បង្ក្រាប​សង្វៀន​ បញ្ជល់មាន់​ដុះ​ស្លែ​ នៅ​ក្រុងប៉ៃលិន គ្មាន​ចាប់​បាន​អ្នកលេង​ម្នាក់​សោះ

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ស្នងការ​នគរបាល ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឆ្មក់​ចូល​វង់ល្បែង​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង​ទាំង​ កណ្តាលថ្ងៃត្រង់ ធ្វើ​ឱ្យ​អ្នកខ្លះ​ហក់​ផ្លោះ​របង​ផ្ទះ​កំពស់​ជិត​២​ម៉ែត្រ អ្នកខ្លះ​ដាច់​ស្បែកជើង និង​ខ្លះ​ទៀត​ដួល​របួសស្រាល រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ម៉ូតូ​១០​គ្រឿង ស៊ុម​ក្រុងមាន់​ចំនួន​៧, មាន់​ជល់​៧​ក្បាល​, ជញ្ជីង​ថ្លឹង​១ និង​សង្វៀន​មួយ​ឈុត​ផង​ដែរ ។

ហេតុការណ៍​នេះ​បង្ក្រាប​កន្លែង​បញ្ជល់មាន់​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅ​ជាប់​ខាងជើង​ផ្លូវជាតិ​លេខ​៥៧ ទល់មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា កន្លែង​លេងល្បែង​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​ របស់​ឈ្មោះ មុត កប ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ស្ថិត​នៅ​ភូមិ​-​សង្កាត់​ខាងលើ ដោយ​បាន​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរ​ថ្ងៃខែ​មក​ហើយ ហើយ​អ្នក​ញៀន​ល្បែង​ទាំងនោះ​មាន​ទាំង​ប្រជាពលរដ្ឋ​ធម្មតា និង​មន្ត្រីរាជការ​មួយ​ចំនួន​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ច្បាស់ការ​ពី​ភ្នាក់ងារ​សម្ងាត់ ទើប​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​ចុះ​បង្ក្រាប​កន្លែង​លេងល្បែង​បញ្ជល់មាន់​នៅ​ក្នុង​ក្រុងប៉ៃលិន​នេះ​ តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ខាង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង និង​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​ទាំងនោះ ហើយ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ មានការ​សប្បាយ​ រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​សមត្ថកិច្ច​នគរបាល​បាន​ចុះ​បង្ក្រាប​ កន្លែង​លេងល្បែង​ស៊ីសង​គ្រប់​ ប្រភេទ​ជា​ញឹកញាប់​នៅ​ក្នុង​ក្រុងប៉ៃលិន ព្រោះ​ល្បែង​កាន់តែ​ច្រើន​កើតឡើង អំពើ​លួច ប្លន់ កាប់សម្លាប់ ក៏​កាន់តែ​មាន​ច្រើន បង្ក​អសន្តិសុខ ​ក្នុង​សង្គម​រស់នៅ​ផង​ដែរ ។

ម្យ៉ាងវិញទៀត ល្បែង​កន្ទុយលេខ​(​ឆ្នោត​)​កំពុង​តែ​ត្រូវ​គេ​បើក​លេង​យ៉ាង​ពពាក់ពពូន​នៅ​ ក្នុង​ផ្សារ ហើយ​នៅ​តាម​ភូមិ​ជា​ច្រើន​ដែរ តែ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចាត់ការ​នៅឡើយ​ទេ ៕

បង្ក្រាប​សង្វៀន​ បញ្ជល់មាន់​ដុះ​ស្លែ​ នៅ​ក្រុងប៉ៃលិន គ្មាន​ចាប់​បាន​អ្នកលេង​ម្នាក់​សោះ
បង្ក្រាប​សង្វៀន​ បញ្ជល់មាន់​ដុះ​ស្លែ​ នៅ​ក្រុងប៉ៃលិន គ្មាន​ចាប់​បាន​អ្នកលេង​ម្នាក់​សោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត