ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ ត្រូវ​បាន​គេ​យក​មក​​ប្លុង​ទុក​ចោល​នៅ​កៀនផ្ទះ ក៏​​​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ខែមករា នៅ​ក្នុង​បុរី​សន្តិភាព​១ ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ស្ត្រី​ម្នាក់​ដែល​​ប្រទះ​ឃើញ​ម៉ូតូ​ខាងលើ​សុំ​មិន​​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​ខ​ណៈ​ដែល​កូន​គាត់​ចេញ​មក​ក្រៅ​ផ្ទះ​ ស្រាប់តែ​​ឃើញ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​វ៉េវ ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​ចាស់ ពាក់​ស្លាក​លេខ​សៀមរាប​1H-5373 ត្រូវ​បាន​ជន​មិន​ស្គាល់​យក​មក​ទុក​ចោល​នៅ​កៀន​ផ្ទះ​របស់​គាត់​ដោយ​ខ្លាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋានឱ្យ​​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​តែ​ម្តង ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​​សមត្ថកិច្ច​មូលដ្ឋាន​​​ចុះ​ទៅ​ដល់​ចំណុច​​​ខាង​លើ​ក៏​​ឃើញ​ម៉ូតូ​​មាន​ចាក់សោ​ទុកដាក់​ត្រឹមត្រូវ​តែ​បែ​រជា​រក​ម្ចាស់​មិនឃើញ​​ ស្រប​ពេល​ដែល​សមត្ថកិច្ច​​បម្រុង​នាំ​យក​​​ទៅ​​ប៉ុស្តិ៍​​ចោម​ចៅ​​ ស្រាប់តែ​មាន​បុរស​ម្នាក់​ចុះ​ពី​ផ្ទះ​ជួល​ជាន់​ទី​៣​មក​​ប្រាប់​ថា​ ម៉ូតូ​ខាងលើ​ជា​របស់​គាត់ ទើប​សមត្ថកិច្ច​ឲ្យ​យក​ឯកសារ​មក​បញ្ជាក់​ថា​ត្រឹមត្រូវ​ហើយ​ទើប​សមត្ថកិច្ច​ប្រគល់​ម៉ូតូ​ឲ្យ​​វិញ ។

បុរស​ជា​ម្ចាស់​ម៉ូតូ​​ឈ្មោះ​ រី សែរ អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ភូមិ​កើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា ​រាល់ថ្ងៃ​គាត់​បាន​យក​ម៉ូតូ​ខាងលើ​ទៅ​ផ្ញើ​គេ​ទេ​ តែ​ថ្ងៃនេះ​គាត់​មិន​បាន​យក​ទៅ​ផ្ញើ​ដូច​សព្វ​មួយ​ដង​ ក៍​យក​មក​ទុក​​កៀន​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ទីនេះ​ ​ដោយ​​គិត​​ថា ​ម៉ូតូ​​​ចាស់​ទៅ​ហើយ​គ្មាន​អ្នក​ណា​លួច​ទេ ៕