សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍​ដាច់ដោច​រវាង​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ន​ដា មាន​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ។

ក្រោយ​មានរឿង​រ៉ាវ​ក្នុង​រង្វង់​គ្រួសារ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ពិភព​សិល្បៈ ក៏​ដូច​ជា​មហាជន​មក ភរិយា​របស់​លោក​យ៉ែ​ម សំ​អូន គឺ​អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​វេច​បង្វេច​មិន​បង្អង់​យូរ​ឡើង​យន្តហោះ​ចេញ​ទៅ​រស់នៅ​ជាមួយ​កូនស្រី​នៅ​ឯនាយ​សមុទ្រ ទុក​ឲ្យ​លោក​យ៉ែ​ម សំ​អូន នៅ​ស្រុក​ខ្មែរ​តែ​ម្នាក់ឯង ។

រយៈ​ពេញ​មួយ​ឆ្នាំ​ក្រោយ​ជួប​រឿង​ប្រះ​ឆា​លោក​យ៉ែ​ម សំ​អូន បាត់​ឱកាស​ជួប​មុខ​កូនស្រី​របស់​ខ្លួន ដោយ​លោក​ហាក់​មិន​ហ៊ាន​ប្រឈម​មុខជា​មួយ​ភរិយា បើ​ទោះបីជា​លោក​ព្យាយាម​សុំ​ទោស​នាង និង​មាន​បំណង​ផ្សះផ្សា​គ្នា​វិញ​ក៏​ដោយ ។

ក្នុង​នាម​ជា​ឪពុក លោក​យ៉ែ​ម សំ​អូន នឹករលឹក​កូនស្រី​របស់​ខ្លួន​ជា​និច្ច ដោយ​លោក​មិន​មាន​ចេតនា​កាត់​ផ្តាច់​មនោសញ្ចេតនា​មួយ​នេះ​ឡើយ ។ ជាក់ស្តែង លោក​សំ​អូន បាន​ផ្ញើ​សារ​ទៅ​កាន់​កូនស្រី​តាម​ហ្វេ​ស​ប៊ុ​ក តែ​មិន​បាន​លើក​ដល់​ឈ្មោះ​ភរិយា​របស់​លោក​ទេ ។

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​ក្នុង​ក្រុម Cambodia Super Model លោក​យ៉ែ​ម សំ​អូន សរសេរ​ថា «​មែនហើយ ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់ ប៉ុន្តែ​ប៉ា​នៅ​ចាំ​ច្បាស់ ស្នាមញញឹម ដែល​មាននៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​បញ្ជាក់​ថា ប៉ា​បាន​បែក​ពី​កូនស្រី​រយៈពេល​មួយ​ឆ្នាំ​ហើយ​២១ មក​រា ២០១៥ រហូត​មក​ដល់​ពេល​នេះ ប៉ា​ពិតជា​នឹក​កូន​ខ្លាំង​ណាស់ ហើយ​ប៉ា​សូមទោស​កូន តែ​ប៉ា​ជឿជាក់​ថា ពីរ​នាក់​ប៉ា​កូន​យើង​នឹង​បាន​ជួប​គ្នា ហើយ​កូន​ក៏​ធ្លាប់​បាន​សន្យា​នឹង​ប៉ា​ហើយ​នៅ​ថ្ងៃ​ណា​ដែល​ព្រម និង​ចង់​ជួប​ប៉ា មិន​ថា​ពេលវេលា និង​ទីកន្លែង​ឆ្ងាយ​យ៉ាងណា ក៏​ប៉ា​នឹង​ទៅ​ជួប​កូន​ភ្លាម ។

ប៉ា​នៅ​រក្សា​ជំហរ​ដដែល ប៉ា​ដែល​ផ្លាស់​ប្ដូរ​ខ្លួនឯង ថា​ប៉ា​មានកូន និង​ស្រលាញ់​កូន ស្មើនឹង​ជីវិត​របស់​ប៉ា ផ្លូវ​នៅ​វែង​ឆ្ងាយ​សម្រាប់​កូន ហើយ​មាន​តែ​ពេលវេលា​មួយ​គត់​ដែល​អាច​បញ្ចា​ក់អំ​ពី​គុណ​តម្លៃ​របស់​យើង ហើយ​ថា​តើ​យើង​នឹង​ដើរ​ដល់​កម្រិត​ណា តែ​ប៉ា​នៅ​តែ​មាន​សង្ឃឹម និង​មាន​មោទនភាព​ចំពោះ​កូនស្រី​ដ៏​រឹង​មាំ​របស់​ប៉ា ។

