ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តព្រះវិហារ ៖ គ្រោងឆ្អឹង​​សាក​សព​ក្មេង​ស្រី​អាក្រាត​កាយ​ម្នាក់​ត្រូវ​បាន​បុរស​ដើរ​ឃ្វាលគោ​ប្រទះ​ឃើញ​ក្នុង​រណ្ដៅ​ក្នុង​ព្រៃ​ខាងកើត​ភូមិ​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៦ ។

លោក ម៉ែ​ន ធី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជា​អ្នក​ឃ្វាលគោ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​២២ ខែមករា ឆ្នាំ​២០១៦ គាត់​បាន​ដើរ​ឃ្វាលគោ​នៅ​ក្នុង​ព្រៃ ស្រាប់តែ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​មនុស្ស​ម្នាក់​នៅ​ក្នុង​រណ្ដៅ​ដែល​សត្វ​កាយ​នៅ​ក្បែរ​ជើង​ដំបូក ខណៈនោះ​លោក​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៣ ខែមករា ឆ្នាំ​២០១៦​ថា គ្រោងឆ្អឹង​ដែល​នៅ​ក្នុង​រណ្តៅ​នោះ​គឺជា​សាកសព​ក្មេង​ស្រី ដែល​មាន​អាយុ​ប្រហែលជា​១២​ឆ្នាំ តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ សមត្ថកិច្ច​បន្ត​ថា ចំពោះ​ករណី​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​ក្មេង​ស្រី​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​ថា​ស្លាប់​ដោយ​សារ​មូលហេតុ​អ្វី​នៅឡើយ​ទេ ព្រោះ​នៅ​សល់​តែ​គ្រោងឆ្អឹង លលាដ៍ក្បាល និង​សក់​តែ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោងឆ្អឹង​សព​ក្មេង​ស្រី​ខាងលើ​ដែល​ត្រូវ​គេ​យក​មក​កប់​ផ្កាប់មុខ​ចោល​ក្នុង​ព្រៃ​ដោយ​គ្មាន​សំលៀក​បំពាក់​ជាប់​នឹង​ខ្លួន​​ ហើយ​មិនទាន់​ដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ខាងលើ​នេះ ៕