ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

សារព័ត៌មាន​បរទេស​បាន​បង្ហាញ​រូបភាព​ពី​ផ្កាយ​រណប​ជា​រូប​វិហារ​បុរាណ «St Elijah Monastery» ដ៏​ចំណាស់​បំផុត​ក្នុង​ប្រទេស​អីុរ៉ា​ក់ អាយុ​ជាង​១៤០០​ឆ្នាំ ស្ថិត​នៅ​លើ​ភ្នំ​ក្នុង​ទីក្រុង​ម៉ូ​ស៊ូ​ល ភាគ​ខាងជើង ត្រូវ​ក្រុម​ប្រដាប់​អាវុធ​រដ្ឋ​អ៊ិ​ស្លា​ម​(IS) បំផ្លាញ​ចោល ។

អ្នកជំនាញ​បញ្ជាក់​ថា តាម​តឹកតាង​ក្នុង​ផ្កាយ​រណប​បង្ហាញ​ថា វិហារ​គ្រឹ​ស្ត​បុរាណ​នោះ​បាន​បំផ្លាញ​នៅ​ក្នុង​ឆ្នាំ​២០១៤ ឬ​ក្រោយ​ពេល​ក្រុម IS ចូល​កាន់កាប់​ក្រុង​ម៉ូ​ស៊ូ​ល ខណៈ​ពេល​សម្តេច​ប៉ូ​ល​ថា​ប៊ីត ហា​ប៊ី​ប ជា​ព្រះសង្ឃ​កាតូលិក នៅ​ក្រុង​ម៉ូ​ស៊ូ​ល បច្ចុប្បន្ន​ស្ថិត​នៅ​ក្រុង «​អីុ​ដ​លី​ប​» របស់​ជនជាតិ​ឃើ​ត បាន​ក្រើនរំឭក​ថា «​ប្រវត្តិសាស្ត្រ​របស់​គ្រឹ​ស្ត​សាសនិក​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ដ៏​ឃោរឃៅ បើ​ពិនិត្យ​ពី​ហេតុផល​នេះ​ឃើញ​ថា ពួក​គេ​កំពុង​ព្យាយាម​បណ្តេញ​យើង​ចេញពី​អីុរ៉ា​ក់​» ។

បច្ចុប្បន្ន​ក្រុម IS រមែង​វាយប្រហារ​ក្រុម​គ្រឹ​ស្ត​សាសនិក​នៅ​អីុ​រ៉ា​ក់ និង​ស៊ី​រី ទាំង​ការ​រឹបអូស​សម្ភារ និង​បង្ខំ​ឱ្យ​ប្តូរ​ទៅ​កាន់សាសនា​អ៊ិ​ស្លា​ម ឬ​តម្រូវ​ឱ្យ​បង់ពន្ធ​ខ្ពស់ ។ ក្រៅពី​នេះ IS ថែម​ទាំង​បំផ្លិចបំផ្លាញ​វត្ត​អារាម និង​វិហារ​គ្រឹ​ស្ត​បុរាណ​មុន​យុគសម័យ​អ៊ិ​ស្លា​ម​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​យ៉ាងច្រើន ។  ចំពោះ​វិហារ​គ្រឹ​ស្ត​អំបូរ «​អាស់​ស៊ី​រី​» នៅ​ក្នុង​ឆ្នាំ​៥៩៥ ក្រោយមក​ទទួល​ការ​អះអាង​ជា​ម្ចាស់​ដោយ​គ្រឹ​ស្ត​កាតូលិក​របស់​ជន​អំបូរ «​ខាល​ឌៀ​ន​» ។ បន្ទាប់​មក​វិហារ​នោះ​បាន​ក្លាយជា​មជ្ឈមណ្ឌល​របស់​សាសនិក​គ្រឹ​ស្ត​នៅ​ក្នុងស្រុក និង​គ្រឹ​ស្ត​សាសនិក​ជា​ច្រើន​នាក់​បាន​ចូលរួម​ក្នុង​ពិធី «​ម៉ា​អេ​លី​យ៉ា​» (Mar Elias) ត្រូវ​នឹង​ថ្ងៃ​ពុធ​ចុង​ក្រោយ​នៃ​ខែវិច្ឆិកា ក្នុងអំឡុងពេល​ជា​ច្រើន​សតវត្ស ។

នៅ​ឆ្នាំ​១៧៤៣ កងទ័ព «​ពែ​រ្ស៍​» បាន​ដាក់ គំនាប​ដល់​បុព្វ​ជិត​ក្នុង​វិហារ​នោះ​ត្រូវ​ប្តូរ​សាសនា​ទៅ​កាន់​អ៊ិ​ស្លា​ម ហើយ​បព្វជិត​បាន​បដិសេធ​ធ្វើ​ឱ្យ​ពួក​គេ​សម្លាប់​អស់​ជាង​១៥០​អង្គ៕