ខ្ញុំ​ចង់​បញ្ចប់​ភាពជា​ជា​ប្តី​ប្រពន្ធ​រយៈពេល ៥ ឆ្នាំ ព្រោះ​ប្តី​ខ្ញុំ​ទាក់ទង​ស្រីក្មេង​

Doliprane TVC

​ពេលនេះ​ខ្ញុំ​ជួប​វិបត្តិ​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ​សោះ ទោះ​គិត​យ៉ាងណា​ក៏​មិន​ចេញ​ដែរ ហេតុនេះ​ទើប​សុំឱ្យ​«​ប្រជាប្រិយ​»​ជួយ​បង្ហាញផ្លូវ​ដល់​ខ្ញុំ​ផង ។ រឿង​របស់ខ្ញុំ​គឺជា​រឿងរ៉ាវ​ក្នុង​ក្រុមគ្រួសារ ដោយ​ឆ្នាំនេះ​នាង​ខ្ញុំ​មាន​អាយុ ២៥ ឆ្នាំ ហើយ​មាន​ប្តី​រយៈពេល ៥ ឆ្នាំ​មកហើយ និង មានកូន​ម្នាក់​ទៀតផង ។ កាលពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ដំបូង​ខ្ញុំ និង ប្តី​ស្រឡាញ់គ្នា​ខ្លាំងណាស់ គឺ​ផ្អែមល្ហែម​រកគ្នា​ទៅវិញទៅមក​មិនដែល​មានការ​ថ្នាំងថ្នាក់ ឬ មាត់ធំមាត់តូច​ដាក់គ្នា​ទេ និង តែង​នាំ​ខ្ញុំ​ទៅ​ដើរ​កម្សាន្ត​ទៅ​ញ៉ាំ​អាហារ​ជា​ញឹកញាប់ តែ​ក្នុង​រយៈពេលប្រមាណ​ជា​ជិត​មួយឆ្នាំ​មកហើយ​ដែល​ខ្ញុំ​សង្កេតឃើញ​ប្តី​ខ្ញុំ​គាត់​មាន​ចរិត​ប្លែក​ខុសពី​ពេលមុន ដោយ​គាត់​ពុំ​បង្ហាញ​នូវ​អាការ​សប្បាយចិត្ត ឬក៏​រួសរាយ​ស្និទ្ធស្នាល​ដាក់​ខ្ញុំ​ដូច​មុន​ឡើយ គាត់​ធ្វើ​អាកប្បកិរិយា​សោះអង្គើយ​មិន​ខ្វល់​ជាមួយ​ខ្ញុំធ្វើឱ្យ​ខ្ញុំ​មានការ​អាក់អន់ស្រពន់ចិត្ត និង តូចចិត្ត​ខ្លួនឯង​ជាខ្លាំង​ថា​មិនគួរ​ប្តី​ដែល​ធ្លាប់ស្រឡាញ់គ្នា​កម្សត់កម្រ​ជាមួយគ្នា​ច្រើន​ឆ្នាំ​ហើយ​ពេល​បាន​ជីវភាព​រាង​គ្រាន់បើ បន្តិច​ក៏​លេចចេញ​រឿង​បែកឆ្វេង​យ៉ាងនេះ​សោះ ។

ខ្ញុំ​ទទួលស្គាល់ថា​ប្រាក់កាស គាត់​ឱ្យមក​ខ្ញុំ​ជាធម្មតា តែ​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​មួម៉ៅ​ក្តៅក្រហាយ​ក្នុង​ចិត្តខ្លាំង​រហូត សម្រេចចិត្ត​ចង់​ធ្វើការ​ប្រកាសថា​«​ខ្ញុំ​ចង់​លែង​ប្តី​»​ក៏​ព្រោះ​តែមាន​គេ​ប្រាប់​ខ្ញុំ​ថា ប្តី​ខ្ញុំ​គាត់​បាន​ទាក់ទង​មាន​ស្រី​ថ្មី ដែល​ស្រី​នោះ​មាន​វ័យក្មេង​ជាង​ខ្ញុំ ។ ខ្ញុំ​ឈឺចាប់ ណាស់​ដែល​ខ្ញុំ​ខំ​ស្មោះស្ម័គ្រ​ជាមួយ​គាត់​តែ​គាត់​បែរជា​ក្បត់ចិត្ត​ខ្ញុំ​ទៅ​មាន​ស្រីក្មេង បើតាម​ចិត្ត​ក្តៅ​ខ្ញុំ​ចង់តែ​យក​ប្រុស​ក្មេង​មក​បញ្ឈឺ​វិញ​កុំឱ្យ​ថា​ខ្ញុំ​អន់​ពេក ។

