ចាប់ខ្លួនតា អាយុ៦៩ឆ្នាំម្នាក់ ក្រោយកាប់អ្នកភូមិ ម្នាក់របួសធ្ងន់ ព្រោះខឹងគេជេម៉ែពេលផឹកស៊ី

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦លោក វរ:សេនីយ៍ត្រី ចាន់ រុំ ប្រធានស្នាក់ការសន្តិសុខ៧៧៧ បានចុះប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យ១នាក់ ពីបទហិង្សា ដោយចេតនានៅចំណុចភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមក ទីបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្ត។

ជនសង្ស័យមានឈ្មោះ ហ៊ុន សាម៉េត ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិយាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកាប់ ជនរងគ្រោះឈ្មោះ អ៊ុន អែម ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលអោយ រងរបួសចំនួន៣កន្លែង ១.របួសពីក្រោមទងត្រចៀកឆ្វេងមកចង្កា១កន្លែង ២.របួសឆ្អឹងជំនី១កន្លែង ៣.របួសក្រោមចុងដង្ហើម១កន្លែង។

លោក ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន អ ហ ខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ធ្លាប់ផឹកស៊ីជាមួយគ្នា ជារៀងរាល់ថ្ងៃ ហើយតែងតែជេរប្រមាថគាត់ ជារៀងរាល់លើកគាត់មិនដែលប្រកាន់ខឹងទេ ប៉ុន្តែដល់ថ្ងៃកើតហេតុ ពួកគាត់អង្គុយផឹកស្រាជាមួយគ្នាទៀត ស្រាប់តែជនរងគ្រោះមិនត្រឹមតែជេរគាត់ទេ គឺជេរដល់ម្ដាយគាត់ទៀតពេលនោះ គាត់បានប្រាប់ទៅជនរង្គ្រោះថាកុំជេរម្ដាយគាត់ ជនរងគ្រោះនៅតែបន្តជេរទៀត ធ្វើអោយគាត់ខឹងយ៉ាងខ្លាំងទើបគាត់ស្ទុះ ទៅយកកាំបិតផ្គាក់មកកាប់លើជនរងគ្រោះរបួសធ្ងន់តែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នាព្រឹកស្អែកនេះ៕

ចាប់ខ្លួនតា អាយុ៦៩ឆ្នាំម្នាក់ ក្រោយកាប់អ្នកភូមិ ម្នាក់របួសធ្ងន់ ព្រោះខឹងគេជេម៉ែពេលផឹកស៊ី