ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ធនាគារកណ្តាល​វៀតណាម​នឹង​គ្រប់គ្រង​លើ​ឥណទាន​ទិញ​អចលនទ្រព្យ ដើម្បី​កំណត់​ហានិភ័យ​នៅ​ឆ្នាំ​នេះ ។ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ពេល​កិច្ចប្រជុំ​ពិភាក្សា ដែល​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ចុង​ស​ប្តា​ហ៍​មុន ។

ទេសាភិបាល​រង​នៃ​ធនាគារជាតិ​វៀតណាម លោក Nguyen Phuoc Thanh បាន​មាន​ប្រសាសន៍​ថា ៖ « ទោះបីជា​ឥណទាន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​មួយ​ភាគ​ធំ​នៃ​ឥណទាន​ទាំងនោះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​សកម្មភាព​អាជីវកម្ម និង​ផលិតកម្ម​កាលពី​ឆ្នាំ​មុន​ក្តី ក៏​ធនាគារ​ជា​ច្រើន​កន្លែង​បាន​ផ្តល់​មូលធន​របស់​ខ្លួន​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​ផង​ដែរ » ។

ជាមួយ​គ្នា​នេះ​ដែរ លោក Xay Dung មក​ពី​កាសែត Ministry of Construction Newspaper បាន​រាយការណ៍​ថា ៖ « កម្ចី​ទិញ​អចលនទ្រព្យ​បាន​កើនឡើង​១៨% ពី​មួយ​ទៅ​មួយ​ឆ្នាំ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ធនាគារពាណិជ្ជ​កំពុង​តែ​បង្កើន​ហិរញ្ញវត្ថុ​របស់​ខ្លួន ទាំង​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ និង​ផ្តល់​កម្ចី​ដល់​អ្នកទិញ​លំនៅ​ឋាន​ផង​ដែរ » ។
បើ​យោង​តាម​របាយការណ៍​ផ្តល់​ដោយ​ធនាគារកណ្តាល​វៀតណាម​ឲ្យ​ដឹង​ថា កម្ចី​ដែល​មិន​ទាន់​សង​លើ​វិស័យ​អចលនទ្រព្យ គឺ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១៦​ពាន់​លាន​បាត ដែល​តួលេខ​នេះ​កើន​បាន​៨០% បើ​ធៀប​នឹង​តួលេខ​កាលពី​៣​ឆ្នាំ​មុន ។

លោក Nguyen Phuoc Thanh លើក​ឡើង​ថា ៖ « អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​ធនាគារ​ជា​ច្រើន​បាន​ផ្តល់​ឥណទាន​របស់​ខ្លួន​ទៅ​លើ​ការ​ទិញ​អចលនទ្រព្យ​ទាំងស្រុង ។ វា​ចាំបាច់​ណាស់​ក្នុង​ការ​ចាត់វិធានការ​ថ្មី​ដើម្បី​កាត់​បន្ថយ និង​គ្រប់គ្រង​ហានិភ័យ បើ​មិន​ដូច្នេះ​ទេ ឥណទាន​ទិញ​អចលនទ្រព្យ​ខ្មៅ​នឹង​កើនឡើង​នា​ពេល​ឆាប់​ៗ​នេះ​ជាក់​ជា​មិន​ខាន » ។

លោក​បញ្ជាក់​ទៀត​ថា ៖ « បំណុល​ខ្មៅ​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​វិស័យ​ធនាគារ ។ កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​ធនាគារ​មួយ​ចំនួន​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​សហគ្រិន​មក​ខ្ចីប្រាក់​ពី​ធនាគារ យក​ទៅ​សាងសង់​ក្នុង​ផ្នែក​អចលនទ្រព្យ ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ចៀសវាង​ពី​ការ​ក្ស័យធន » ។

វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​សេដ្ឋកិច្ច​វៀតណាម ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ទីផ្សារ​អចលនទ្រព្យ គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចជាតិ​ទាំងមូល ។ ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​តែ​មាន ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​នៃ​តម្លៃ​អចលនទ្រព្យ​ដែល​នឹង​អាច​កើត​មាន​ឡើង ។

រដ្ឋមន្ត្រីក្រសួង​សំណង់​ស៊ី​វិល លោក Trinh Dinh Dung បាន​សង្កត់ធ្ងន់​ថា ៖ « បច្ចុប្បន្ន​នេះ ទីផ្សារ​អចលនទ្រព្យ​មិន​មាន​លក្ខខណ្ឌ​ណា​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ​ទេ ប៉ុន្តែ​យើង​ក៏​មិន​គួរ​មើល​រំលង​បញ្ហា​នេះ​ដែរ » ។

ដូច្នេះ​ហើយ​បានជា​រដ្ឋាភិបាល​ចាត់វិធានការ​ដោះស្រាយ​ទៅ​លើ​សេដ្ឋកិច្ច​សង្គម​នៅ​ឆ្នាំ​២០១៦ ដោយ​ស្នើ​ឲ្យ​ធនាគារកណ្តាល​រឹត​បន្តឹង និង​គ្រប់គ្រង​កម្ចី​ឥណទាន​លើ​វិស័យ​ណា​ដែល​មាន​ហានិភ័យ​ខ្ពស់ រួម​ទាំង​វិស័យ​អចលនទ្រព្យ​ផង​ដែរ ។ ជាក់ស្តែង គោលនយោបាយ​របស់​ធនាគារកណ្តាល​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​គ្រប់គ្រង​អត្រា​អតិផរណា​ជាតិ រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ជាតិនិង​ជួយ​បង្កើន​ល្បឿន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ៕