Cambodia All Stars ឈ្នះ​ក្រុម​ជើង​ឯក​ថៃ Buriram United លើក​ពាន​មិត្តភាព


Cambodia All Stars ឈ្នះ​ក្រុម​ជើង​ឯក​ថៃ Buriram United លើក​ពាន​មិត្តភាព

ពហុកីឡដ្ឋាន​ជាតិ​បាន​ពោរពេញ​ដោយ​​សំឡេង​ហោ​កង​រំពង​ពី​អ្នក​​គាំទ្រ​ដល់​អ្នក​ចម្បាំង​អង្គរ​​ Cambodia All Stars ដែល​ទទួល​ស្វាគមន៍​ក្រុម​យក្ស​មក​ពី​ថៃ​ Buriram United វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​មិញនេះ។ លទ្ធផលរវាងក្រុមទាំង​ពីរ​​បាន​បញ្ចប់​ទៅ​ស្មើ​គ្នា ២-២ ក្នុង​ការ​ប្រកួត​ ៩០​នាទី​ពេញ។ ការស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រុម​កម្ពុជា Cambodia All Stars ​ជា​​អ្នក​ឈ្នះ​ដោយគ្រាប់​បាល់ ៤-៣។ សរុប​គ្រាប់​​បាល់ ក្រុម​កម្ពុជា Cambodia ​All Stars ឈ្នះ​ក្រុម​ Buriram United ៦-៥ ដែល​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​ថៃ​នេះ​ស្គាល់​​បរាជ័យ​លើ​ទឹក​ដី​កម្ពុជា​ដូច​ក្រុម​ជើង​ឯក​រង Muangthong United ដែរ។

 

នៅ​តង់​ទី១ ​ក្រុម​ទាំង​២ មាន​ឱកាស​ទៅ​វិញ​ទៅ​មក​ដូច​គ្នា ប៉ុន្តែ​ក្រុម Buriram United ស៊ុតចេញ​ពី​ជើង​បាន​ច្រើន​ជាង។ ជិត​ចប់​ការ​ប្រកួត​ក្នុង​តង់​ទី១ ប្រធាន​ក្រុម Buriram United កីឡាករ Nutnum ស៊ុត​នាំ​មុខ​មុន ១-០។

 

ចូល​ដល់​តង់​ទី២ កីឡាករ ប្រាក់ មុន្នីឧត្តម បាន​ស៊ុត​តាម​ស្មើ​វិញ នៅ​នាទី​ទី៦៨។ ក្រុម Buriram United នៅ​តែ​បន្ត​សម្រុក​រហូត​រក​បាន​គ្រាប់​បាល់​បន្ថែម​មួយ​គ្រាប់​ទៀត​ដើម្បី​នាំ​មុខ​ជា​ថ្មី​នៅ​នាទី​ទី៨៣ ដោយ​កីឡាករ Diogo។ ទោះ​យ៉ាង​ណា កីឡាករ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ស៊ុត​តាម​ស្មើ​វិញ​នៅ​ជិត​ចប់​ការ​ប្រកួត​នាទី៩០។

 

ចំពោះ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី៖

ក្រុម​កម្ពុជា Cambodia All Stars៖ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, គួច សុកុម្ភៈ និង ស៊ុន សុវណ្ណរិទ្ធី ស៊ុត​ចូល ប៉ុន្តែ សុក សុវណ្ណ ស៊ុត​មិន​ចូល។

ក្រុម​ថៃ Buriram United៖ Theerathon, Diogo និង Andre Moritz ស៊ុត​ចូល ប៉ុន្តែ Andre Tunez និង Koravit Namwiset ស៊ុត​មិន​ចូល៕

 

Cambodia All Stars ឈ្នះ​ក្រុម​ជើង​ឯក​ថៃ Buriram United លើក​ពាន​មិត្តភាព

Cambodia All Stars ឈ្នះ​ក្រុម​ជើង​ឯក​ថៃ Buriram United លើក​ពាន​មិត្តភាព

Cambodia All Stars ឈ្នះ​ក្រុម​ជើង​ឯក​ថៃ Buriram United លើក​ពាន​មិត្តភាព

 

Cambodia All Stars ឈ្នះ​ក្រុម​ជើង​ឯក​ថៃ Buriram United លើក​ពាន​មិត្តភាព

 

អត្ថបទ៖ ជាន ចាន់រ៉ា