សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ខេត្តសៀមរាប ៖ ក្រុម​សិល្បៈ​ស័ក្តិសិទ្ធិ​អង្គរ​ហៅ «​ក្រុម​នាដកា សក្ការៈ​អង្គរ​» នឹង​ទៅ​សម្តែង​របាំ​រាមកេរ្តិ៍​ជា​លើក​ដំបូង​ជូន​ភ្ញៀវជាតិ និង​អន្តរជាតិ​ទស្សនា នៅ​សាល​មហោស្រព​ចតុម្មុខ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមករា ឆ្នាំ​២០១៦ ។ ការ​សម្តែង​នេះ​ដើម្បី​ត្រៀមខ្លួន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​នា​ពេល​ខាង​មុខ ។

ការ​សម្តែង​នៅ​ភ្នំពេញ​មានការ​លក់​សំបុត្រ​ដើម្បី​ចូល​ទស្សនា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧​និង​២៨ ខែមករា ឆ្នាំ​២០១៦ ។ តម្លៃ​សំបុត្រ​មាន ៥០០០​រៀល​, ១០០០០​រៀល​, ៤០០០០​រៀល និង​៨០០០០​រៀល ។ ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នោះ​យក​ទៅ​ឧបត្ថម្ភ ទំនុកបម្រុង​ដល់​សិល្បករ សិល្ប​ការិនី ទាំងស្រុង​។

ក្រុម​សិល្បៈ​ស័ក្តិសិទ្ធិ​អង្គរ​ហៅ «​ក្រុម​នាដកា សក្ការៈ​អង្គរ​» ចេញ​មក​ពី​តំបន់​ជនបទ​នៅ​ជុំវិញ​ប្រាសាទបន្ទាយស្រី នៃ​ខេត្តសៀមរាប ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ណែនាំ​ឱ្យ​ស្គាល់​ពី​របាំ​រាមកេរ្តិ៍ ក៏​ដូច​ជា​ការ​បង្ហាញ​ជូន​ប្រជាជន​កម្ពុជា​ទស្សនា ក្នុង​គោលបំណង​មិន​ចង់​ធ្វើ​អ្វី​ឱ្យ​មានការ​រំលង​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ឡើយ មុន​នឹង​ឈាន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ។

អង្គការ​មូលនិធិ​ងិ​ន​កា​រ៉េ​ត​សម្រាប់​កម្ពុជា និង​សាលា​រចនា និង​វិចិត្រសិល្បៈ ដែល​រៀបចំ​ដោយ​លោក​ជំទាវ​ក​ន្ថា រ៉ា​វី​ន ងិ​ន​កា​រ៉េ​ត ជា​ប្រធាន​អង្គការ​មូលនិធិ​ងិ​ន​កា​រ៉េ​ត​សម្រាប់​កម្ពុជា និង​សាលា​រចនា​វិចិត្រសិល្បៈ​សម្ដេចព្រះរៀម បុប្ផា​ទេវី ឈូកស​បន្ទាយស្រី ព្រមទាំង​មាន​សម្ដេចព្រះរៀម​បុប្ផា ទេវី ជា​ប្រធានកិត្តិយស នឹង​សម្ដែង​របាំ​រាមកេរ្តិ៍ ជា​លើក​ដំបូង​របស់​ក្រុម​សិល្បៈ​ស​ក្ត័​សិទ្ធិ​អង្គរ ជូន​ដល់​ទស្សនិកជន​ដើម្បី​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ​របស់​ខ្លួន ។ ក្រុម​សិល្បៈ​ស​ក្ត័​សិទ្ធិ​អង្គរ​ហៅ «​ក្រុម​នាដកា សក្ការៈ​អង្គរ​» មានការ​តស៊ូ​ហ្វឹកហាត់​ចាប់តាំងពី​បើក​សាលា​សិល្បៈ​ក្នុង​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន​អស់​រយៈពេល​៩​ឆ្នាំ​ហើយ ជាមួយនឹង​ការ​ហាត់រៀន​៥​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​ចំណាយ​ពេល​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ ក្រុម​សិល្បករ​នេះ​ជា​ជន​ក្រីក្រ ដែល​កើត និង​រស់នៅ​ក្នុង​តំបន់​អង្គរ​បេះដូង​វប្បធម៌​ខ្មែរ ត្រូវ​បាន​ជ្រើសរើស​យក​មក​បង្ហាត់បង្រៀន​ក្នុងស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ដែល​ជា​ទឹកដី​សំបូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ និង​វត្ថុ​ស័ក្តិសិទ្ធិ ។