ប៉ា​សូម​ជូនពរ​កូនស្រី​តែ​មួយ​របស់​ប៉ា​ជួប​តែ​សេចក្ដីសុខ រៀន​ពូកែ និង​សូម​ឱ្យ​កូន​ក្លាយជា​មនុស្ស​ដ៏​ល្អ​សម្រាប់​អ្នក​គ្រប់​គ្នា ហើយ​កុំ​ភ្លេច​សន្យា​ជាមួយ​ប៉ា​ផង ប៉ា​ស្រលាញ់ និង​នឹក​កូន​ជា​រៀង​រហូត ។

អ្នក​នាង​យ៉ា​ន លី​ន​ដា និង​លោក​យ៉ែ​ម សំ​អូន បាន​ផ្តើម​ជីវិត​ស្នេហា​លើ​ដែន​កោះ​អូស្ត្រាលី ជាមួយ​ជីវភាព​ដ៏​សមរម្យ មានផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ ហើយ​មក​ទល់​ពេល​នេះ​កូនស្រី​បីដូច​ជា​ចំណងដៃ​នៃ​ក្តី​ស្នេហ៍​ជាង​មួយ​ទសវត្សរ៍​នោះ បាន​ធំ​ទន្ទឹម​ខ្លួន​អ្នក​មានគុណ​ដោយ​មាន​អាយុ ប្រមាណ​១៥​ឆ្នាំ​ហើយ ។

ចំណងអាពាហ៍ពិពាហ៍​រវាង​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ាន លី​ន​ដា បាន​ប្រេះឆា​មិន​នឹក​ស្មាន​ដល់ ហើយ​អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​ឡើង​យន្តហោះ​ទាំង​ទឹកភ្នែក​ទៅ​ប្រទេស​អូ​ស្រា្ត​លី វិញ​។ អ្នក​នាង​យ៉ា​ន លី​ន​ដា ធ្លាប់​អះអាង​ថា លោក​យ៉ែ​ម សំ​អូន បាន​វាយ​នាង ហើយ​គេ​ធ្វើ​បែប​នេះ បណ្តាល​មក​ពី​ភ្លេច​គ្រា​ស្នេហ៍​កម្សត់កម្រ កើត​ចិត្ត​មារ​ក្នុង​បេះដូង ប្រើ​ហិង្សា​ទាំង​កម្រោល បណ្តាល​ឲ្យ​នាងរង​របួស​ជាំមុខ ភ្លាត់ឆ្អឹង​កញ្ចឹងក រង​របួស​ត្រង់​ស្មា ។ ស៊ូទ្រាំ​អំពើ​បែប​នេះ​មិន​បាន ទើប​លី​ន​ដា​សម្រេចចិត្ត​ចាក​ចេញពី​ជីវិត​ប្តី​-​ប្រពន្ធ​រួម​ផ្ទះ ។

បន្ទាប់​ពី​ភរិយា​បាន​ទៅ​រស់នៅ​ឯនាយ​សមុទ្រ​នោះ​មក លោក​យ៉ែ​ម សំ​អូន តែងតែ​ព្យាយាម​ផ្សះផ្សា​ការ​បែកបាក់ ប៉ុន្តែ​ការ​ព្រម​ទទួលកំហុស​របស់​លោក​មិន​បាន​ផល​ជា​វិជ្ជមាន​ពី​ភរិយា​របស់​លោក​ឡើយ ។ អ្នក​នាង​យ៉ា​ន លី​ន​ដា ធ្លាប់​អះអាង​ថា ចំណង​ស្នេហ៍​របស់​នាង និង​លោក​យ៉ែ​ម សំ​អូន មិន​អាចវិល​ថយក្រោយ​បាន​ឡើយ ៕