ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម ​(facebook) Page ​ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​សរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ មានខ្លឹមសារទាំងស្រុងដូចតទៅ​ "កាលពីរសៀល ថ្ងៃទី២៣ ខែ ​មករា ម្សិលមិញ​នេះ ​សម្តេចតេជោ ហ៊ុន សែន ​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​​អោយ ​លោក Tanasak Patimapragorn ​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង​ការបរទេសថៃ ​ចូលជួបសំដែងការគួរសម ​និងពិភាក្សាការងារ។

ក្នុងជំនួបនោះ​ លោក Tanasak Patimapragorn ​បានជំរាបជូនសម្ដេចតេជោអំពីការ​ប្រកួតបាល់ទាត់កាលពីល្ងាចនេះមិញ ​ហើយលោកបានមាន​ប្រសាសន៍ថា នេះជា លើកទី១ហើយដែលកម្ពុជា ​និងថៃ ​ បានរៀបចំការប្រកួតនេះឡើង​ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​ រវាងប្រទេសទាំងពីរឱ្យ​មានភាពស្និទ្ធស្នាល​កាន់តែខ្លាំងឡើង។

ការប្រកួតបាល់ទាត់​ម្សិលមិញគឺមានការចាក់ផ្សាយបន្តផ្ទាល់ទាំងនៅប្រទេសថៃ​ និងកម្ពុជា ។ ជាងនេះទៀត ​លោកបានគោរពសុំការ​អនុញ្ញាតផ្តួចផ្តើម​គំនិតធ្វើយ៉ាងណា រៀបចំឱ្យមានការប្រកួតកីឡាប្រដាល់ ​កម្ពុជា និងថៃ​ ជាមួយនឹងប្រទេសដទៃទៀត ​គឺមានន័យថា កម្ពុជា និងថៃ​ រួមគ្នាប្រកួត ​ជាមួយប្រទេសដទៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ បានមានប្រសាសន៍ថា​ នេះជាព្រឹត្តិការណ៍ដ៏ល្អមួយ​ ដែលឧបនាយករដ្ឋមន្ត្រីទាំងកម្ពុជា​ និងថៃបានចូលរួម​ និងចាត់ទុកថា ជាឱកាស​ដ៏កម្រ ហើយព្រឹត្តិការណ៍នេះគឺចាត់ទុកថា ​ជាការយកចិត្តទុកដាក់លើទំនាក់ទំនង​ រវាងប្រទេសយើងទាំងពីរ ។

ចំពោះការផ្តួចផ្តើមរបស់លោក​ Tanasak​ ថាចង់រៀបចំឱ្យមានការប្រកួតកីឡាប្រដាល់​ កម្ពុជា និងថៃ ​ ជាមួយនឹងប្រទេសដទៃទៀតនោះ ​សម្តេចបានយល់ស្រប ហើយបាន​ចាត់ទុកថា​ ការផ្តួចផ្តើមនេះ​ គឺជាការល្អដោយក្រុមកម្ពុជា និងថៃ​ ជាក្រុមរួមគ្នា ​ដើម្បីប្រកួតជាមួយនឹងប្រទេសដទៃទៀត​ រួមទាំងប្រទេសនៅអឺរ៉ុបផងដែរ។ ជាងនេះទៀត​ សម្តេចក៏បានប្រគល់តួនាទី ​ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​សុខ អាន ដែលជាសមាគម ​មិត្តភាពកម្ពុជា -ថៃ ​និងបានផ្តល់អនុសាសន៍ណែនាំ ឱ្យសមាគម​មិត្តភាពកម្ពុជា ថៃ​ ធ្វើសកម្មភាពកាន់តែ​សកម្មថែមទៀត៕"