ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ភ្លាមៗបន្ទាប់ពីក្រុមបាល់ទាត់ Cambodian All Stars ​បានយកឈ្នះក្រុមជើងឯកថៃ Buriram United ​ដោយបាល់ប៉េណាល់ទី៤-៣ ​បន្ទាប់ពីការប្រកួត​៩០នាទី​បញ្ចប់​ទៅ២-២​នោះរួចមក សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook) Page ​ផ្លូវការរបស់សម្តេច​បង្ហោះនៅ​យប់​ថ្ងៃទី២៣ ​មករា មានខ្លឹមសារទំាងស្រុងថា ​"ខ្ញុំសូមកោតសរសើរ និងអបអរសាទរដល់កីឡាករ​បាល់ទាត់កម្ពុជា ​ដែលបានប្រកួតឈ្នះកីឡាករ​ប្រទេសថៃ នៅក្នុងការប្រកួត​អបអរសាទររំលឹកខួបលើកទី ​៦៥ មិត្តភាពនិងទំនាក់ទំនងការទូត កម្ពុជា-ថៃ​ ដែលមាន ឯកឧត្តម​ Tanasak Patimapragorn ​ឧបនាយករដ្ឋមន្រ្តីថៃ និង ឯកឧត្តម ​ហោ ណាំហុង ​ ឧបនាយករដ្ឋមន្រ្តីកម្ពុជា​ តំណាងប្រទេសទាំងពីរចូលរួម​នៅរាជធានីភ្នំពេញថ្ងៃនេះ ។
ទន្ទឹមនឹងនេះ​ ខ្ញុំក៏សូមអរគុណកីឡាករបាល់ទាត់ប្រទេសថៃ ​ ដែលបានមកចូលរួមប្រកួត​ក្នុងលក្ខណះមិត្តភាពថ្ងៃនេះ។

ខ្ញុំសូមជូនពរដល់​កីឡាករបាល់ទាត់នៃប្រទេសទាំងពីរជួបតែសំណាងល្អ​ និងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅ​ក្នុងការប្រកួតលក្ខណះមិត្តភាព​លើកក្រោយ។
ខ្ញុំសុំអរគុណចំពោះ​បងប្អូនជនរួមជាតិដែលបានចូលរួមគាំទ្រ​ការប្រកួតដែលបង្ហាញពីការ​គាំទ្រដល់ការពង្រឹង ​ពង្រីកចំណងមិត្តភាព​ និងកិច្ចសហប្រត្តិការរវាង​ប្រទេស ទាំងពីរ កម្ពុជា-ថៃ អោយល្អរឹងមាំថែមទៀត ។

សុំអបអរសាទរកីឡាបាល់ទាត់កម្ពុជា ​ និង ផ្តល់ជូនថវិកាឧបត្ថម្ភចំនួន ៣៦នាក់ ​ទាំងកីឡាករ ទាំងគ្រូបង្ហាត់ (១នាក់១០០០ដុល្លា) ​ស្មើៗគ្នា សរុប $36,000។"