ទោះបីជា​ពួក​គេ​លំបាក​ក្រខ្សត់​ក៏​ដោយ ប៉ុន្តែ​ការ​ខិតខំ​តស៊ូ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​ពួក​គេ​មិន​ដែល​បោះបង់​ក្នុង​១​វិនាទី​ណា​ឡើយ ព្រោះតែ​ពួក​គេ​ស្រលាញ់ និង​ចូល​ចិត្ត​សិល្បៈ​នេះ ។ ក្រៅពីការ​ហាត់​រាំ មូលនិធិ​ងិ​ន កា​រ៉េ​ត​សម្រាប់​កម្ពុជា បាន​ផ្ដល់​ការ​អប់រំ​បន្ថែម​អំពី​សុខភាព​អនាម័យ ទឹក​ស្អាត កសិកម្ម សាងសង់​សាលារៀន ភាសា​អង់គ្លេស និង​ទទួល​បាន​ជំនាញ​ពីលើ​សិល្បៈ​គឺ​ផ្នែក​គំនូរ​បន្ថែម​ទៀត ។ បន្ទាប់​ពី​បាន​ទទួល​ការ​អប់រំ​ដល់​ពួក​គេ​បន្ថែម​ក្នុង​រយៈពេល​៩​ឆ្នាំ​នោះ គ្រួសារ នីមួយ​ៗ​បាន​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ដោយ​ពួក​គាត់​រីករាយ និង​យកចិត្តទុកដាក់​ទៅ​លើ​វិស័យ​សិល្បៈ ដែល​បាន​បាត់បង់​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ។

នៅ​ពេល​លោក​ជំទាវ ក​ន្ថា​រ៉ា​វី​ន បាន​បង្កើត​សាលា​បង្ហាត់​របាំ ក្បែរ​ប្រាសាទបន្ទាយស្រី ហើយ​ប្រជាជន​នៅ​ជុំវិញ​បានឮ​ពី​ការ​ប្រគំ​ភ្លេង​បួងសួង និង​ការ​សំដែង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ បាន​អង្រួន​ដួងចិត្ត​ប្រជាជន​នៅ​តំបន់​នោះ​ឱ្យ​នឹកឃើញ​ពី​អតីតកាល​ឡើង​វិញ ធ្វើ​ឱ្យ​ពួក​គាត់​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​សិល្បៈ​ស័ក្តិសិទ្ធិ​អង្គរ ធ្លាប់​បាន​បួងសួង​៣១​ប្រាសាទ ។ ក្រុម​សិល្បៈ​នេះ​ធ្លាប់​បាន​ចេញ​ទៅ​សម្តែង​បួងសួង​ថ្វាយ​ព្រះ​បរម​រតន​កោដ្ឋ វត្ត​ភូ​ប្រទេស​ឡាវ ជា​ពិសេស​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​រាំ​របាំ​បួងសួង​ជូន​ប្រជាជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ចំនួន​៦​អាទិត្យ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ។ ការ​ធ្វើរ​ដំណើរ​ពី​រដ្ឋ​១​ទៅ​រដ្ឋ​១ ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​កូន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ឱ្យ​នឹកឃើញ​ពី​អតីត​កាលដែល​មាន​ឈាមជ័រ​ជា​ជនជាតិ​ខ្មែរ មាន​សិល្បៈ​បុរាណ​ជាដើម ។      

