឺ​ចង់​បង្ហាញ​ពី​សារសំខាន់​របស់​ស្រូវ និង​លើក​ទឹក​ចិត្ត​កសិករ​ក្នុង​ការ​​ផលិត​ស្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។