ចោរប្លន់​ផ្ទះ​វី​ង​វេរ​លុយ​កណ្តាល​ក្រុងប៉ៃលិន

ចោរប្លន់​ផ្ទះ​វី​ង​វេរ​លុយ​កណ្តាល​ក្រុងប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជន​រង​គ្រោះ​ពីរ​នាក់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​គ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុង​ប៉ៃលិន ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ អ្នក​រង​គ្រោះ​ទាំង​២​នាក់​នេះ ដោយសារ​ចោរ​ប្រដាប់​អាវុធ​ពីរ​នាក់​ស្លៀកពាក់​យោធា ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម និង​ពូថៅ​១ ចូល​ភ្ជង់​ចាប់​អា​រក​.​ម្ចាស់ផ្ទះ និង​កាប់​ម្នាក់​ទៀត​របួស​ប្លន់​យក​ប្រាក់​អស់​ជា​ច្រើន ព្រោះ​ជា​ផ្ទះ​វេរ​លុយ​វី​ង ។ ក្រុម​ចោរ​បាន​ចូល​ទៅ​ប្រមូល​លុយ​ដែល​ដាក់​នៅ​ក្នុង​ទូ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ឆ្ពោះទៅ​ទិស​ខាងលិច និង​ប្លុង​ម៉ូតូ​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា​ប្រហែល​៤០០​ម៉ែត្រ រួច​បន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ មក​រា ស្ថិត​នៅ​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ជា​ផ្ទះ​វេរ​លុយ​វី​ង យីហោ «​ហេង រចនា​» ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ហេង វណ្ណ​ថន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ឪពុកក្មេក​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​ត្រូវ​ចោរ​យក​ពូថៅ​អា​រក​.​ដាច់​បំពង់ខ្យល់ ។ ទី​២-​ឈ្មោះ ងួ​ន ចិន្តា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​បែកក្បាល និង​បាក់​ធ្មេញ ។ ទី​៣-​ឈ្មោះ វណ្ណ គី​ម​លាង ភេទ​ស្រី អាយុ​៥​ឆ្នាំ ជា​កូនរង​របួស ។ តាម​ប្រភព​ដដែល​ថា ពេល​កើតហេតុ​នោះ ប្រពន្ធ​ម្ចាស់ផ្ទះ​នៅ​ខាងក្រោយ​មិន​បានដឹង​ថា មាន​ចោរប្លន់​នៅ​មុខ​ផ្ទះ​នោះ​ទេ ។

នៅ​កន្លែង​កើតហេតុ​សាក្សី​ខ្លះ​បានឱ្យ​ដឹង​ថា គេ​បានឃើញ​បុរស​ពីរ​នាក់​ស្លៀកពាក់​ជា​យោធា មាន​ពាក់​ម៉ាស់​បិទមុខ ហើយ​ស្ពាយ​កាំភ្លើង​១ ដើម​ម៉ាក​អាកា​ស្វាយ​បត់ និង​កាន់​ពូថៅ​១ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-3640 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ក៏​ចូល​ទៅ​ផ្ទះ​វេរ​លុយ​វី​ង ដែល​គេ​គិត​ថា​ជា​អ្នក​វេរ​លុយ ។ ពេល​ចូល​ទៅ​ដល់​អត់​និយាយ​មួយ​ម៉ាត់​សោះ ក៏​ធ្វើ​សកម្មភាព​ចាប់​បុរស​ចំណាស់​ខាងលើ​ដោយ​យក​ពូថៅ​អា​រក​.​ភ្លាម​ៗ​តែ​ម្តង ព្រោះ​ទំនង​ខ្លាច​ស្រែក ។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ក្រឡេក​ឃើញ​បុរស​ម្នាក់​ទៀត​កំពុង​អង្គុយ​នៅ​ក្រៅ​ផ្ទះ​ក៏​យក​ពូថៅ​កាប់​និង​វាយ​បណ្តាល​ឱ្យ​របួស​ក្បាល និង​បាក់​ធ្មេញ រួច​ក៏​មានការ​ប្រតាយប្រតប់​គ្នា ហើយ​ចោរ​ម្នាក់​ទៀត​បាន​ស្ទុះ​ចូល​ទៅ​ប្រមូល​យក​លុយ​អស់​ជា​ច្រើន រួច​ឡើង​ជិះ​ម៉ូតូ​តម្រង់​ទៅ​ទិស​ខាងលិច​គេចខ្លួន​ដោយ​សុវត្ថិភាព​ទៅ ។

លោក ស៊ិ​ន តាំ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ចោរ​ទាំង​ពីរ​នាក់​នេះ​ចូល​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​ដោយ​កាប់​ប្រហារ​ម្ចាស់ផ្ទះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ពីរ​នាក់ ហើយ​យក​ប្រាក់​ថៃ​អស់​ចំនួន​២៦២.០០០​បាត ប្រាក់​ខ្មែរ​ចំនួន​៥​លាន​រៀល ប្រាក់​ដុល្លារ​ចំនួន​២៦០០​ដុល្លារ និង​កាត​ទូរស័ព្ទ​គិត​ជា​ប្រាក់​អស់​ចំនួន​៨០០​ដុល្លារ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត និង​នគរបាល​ស្នងការដ្ឋាន​ខេត្ត បាន​ចេញ​អន្តរាគមន៍​ដេញ​តាម​ស្វែងរក​គ្រប់​ច្រកល្ហក ក៏​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ចោរប្លន់​ជិះ​ធ្វើ​សកម្មភាព​នោះ យក​ទៅ​ប្លុង​ចោល​នៅ​ខាងលិច​បន្ទាយ​យោធា រួច​រត់​ចូល​ព្រៃ ។

