ថ្ងៃនេះ ស.អ.ក និង FASMEC ប្រារព្ធពិធីបុណ្យ ស្រូវ អង្ករកម្ពុជា ឆ្នាំ២០១៦

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ វេលាម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច ប្រារព្ធពិធីបុណ្យស្រូវអង្ករកម្ពុជា ឆ្នាំ២០១៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាច្រើន នាសណ្ឋាគារសុខាភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ពិធីបុណ្យស្រូវអង្ករ កម្ពុជា ២០១៦ គឺជាផ្នែកមួយនៃវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ ដែលរៀបចំឡើងដោយសហព័ន្ធស្រូវ អង្ករកម្ពុជា សហការជាមួយសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា នៅថ្ងៃទី២៤ ២៥ ២៦ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នៅក្នុងពិធីបុណ្យស្រូវអង្ករកម្ពុជា ២០១៦នេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំឲ្យមានកម្មវិធីប្រកួត ស្រូវ និងអង្ករល្អបំផុតប្រចាំប្រទេសកម្ពុជា ដែលអ្នកចូលរួមទាំងអស់នឹងទទួលបាន អត្ថប្រយោជន៍ ជាច្រើនដូចជា ទី១. ទស្សនាការប្រកួតស្រូវអង្ករល្អបំផុតប្រចាំប្រទេសកម្ពុជា, ទី២. ទស្សនាការសម្តែង សិល្បៈ និងរបាំជាច្រើនប្រភេទទាក់ទងនឹងវិស័យស្រូវអង្ករ, ទី៣. ទស្សនាការប្រកួតមុខម្ហូប ដែលផលិត ចេញពីអង្ករ, ទី ៤ ភ្លក់មុខម្ហូបខ្មែរជាច្រើនមុខដោយសេរី និងដោយឥតគិតថ្លៃ, ទី៥. ចូលរួមទស្សនាការ តាំងបង្ហាញអំពីខ្សែសង្វាក់ផលិតកម្មស្រូវអង្ករទាំងមូល, ទី៦. ទទួលបានចំណេះនិងបទពិសោធន៍ថ្មីៗ ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា និងទី៧. ជួបជាមួយអ្នកជំនាញការ និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករជាតិ និងអន្តរជាតិ៕