​ពី​«​ប្រជាប្រិយ​»
​បើតាម​ការរៀបរាប់រ​បស់​នាង​ឃើញថា​ពោរពេញ​ដោយ​កំហឹង​ក្នុង​ចិត្ត​ខ្លាំងណាស់ មានន័យថា​ព្រោះតែ​កន្លងមក​នាង​ស្រឡាញ់​ប្តី​ខ្លាំងពេក​ទើប​ពេល​មានជួប​បញ្ហា​តិចតួច​បែរជា​ពូន​ផ្តុំ​បង្កើត​ទៅជា​ក្តី​ស្អប់​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ចិត្ត និង អារម្មណ៍​យ៉ាងនេះ ។ នាង​ត្រូវ​ចេះ​ប្រើ​អារម្មណ៍ និង ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ ព្រមទាំងគិតថា​គ្រប់​បញ្ហា​ទាំងអស់​គឺ​សុទ្ធ​តែមាន​ដំណោះស្រាយ​គ្រាន់តែ​វិធី​ដោះស្រាយ ទាំងអស់​មិន​ដូចគ្នា​ឡើយ ពោលគឺ​តាម​ពេលវេលា និង សកម្មភាព​ជាក់ស្តែង​នៃ​បញ្ហាដូចជា​រឿង​របស់​នាង​បាន​រៀបរាប់ថា ចាប់ពី​មានកូន​ជាមួយគ្នា​មក​ប្តី​ហាក់​សោះអង្គើយ តែ​នាង​មិនបាន​រកឱ្យឃើញ​ពី​មូលហេតុ​ពិត​នៃ​បញ្ហា​នោះ​ថា​តើ​គាត់​ធ្វើបែបនេះ​ព្រោះ​អ្វី​ទៅ ?

ជួនកាល​ប្តី​នាង​មាន​កិច្ចការងារ​ច្រើន​ជំពូក​ដែល​កំពុង​ប្រឈម និង ត្រូវ​ដោះស្រាយ លុះ​នាង​ឃើញ​សភាព​ខាងក្រៅ​របស់​ប្តី​ថា​មិន​ល្អូកល្អិន​ក៏​បែរជា​ប្រើស​ម្តី​ជ្រក់ជ្រេញ​និយាយ​ពាសវាល​ពាសកាល​លើក​ពី​រឿង​ផ្សេងៗ មក​ផ្ទុក​ដាក់ឱ្យ​ប្តី​កាន់តែ​ពិបាកចិត្ត​ក្រពុលមុខ​រៀងខ្លួន​ទើប​គ្មាន​អ្នកណា​ស្តាប់​អ្នកណា អាច​ដណ្តើម​គ្នា​យកឈ្នះ​រៀងខ្លួន ។ ប្តី​ចង់ឱ្យ​នាង​យល់ចិត្ត​របស់គេ​ចង់ឱ្យ​នាងលើកទឹកចិត្ត​ដល់​គេ តែ​នាង​មិន​យល់​បែរជា​ថា​គេ​តោះតើយ​ព្រងើយ​ដាក់ សំខាន់ចង់ឱ្យ​ប្តី​ងាក​មក​លួងលោម​ដើម្បី​ឱ្យបាន​ធូរស្រាល​ចិត្ត​ខ្លះ​ពី​ការគិត​នូវ​រឿង​អាក្រក់​របស់​ប្តី ។

និយាយ​ទៅ​គឺ​មកពី​មិនចេះ​យល់ចិត្ត​គ្នា​រៀងខ្លួន បើ​ធ្វើ​ដូច​តែ​កាលពី ទើបបាន​គ្នា​ជា​ប្តី​ប្រពន្ធ​ដំបូង​នោះ​ជឿថា​អត់​មាន​បញ្ហា​នោះទេ ។​​នាង​បាន​រៀបរាប់ថា​មាន​គេ​ប្រាប់​ពី​រឿង​ប្តី​កំពុង​ទាក់ទង​ជាមួយ​ស្រី​ថ្មី​វ័យក្មេង តែ​ក៏​និយាយ​ដែរ​ថា​រឿង​ប្រាក់កាស​ក៏​មិនមាន​អ្វី​ប្លែក​ដែរ នេះ​មកពី​នាង​ឆាប់​ជឿ​តាម សម្តី​គេ​ពេក​ភ្លេច​គិតពី​ការរួមរស់​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល ។ នាង​ត្រូវ​ពិចារណា ឡើងវិញ​ថា​តើ​គេ​ប្រាប់​រឿង​នោះ​វា​ជា​រឿង​ពិត​ដែរឬទេ ? នាង​ត្រូវ​ចេះ​តាមដាន មិនមែន​ចេះតែ​ជឿ​ទាំងស្រុង​ខ្វះ​ការតាមដាន​ពិចារណា​ខ្លួនឯង​ឡើយ ។ ធម្មតាមនុស្ស​កាលណា​មានចិត្ត​ស្អប់​លើ​អ្នកណា​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​មើលទៅ​ឃើញថា ជា​សកម្មភាព​ខុសឆ្គង​ទាំងអស់​ដូច្នេះ​ត្រូវ​ចាំ​ថា​មនុស្ស​ឆ្លាត​គេ​មិន​ប្រើ​អារម្មណ៍ ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ ។