ក្រុម​អ្នកសិល្បៈ​បាន​ជោគជ័យ​និង​គាំទ្រ​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ព្រមទាំង​វិល​ត្រលប់​មក​ប្រទេស​កំណើត​ជាមួយ​ប័ណ្ណសរសើរ​ពី​ស្ថាប័ន​មួយ​ចំនួន ។ ក្រុម​សិល្បៈ​ស័ក្តិសិទ្ធិ​អង្គរ​ហៅ​«​ក្រុម​នាដកា សក្ការៈ​អង្គរ​» បាន​រចនា​មកុដ​ធ្វើ​ពី​ស្លឹក​ត្នោត​ជា​សារ​ឱ្យ​កូនចៅ​យល់​ពី អត្តសញ្ញាណ​ជាតិ និង​គុណ​តម្លៃ​ដើម​ត្នោត ម៉ូ​ដ​សក់ សម្លៀក​បំពាក់ ស្ថិត​ក្រោម​ការ​រៀបចំ​ដោយ​លោក​ជំទាវ​ក​ន្ថា​រ៉ា​វី​ន ងិ​ន​កា​រ៉េ​ត ។ ក្រុម​សិល្បៈ​ស័​ក្ត័​សិទ្ធិ​អង្គរ ចង់​បង្ហាញ​ស្នាដៃ​ដ៏​ពិសេស​ដល់​ប្រជាជន​នៅ​ប្រទេស​កម្ពុជា​ជា​មុន​សិន មុន​ត្រៀម​ចេញ​ទៅ​សម្ដែង​ជូន​ប្រជាជន​នៅ​ទ្វីបអឺរ៉ុប នៅ​បស្ចិមប្រទេស​នា​ពេល ឆាប់​ៗ​ខាង​មុខ ។        

លោក​ជំទាវ ក​ន្ថា រ៉ា​វី​ន មាន​ប្រសាសន៍​ថា លោក​ជំទាវ​នឹង​ដឹកនាំ​សិល្បករ​ទៅ​សម្ដែង​នៅ​លើ​ឆាក​អន្តរជាតិ ព្រោះ​ក្រុម​សិល្បៈ​នេះ​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សហភាព​អឺរ៉ុប គឺ​រយៈពេល​៣​ខែ ។ នេះ​ជា​ជីវិត​ថ្មី​របស់​ពួក​គេ​និង​សមិទ្ធផល​ដែល​សុបិន​ក្លាយជា​ការណ៍​ពិត​តាម​រយៈ​លោក​ជំទាវ​ផ្ដល់​ឱ្យ​ការ​កែ​ច្នៃ​សម្លៀក​បំពាក់​តាម​របៀប​ធម្មជាតិ​នេះ ។

លោក​ជំទាវ​បាន​ជ្រើសរើស​យក​ពណ៌​ស ដែល​ជា​តំណាង​ឱ្យ​ចិត្ត​ស្មោះសរ បរិសុទ្ធ និង​ក្រណាត់​ស្បៃ​មុង​សម្រាប់​ភាវនា​បំបាត់​ជំងឺគ្រុនចាញ់ ។ បាន​ខិតខំ​អស់កម្លាំង​កាយ​ចិត្ត​ជាមួយ​បុគ្គលិក និង​អាជ្ញាធរ​មូលដ្ឋាន ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក ក្នុង​ការ​បង្រៀន​ប្រជាជន​មុន​ដំបូង​មាន​ចំនួន​២៨២៨​គ្រួសារ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ទ្រទ្រង់​ការ​រស់នៅ ចំនួន​១៤​ភូមិ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ហើយ​ប្រជាជន​ទាំងអស់​ទទួល​បានការ​អប់រំ​និង​អភិវឌ្ឍ​ជនបទ ព្រមទាំង​ឱ្យ​ពួក​គេ​បាន​ស្គាល់​ពី​វប្បធម៌ អរិយធម៌ ដែល​ជា​កេរដំណែល​តាំងពី​ដូនតា​របស់​ខ្មែរ​ជំនាន់​មុន ដើម្បី​ទុក​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ។

ក្រុម​សិល្បៈ​ស័ក្តិសិទ្ធិ​អង្គរ បាន​អំពាវនាវ​ដល់​ទស្សនិកជន​ទូទៅ​ឱ្យ​ចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់​ពួក​គេ​តាម​រយៈ​ការ​ចូលរួម​ទស្សនា ៕