សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ នា​ដើមខែ​កុម្ភៈ ២០១៦ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា និង​ស្វាមី​រស់នៅ​អា​មេ​រិ​ក​នឹង​នាំ​កូនស្រី​មក​លេង​ស្រុក​កំណើត​។ នា​ឱកាស​មក​សម្រាក​លំហែកាយ​លើ​ទឹកដី​ធ្លាប់​ផ្តល់​ភាព​ល្បីល្បាញ​នេះ​សា​រ៉ា​យ ស​ក្ខ​ណា ត្រូវ​ស្វាមី​ផ្តល់​សិទ្ធិ​ឲ្យ​ឆ្លៀតពេល​ចូលរួម​សម្តែង​ភាពយន្ត ។

តារា​សម្តែង​ស្រី​ល្បីឈ្មោះ​សា​រ៉ា​យ ស​ក្ខ​ណា បាន​បោះបង់​អាជីព​សិល្បៈ​ទៅ​រួមរស់​ជាមួយ​ស្វាមី​នៅ​សហរដ្ឋអាមេរិក​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​។ ស​ក្ខ​ណា​មាន​គម្រោង​នាំ​កូនស្រី ស្វាមី និង​ឪពុក​ម្តាយក្មេក​មក​កម្សាន្ត ពិសេស​សាកសួរ​សុខទុក្ខ​ក្រុម​គ្រួសារ​នាង​នៅ​កម្ពុជា ។ ទន្ទឹម​នេះ​ស​ក្ខ​ណា នឹង​ឆ្លៀតពេល​ចូលរួម​សម្តែង​ខ្សែភាពយន្ត ។
ក្រោយ​រៀប​ការ​រួច​មក សា​រ៉ា​យ ស​ក្ខ​ណា បាន​ពពោះ​កូនស្រី​លើក​ដំបូង​ដែល​ពេល​នេះ អាយុ​ជិត​១​ឆ្នាំ​ហើយ ។

អ្នកស្រី​វ៉ា​ន់ ចាន់​សម្ផស្ស ម្ដាយ​របស់​សា​រ៉ា​យ ស​ក្ខ​ណា និយាយ​ថា កូន​អ្នកស្រី​គ្រោង​មក​កម្ពុជា​តាំងពី​ដើម​ខែមករា ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​លើក​ពេល ព្រោះតែ​ស្វាមី​នាង​រវល់​ខ្លាំង ។ គម្រោង​ត្រូវ​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​១០ កុម្ភៈ ទើប​កូនស្រី​របស់​អ្នកស្រី​បាន​មក​ដល់ ។ មក​កម្ពុជា​លើក​នេះ ស​ក្ខ​ណា​មក​ជាមួយ​ស្វាមី និង​ឪពុក​ម្តាយក្មេក​។

ចំពោះ​កូន​របស់​សា​រ៉ា​យ ស​ក្ខ​ណា នៅ​តូច ដូច្នេះ​ស្វាមី​ត្រូវ​មក​ដែរ​ដើម្បី​ជួយ​មើល​។ សំបុត្រ​យន្តហោះ​បាន​ទិញ​រួច​ហើយ ។ ការ​មក​កម្ពុជា​លើក​នេះ របស់​ស​ក្ខ​ណា​មាន​រយៈពេល​ប្រមាណ​១​ខែ ហើយ​នាង​មាន​គម្រោង​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ ប៉ុន្តែ​អ្នកស្រី​ជា​ម្តាយ​នៅ​មិន​ទាន់​ដឹង​លម្អិត​អំពី​ខ្សែភាពយន្ត​នោះ​ទេ ។

អ្នកស្រី​ជា​ម្តាយ​បញ្ជាក់​ថា «​មាន​ផលិតករ​អ្នកដឹកនាំ​ខ្សែភាពយន្ត ជា​ច្រើន​នៅ​តែ​បន្ត​ទាក់ទង​កូន​ខ្ញុំ​ដើម្បី​ថត​ខ្សែភាពយន្ត បើ​ទោះបីជា​កូន​ខ្ញុំ​មានកូន​មួយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​សំណើ​ជា​ច្រើន​នាង​មិន​ហ៊ាន​ទទួល​ទេ ព្រោះតែ​ពេលវេលា​។ កូន​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ឲ្យ​បាន​ច្រើន ។ ខណៈ​ដែល​បញ្ចប់​ដំណើរ​កម្សាន្ត​ក្នុងស្រុក ស​ក្ខ​ណា​ចង់​នាំ​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ។ ទោះជា​យ៉ាងណា​ក្តី កូនស្រី​ខ្ញុំ​អាច​នឹង​ឆ្លៀតពេល​ខ្លះ​ដើម្បី​ថត​បទ​ចម្រៀង​សម្រាប់​ផលិតកម្ម​ក្នុងស្រុក រួម​ទាំង​ឡើង​ឆាក​តន្ត្រី​ខ្លះ​ទាន់​មានឱកាស ។ ចំពោះ​ស្វាមី​សា​រ៉ា​យ ស​ក្ខ​ណា នៅ​តែ​បើក​សិទ្ធិ​ចំពោះ​ភរិយា ប្រសិនបើ​នាង​ចង់​ថត​ខ្សែភាពយន្ត ប៉ុន្តែ​ស្វាមី​នាង​នៅ​តែ​ខ្វាយខ្វល់​ពី​សុខភាព​នាង​ដោយ​ដែល​ចង់​ឲ្យ​នាង​មាន​ពេល​ច្រើន​នៅ​ជាមួយ​កូន​តូច និង​ឆ្លៀតពេល​សិក្សា​ភាសា​អង់គ្លេស​បន្ថែម​ពេលទំនេរ​» ។

តារាភាពយន្ត​សា​រ៉ា​យ ស​ក្ខ​ណា បាន​រៀប​ការ​ជាមួយ​មេធាវី​នៅ​សហរដ្ឋអាមេរិក​លោក ប៊ុ​ន មេត្រី កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៣ និង​បាន​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​កាលពី​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០១៤ ។

សា​រ៉ា​យ ស​ក្ខ​ណា ជា​តារា​សម្តែង​ម្នាក់​ចាកចេញ​ទៅ​រស់​បរទេស​ជាមួយ​ស្វាមី ខណៈ​កំពុង​មានឈ្មោះ​ល្បី ដូច​គ្នា​នឹង​តារា​សម្តែង​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា និង​អ្នក​នាង​វ៉េ​ត រតនា​ដែរ ៕