​នាង​កុំ​ទាន់​ជឿ​សម្តី​អ្នកដទៃ​ច្រើនពេក ព្រោះ​អាចមាន​ផល​ល្អ និង មិនល្អ​សម្រាប់​នាង ។ បើ​គេ​ប្រាប់​រឿង​អ្វី​មិនល្អ​អំពី​ក្រុមគ្រួសារ​នាង​ត្រូវតែ​អរគុណ​គេ តែ​ត្រូវ​ចេះ​វិភាគ​ពិចារណា​ឱ្យបាន​វែងឆ្ងាយ​ថា​វា​មាន​ហេតុផល​ច្បាស់លាស់​ឬទេ ? ជួនកាល​អាច​គេច​ង់​បំបែកបំបាក់​គ្រួសារ​នាង​ព្រោះតែ​ឃើញ​កំពុង​ល្អូកល្អិន​គ្នា​មានសុភមង្គល​ជាង​គ្រួសារ​គេ ជួនកាល​គេច​ង់​បំបែក​នាង​ពី​ប្តី​ដើម្បី​ប្រយោជន៍​គេ បើជា​ស្រី​អាច​គេ​ចង់​អូសទាញ​ប្តី​នាង បើជា​ប្រុស​អាច​គេ​ចង់​ទាក់ទាញ​នាង …​។

​សរុបសេចក្តី​ទៅ​បើ​នាង​ចង់​លែង​ប្តី​គឺមាន​អាទិភាព​ច្រើន​នៅក្នុង​ផ្លូវច្បាប់ ព្រោះ​បើ​តុលាការ​ផ្សះផ្សា​ហើយ​មិន​ព្រម​រួបរួមគ្នា​វិញ​ទេ​គឺ​តុលាការ​មានតែ​ចេញសាលក្រម​ឱ្យ​នាង​ហើយ ។ ប៉ុន្តែ​នាង​ត្រូវ​គិត​ឱ្យ​វែងឆ្ងាយ​ថា តើ​នាង​លែង​ប្តី​រួច មិន​យកប្តី​សុខចិត្ត​រស់នៅ​ជា​ស្រី​មេម៉ាយ​រហូត​ឬ ? ចំពោះ​«​ប្រជាប្រិយ​»​មិន​ជឿទេ ព្រោះ​នាង​អាយុ​ទើបតែ ២៥ ឆ្នាំ យូរ ឬ ឆាប់​ពិតជា​យកប្តី​ទៀតហើយ ។ ដូច្នេះនាង​គួរ​ដឹង​ដោយ​ខ្លួនឯង​ថា នៅពេល​បាន​ប្តី​ក្រោយ​សង្ឃឹមថា​គេ​ពិត​ជាមាន​ចរិតលក្ខណៈ​ល្អ​ជាង​ប្តី​នាង​ពេលនេះ​ឬទេ ?

ប្តី​នាង​ឱ្យប្រាក់​ជាធម្មតា​គ្រាន់តែ​គិតថា គេ​មិនសូវ​នែបនិត្យ​ដូច​មុន បញ្ហា​គឺ​បើ​ចេះ​និយាយ​គ្នា​ឱ្យដឹងពី​ទឹកចិត្ត និង ចំណង់ ចំណូលចិត្ត​រៀងខ្លួន​ប្រាកដជា​គ្មាន​រឿង​អ្វី​ឡើយ ។ បើ​នាង​ជ្រើស​យក​អ្នក​ក្រោយ ប៉ះចំ​មនុស្ស​មានពុត​ត្បុត​អាក្រក់​ឆបោក​ទាំង​ចិត្ត​ទាំង​កាយ និង ទ្រព្យសម្បត្តិ តើ​វា នឹងធ្វើ​ឱ្យ​នាង​ជួប​ការឈឺចាប់​យ៉ាងណា​ទៀត ? ទុក្ខ​ជាន់​លើ​ទុក្ខ​ណា​នាង ! ​នេះ​ជា​រឿង​អនាគត​ផ្ទាល់ខ្លួន​របស់​នាង ហេតុនេះ​មានតែ​នាង​ផ្ទាល់​ដែលជា​អ្នក​សម្រេចចិត្តថា​លែង ឬ មិន​លេង​… ៕