ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី ​ត្រូវ​បាន​កម្លាំង​​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជា​មួយ​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ដេញ​តាម​ឃាត់ខ្លួន​រថយន្ត​និង​អ្នក​ជិះក្នុង​រថយន្ត​២​នាក់​យក​ទៅ​សួរនាំ​រក​ឃើញ​ស្លាក​លេខ​ចំនួន​​៦​បន្ទះ​ទៀត​នៅ​ក្នុង​គូទ​រថយន្ត ​កាលពី​វេលា​​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣​ មករា ​​២០១៦​នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

បុរស​ដែល​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី​​ទាំង​២នាក់ ម្នាក់ ឈ្មោះ ​ហង្ស រ​ដ្ឋា ​អាយុ​៣០​ឆ្នាំ ​​ជា​​ជាង​ថតរូប ស្នាក់​នៅ​ភូមិ​ព្រែក​ទំនប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ​ យ៉ង រ៉ា​យី ​អាយុ​២១​ឆ្នាំ ​ជា​​កសិករ ស្នាក់​នៅ​ភូមិ​ព្រែក​ទំនប់​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។

​មន្ត្រី​សមត្ថកិច្ច ​បានឱ្យ​​ដឹង​​ថា ​មុន​ពេល​​ឃាត់ខ្លួន​បុរស​ខាងលើ​ ខ​ណៈ​ដែល​​​សមត្ថកិច្ចចុះ​​ល្បាត​នៅ​ចំណុច​ខាងលើ​ ស្រាប់តែ​ឃើញ​រថយន្ត​​ម៉ាក​កូ​រ៉ូ​ឡា ពណ៌​ស ​មួយ​គ្រឿង បាន​ចាប់​ស្លាក​លេខ​ដោយ​មាន​បិទ​ស្កុ​ត​ពីលើ​ស្លាក​លេខ​ជា​អក្សរ ​DUB ឃើញ​ដូចនេះ ​​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​​ដើម្បី​​​ត្រួតពិនិត្យ​ឃើញ​ថា ​ស្លាក​លេខ​ដែល​បិទ​ខាងលើ​មាន​លេខ​ដើម​កំពង់ស្ពឺ 2A-0199 និង​ធ្វើការ​ឆែកឆេរ​ក្នុង​គូទ​រថយន្ត ​ស្រាប់តែ​មាន​ស្លាក​លេខ​រថយន្ត​ចំនួន​​៦​បន្ទះ​ទៀត ​ដែល​ម្ចាស់​រថយន្ត​បាន​បិទ​ជាប់​គ្នា​ដោយ​ម្ខាង​មាន​លេខ ខ​.៩០៤៥​ភព​២ និងត្រឡប់​ម្ខាង​ទៀត​ជា​ស្លាក​លេខ ន​.​ប ២-២៥៩២ ទៅ​វិញ ឃើញ​ដូចនេះ​ សមត្ថកិច្ច​ក៍​នាំ​ខ្លួន​បុរស​ទាំង​២​នាក់​មក​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ព្រហ្ម​ទណ្ឌ​​នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែ​ម្តង​ ។

​​បុរស​ទាំង​២​នាក់​ខាងលើ​ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ៕