ចប់ ២​តង់ Cambodia All Star របស់​កម្ពុជា ស្មើ Buriram United របស់​ថៃ ២ ទល់នឹង ២

ភ្នំពេញ: ​រហូតដល់​នាទី​ទី​៩០ ចាន់ វ​ឌ្ឍា​នា របស់ Cambodia All Star បាន​តាម​ស្មើ​ក្រុមបាល់ទាត់​ថៃ Buriram United ដោយ​លទ្ធផល ២​ទល់នឹង ២​។ នេះ​ជា​ព្រឹត្តិការណ៍​នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប ៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ នា​ព្រលប់​ថ្ងៃទី​២៣​មករា​នេះ​។​

​ក្រុមបាល់ទាត់​ថៃ Buriram United បាន​នាំមុខ​ក្រុមបាល់ទាត់​កម្ពុជា Cambodia All Star ១ ទល់នឹង ០ នៅ​ម៉ោង​បន្ថែម ចុង​តង់​ទី​១​។ ចូលដល់​តង់​ទី​២ នៅ​នាទី​ទី​៦៥ Cambodia All Star បាន​តាម​ស្មើ ១ ទល់នឹង ១​។ ក៏ប៉ុន្តែ​រហូតដល់​នាទី​ទី ៨៣ Buriram United បាន​ថែម​មួយ​គ្រាប់ នាំមុខ Cambodia All Star ២ ទល់នឹង ១​។​

​នេះ​ជា​ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់ ក្នុង​ក្របខណ្ឌ​មិត្តភាព​កម្ពុជា​ថៃ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ​។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នៅ​យប់​ថ្ងៃអាទិត្យ ទី​២៣​មករា​នេះ ក៏មាន​ការចូលរួម​ពី​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ផងដែរ​។ ការប្រកួត​បាល់ទាត់​មិត្តភាព​នេះ ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ PNN​។ ចំណែក​ទូរទស្សនិកជន បាន​ចូល​ទស្សនា​ពេញ​ស្តា​ត​អូឡាំពិក ដែលមាន​ចំនួន​មិនតិចជាង ៥ ម៉ឺន​នាក់​នោះទេ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ក្រុមបាល់ទាត់ Cambodian All Stars របស់​កម្ពុជា ដែលមាន​កីឡាករ​ភាគច្រើន ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ដោយ​លទ្ធផល ៤ ទល់នឹង ៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម SCG Muangthong United ជា​ក្រុមបាល់ទាត់ ឈរ​នៅ​លំដាប់​លេខ​២ របស់​ប្រទេស​ថៃ បន្ទាប់ពី​ក្រុម Buriram United​។​

​ការប្រកួត​នេះ ត្រូវ​បញ្ចប់​ដោយ​ការទា​ត់បាល់ ប៉េ​ណាំង​ទី ដើម្បី​រក​ក្រុម​អ្នកឈ្នះ​៕​