ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Monarch Investment ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ World Bridge Group របស់​អ្នក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន Nanshan Group ដើម្បី​អភិវឌ្ឍន៍​តំបន់​កោះតាង ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគិន​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក សៀ រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន Nanshan Group កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ថា ៖ « គម្រោង​អភិវឌ្ឍន៍​កោះតាង​នេះ នឹង​ចាប់ផ្ដើម​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​អភិវឌ្ឍន៍​កោះ​នេះ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ។ គម្រោង​នេះ យ៉ាង​យូរ​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍ ហើយ​ទំហំ​ទឹកប្រាក់់​នៃ​ក្នុង​ការ​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​កោះ ក៏​មិន​តិច​ដែរ តែ​យើង​មិន​ទាន់​ច្បាស់​ថា មាន​ចំនួន​ប៉ុន្មាន​ទេ តែបើ​តាម​ការ​សិក្សា​មើលទៅ ប្រហែល​នៅ​ក្រោម​១​ពាន់​លាន​ដុល្លារ​តិចតួច » ។

លោក​បន្ត​ថា ៖ « នៅ​ពេល​ចាប់ផ្ដើម​អភិវឌ្ឍន៍​តំបន់​នេះ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​អភិវឌ្ឍន៍​ទៅ​លើ​ផែ​នាវា សណ្ឋាគារ សួន​កម្សាន្ត ទីលាន​វាយ​កូន​ហ្គោ​ល និង​សេវាកម្ម​ប្រណីត​ៗ​ជា​ច្រើន​ទៀត គឺ​នឹង​អភិវឌ្ឍន៍​នូវ​អ្វី​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ហើយ​ក្រុមហ៊ុន​នឹង​មាន​គម្រោង​សង់​ព្រ​លាន​យន្តហោះ​មួយ​ផង​ដែរ នៅ​ពេល​គម្រោង​នេះ​ដំណើរ​ការ​បាន​រលូន ហើយ​នៅ​រយៈពេល​បន្តបន្ទាប់​ទៀត​ដើម្បី​ដឹក​ភ្ញៀវ​ពី​ចិន​មក​កាន់​កោះ​នោះ​ផ្ទាល់​តែ​ម្ដង  » ។

ចំណែក​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ការ​អភិវឌ្ឍ​គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេស​ចរណ៍​មួយទៀត ក្រៅពី​តំបន់​ទេសចរណ៍​ល្បី​ៗ​ផ្សេង​ទៀត ហើយនឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​អាច​ស្នាក់​នៅ​កម្ពុជា​កាន់តែ​យូរថ្ងៃ​ថែម​ទៀត ។ ក្រៅពី​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដែល​ភ្ញៀវ​បរទេស​បាន​ស្គាល់​ហើយ​នោះ រដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាងណា អភិវឌ្ឍន៍​តំបន់ឆ្នេរ និង​តំបន់​កោះ​ឱ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទៅ​ទស្សនា និង​កម្សាន្ត​ឱ្យ​បាន​យូរថ្ងៃ បន្ទាប់​ពី​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គ​រហើយ​នោះ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​អភិវឌ្ឍ​តំបន់​កោះ ពិតជា​មានការ​លំបាក​ណាស់ មិន​ដូច​ការ​អភិវឌ្ឍ​នៅ​តំបន់​ដីគោក​ទេ ព្រោះ​ត្រូវ​ឆ្លងកាត់​សមុទ្រ​ដោយ​ជិះ​កា​ប៉ា​ល់ ជិះទូក តែ​លោក​សង្ឃឹមថា ក្រុមហ៊ុន​ដៃគូ​ទាំង​ពីរ​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​គម្រោង​នា​ពេល​ឆាប់​ៗ​នេះ ។ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​តំបន់​នានា តែង​មានការ​ប៉ះពាល់ តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល ក៏​ដូច​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ នឹង​ប្រឹងប្រែង​ដោះស្រាយ​ជូន ដោយ​មិន​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ ឬ​អ្នក​រស់នៅ​ទីនោះ​ឡើយ» ។

លោក​បន្ថែម​ថា ៖ « រាល់​ការ​អភិវឌ្ឍ​នៅ​លើ​កោះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដោយ​យើង​ត្រូវ​ពិនិត្យ និង​ចៀសវាង​ឱ្យ​ខាង​តែ​បាន​នូវ​ផល​ប៉ះពាល់​នានា ជា​ពិសេស ទៅ​ដល់​ការ​រស់នៅ​បច្ចុប្បន្ន ។ កោះតាង​នេះ មាន​ទីតាំង​ឈរជើង​របស់​កងទ័ពជើងទឹក ដែល​យើង​ដឹង​ថា កងទ័ពជើងទឹក​មាន​តម្រូវការ​យ៉ាងណា ។ ដូចនេះ យើង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​រៀបចំ​ប្លង់​មេ​ពី​ការ​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​កងទ័ព និង​បងប្អូន​នេសាទ ជាដើម » ៕