សមត្ថកិច្ច​មិន​ទាន់​ឱ្យ​ដឹង​ថា តើ​ស្លាក​លេខ​ម៉ូតូ​ដែល​ចោរ​ជិះ​នោះ​ជា​ស្លាក​លេខ​បែប​ណា បើជា​ស្លាក​លេខ​ម៉ូតូ​ដែល​ជិះ​នោះ​ពិត គឺ​ពិតជា​អាច​ដឹង​ពី​អត្តសញ្ញាណ​ម្ចាស់​ដែល​ឈាន​ទៅ​រកមុខ​ចោរ​ឃើញ​មិន​ខាន ។

នៅ​តាម​ទី​ជនបទ​បច្ចុប្បន្ន មុខសញ្ញា​ចោរ​ធ្វើ​សកម្មភាព​ប្លន់ គឺ​ផ្ទះ​វី​ង​វេរ​លុយ​នេះឯង ទំនង​គេ​ជឿ​ថា ជា​ផ្ទះ​ប្រៀប​ដូច​ឃ្លាំងប្រាក់ ។

ប្រភព​ព័ត៌មាន​អះអាង នៅ​ថ្ងៃ​ទី​២២ មក​រា បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​ដោយសារ​តែ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ ។ ព្រោះថា​អំពើ​ប្លន់​បែប​នេះ​មិនមែន​ចោរ​មក​ពី​ឆ្ងាយ​ហា​៊​ន​ធ្វើ​សកម្មភាព​ឆៅ​ៗ​ទេ ទាល់តែ​មាន​រនុកក្នុង ។ ហើយ​ចោរ​ដែល​ធ្វើ​សកម្មភាព​នេះ​បាន​បិទមុខ​មិន​ឱ្យ​ស្គាល់​ទៀត មាន​ន័យ​ថា អាច​ជា​មនុស្ស​ស្គាល់គ្នា ហើយ​អាច​មាន​គំនុំ​នឹង​គ្នា​ទៀត ព្រោះ​តាម​ធម្មតា​ចោរប្លន់​មាន​បំណង​យក​តែ​លុយ ប៉ុន្តែ​ករណី​នេះ​កាប់​ប្រហារ​មិន​ញញើត​ដៃ​ប៉ង​សម្លាប់​ថែម​ទៀត ។

ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ធ្វើការ​ស៊ើបអង្កេត ដោយ​ហៅ​ម្ចាស់ផ្ទះ​ដែល​រស់នៅ​ក្បែរ​គ្នា​ម្នាក់ និង​មិត្តភក្តិ​២​នាក់​ទៀត​ដែល​ទើប​មក​ស្នាក់​នៅ យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​ទៅ​លើ​ម្ចាស់ផ្ទះ​នៅ​ក្បែរ​នោះ ព្រោះ​ពួក​គេ​ធ្លាប់​មាន​ទំនាស់​ប្តឹងប្តល់ ដោយសារ​បញ្ហា​ព្រំ​ដី ទើបតែ​ដោះស្រាយ​រួចរាល់​កាលពីដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ។ លោក​បន្ត​ទៀត ថា នៅ​មុន​ថ្ងៃ​កើតហេតុ​មាន​បុរស​ពីរ​នាក់ ដែល​ត្រូវជា​មិត្តភក្តិ​ម្ចាស់ផ្ទះ ដែល​នៅផ្ទះ​ជិតខាង​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម មក​លេង ហើយ​ក៏​ស្រាប់តែ​គាប់​ជួន​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​បែប​នេះ​តែ​ម្តង ។ លោក​បញ្ជាក់​ទៀត​ថា រឿង​នេះ​យ៉ាងណា​នោះ ខាង​លោក​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ គ្រាន់តែ​សមត្ថកិច្ច​នគរបាល​សាកសួរ​ម្ចាស់ផ្ទះ​នៅ​ក្បែរ និង​មិត្តភក្តិ ដែល​ទើប​មក​លេង​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ។

ចំណែកឯ​ភស្តុ​តាង​ម៉ូតូ​ម៉ាក​វ៉េវ​អេស​ពណ៌  ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1K-3640  ដែល​ចោរ​ជិះ​យក​ទៅ​ប្លុង​ចោល​ក្បែរ​បន្ទាយ​យោធា ខាង​សមត្ថកិច្ច​កំពុង​តែ​តាម​ស៊ើបអង្កេត​បន្ត ដើម្បី​សួរ​រក​ម្ចាស់​នៅ​ឯ​ខេត្តបាត់ដំបង ហើយ​បន្ត​ស្រាវជ្រាវ​ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