ព័ត៌មាន​ជាតិ &raquo កសិកម្ម

ខេត្ត​ប៉ៃលិន ៖ ខណៈ​កសិករ​មួយ​ចំនួន​កំពុង​ជួប​ក្តី​កង្វល់​ពី​ការ​ធ្លាក់​ថ្លៃ​ដំឡូង​មី ក៏​មាន​កសិករ​មួយ​ចំនួន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មិន​ខ្វល់ខ្វាយ​ចំពោះ​បញ្ហា​ដំឡូង​មី​ធ្លាក់​ថ្លៃ​នោះ​ទេ ហើយ​ថែម​ទាំង​មិន​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អាកាសធាតុ​រាំង​ស្ងួត​យូរ​ឡើយ ព្រោះ​ពួក​គាត់​ជ្រើសរើស​ពូជ​ដំឡូង​មី​ល្អ ធន់​នឹង​អាកាសធាតុ និង​ទទួល​ទិន្នផល​ខ្ពស់​ថែម​ទៀត​ផង ពោល​គឺ​ចាប់ពី​៥៥​ទៅ​៦០​តោន​ក្នុង​១​ហិ​កតា ។ បើ​ដាំ​ប៉ះ​ចំ​ដី​មាន​ជីជាតិ​ល្អ​អាច​ទទួលផល​ពី​៦០​ទៅ​៧០​តោន​ខណៈ​ពូជ​ដំឡូង​មី​ដទៃ​ទៀត​ទទួលផល​បាន​ត្រឹមតែ​២៥​ទៅ​៣០​តោន​ក្នុង​១​ហិ​កតា​ប៉ុណ្ណោះ ។

កសិករ​ឈ្មោះ ប៊ុត កែវ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡុ​ង ច្រូង អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២០ មក​រា​ថា កាលពី​ឆ្នាំ​២០១៣ គាត់​បាន​សុំ​ពូជ​ដំឡូង​មី​ម្យ៉ាង​ប្រភេទ AM 089 ពី​បុរស​ម្នាក់ ឈ្មោះ អ៊ុ​ក ទូច ចំនួន​២​ដើម​យក​ទៅ​ដាំ​សាកមើល ស្រាប់តែ​ទទួល​បាន​ទិន្នផល​ខ្ពស់​ក្នុង​១​គុម្ព​ដក​បាន​ជាង​១០​គីឡូក្រាម ទើប​នៅ​ឆ្នាំ​២០១៤ គាត់​ដាំ​ជិត​កន្លះ​ហិ​កតា លុះ​ប្រមូល​ផល​យក​ទៅ​ចិញ្ច្រាំ​ហាល​ស្ងួត ថ្លឹង​បាន​ចំនួន​១៧​តោន ។ នៅ​ឆ្នាំ​២០១៥ គាត់​ដាំ​រហូត​ដល់​១២​ហិ​កតា ហើយ​ក្នុង​១​ហិ​កតា​ទទួល​បាន​ផល​ចាប់ពី​៦០ ទៅ​៧០​តោន បើ​ទោះបីជា​ប្រឈម​ការ​រាំង​ស្ងួត​យូរ តែ​ដំឡូង​មី​គាត់​មិន​ងាប់​នោះ​ទេ ពោល​គឺ​ធន់​នឹង​កម្តៅថ្ងៃ ។

បើ​តាម​លោក ពៅ ហឿ​ន អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ុ​ច ឯក អាយុ​៥៣​ឆ្នាំ បានឱ្យ​ដឹង​ថា ឆ្នាំ​២០១៣ គាត់​សាកល្បង​ដាំ​ពូជ​ដំឡូង​មីនេះ​ត្រឹមតែ​១៥​បាច់​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ជឿជាក់ លុះ​ទទួលផល​ខ្ពស់​គាត់​ដាំ​បន្ថែម​នៅ​ឆ្នាំ​២០១៤​ចំនួន​ជាង​កន្លះ​ហិ​កតា​ដែរ​ដោយ​ទទួលផល​ចំនួន​៣០​តោន ។ នៅ​ឆ្នាំ​២០១៥ គាត់​ដាំ​រហូត​ដល់​១០​ហិ​កតា​ហើយ​ពេល​ដក​សាកមើល​ក្នុង​១​គុម្ព​ទទួល​បាន​ពី​១៥​ទៅ​២០​គីឡូក្រាម ។

ចំណែក​លោក អ៊ុ​ក ទូច អាយុ​៤២​ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុត ទឹម អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ពូជ​ដំឡូង​មី​ល្អ​ប្រភេទ​AM89​នេះ​ខាង​លោក​នាំ​យក​មក​ពី​មន្ទីរពិសោធន៍​មួយ​ឈ្មោះ​ស៊ី​ឃិ​វ ក្នុង​ប្រទេស​ថៃ ដោយ​លោក​បាន​សាកល្បង​ដាំ​នៅ​ឆ្នាំ​២០១៣​ត្រឹមតែ​២០​ហិ​កតា លុះ​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅ​ឆ្នាំ​២០១៤​ដាំ​ចំនួន​៤០​ហិ​កតា រហូត​ដល់​ឆ្នាំ​២០១៥ លោក​ដាំ​ចំនួន​៨០​ហិ​កតា​។ បើ​ដី​មិនសូវ​ល្អ​ទទួលផល​ពី​៥៥​ទៅ​៦០​តោន​ក្នុង​១​ហិ​កតា តែបើ​ប៉ះ​ចំ​កន្លែង​ដី​ល្អ ចាប់ពី​៦០​ទៅ​៧០​តោន​ក្នុង​១​ហិ​កតា ។ ចំណែក​អ្នក​ដែល​ដាំដំឡូង​មី​ពូជ​ផ្សេង​ពី​នេះ នៅ​ក្បែរ​ដីចម្ការ​របស់​លោក​ដែរ ខណៈ​សុំ​ម្ចាស់​គេ​ដក​ប្រៀបធៀប​មើល​ទិន្នផល​ចំនួន​ពីរ​ទៅ​បី​គុម្ព ស្រាប់តែ​ឃើញ​មាន​មើម​ខ្លី​ៗ​ហើយ​មាន​ទម្ងន់​ប្រហែល​៣​ទៅ​៤​គីឡូក្រាម​ក្នុង​១​គុម្ព​ប៉ុណ្ណោះ ។ ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​កសិករ​ទាំងអស់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ងាក​មក​ដាំ​ពូជ​ដំឡូង​មី​ល្អ​ដែល​លោក​បាន​ដាំ​នេះ​វិញ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​បើ​ចង់បាន​ពូជ​ដំឡូង​នេះ​សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩៧ ៦៧៧ ៣១៣៨៕