ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ ម្ចាស់​អគារ​ការិយាល័យ​សិង្ហ​បុរី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​មានសំណាង​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ខណៈ​ដែល​បច្ចុប្បន្ន​នេះ អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​បាន​សាងសង់​អគារ​ការិយាល័យ​បន្ថែម ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​ចុះ​ខ្សោយ ។

កាលពី​ឆ្នាំ​កន្លង​ទៅ ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ធំ​ៗ​ចំនួន​បីដូច​ជា ក្រុមហ៊ុន CapitaLand Commercial ក្រុមហ៊ុន Suntec និង​ក្រុមហ៊ុន Keppel Reit បាន​បាត់បង់​វិនិយោគ​គិ​ន​ពី​២៤% ទៅ​៣០% ដែល​នេះ​មិន​គិត​បញ្ចូល​ទាំង​ទឹកប្រាក់​វិនិយោគ​ត្រឡប់​មក​វិញ ដែល​មាន​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​១​ពាន់​លាន​ដុល្លារ​ក្នុង​តម្លៃ​ទីផ្សារ និង​ប្រាក់​ចំណូល​បន្ថែម​៤០%​ទៀត​នៃ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ការិយាល័យ ដែល​ត្រូវ​បាន​ដក​១០% នៅ​លើ​ទីផ្សារ​សកល​ឡើយ​។ នេះ​បើ​យោង​តាម​របាយការណ៍​រៀបចំ​ឡើង​ដោយ Bloomberg ។

ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ Keppel Reit និង​ក្រុមហ៊ុន CapitaLand Commercial បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​របស់​ពួក​គេ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា ពួក​គេ​បាន​ផ្តល់​ភាគលាភ​ក្នុង​មួយ​ហ៊ុន​ចន្លោះ​ពី​៦,៥% ទៅ​៧,៦% ដែល​ជា​ការ​បន្ថែម​លើ​បុព្វលាភ​បន្ថែម​២,៤% ដល់​រដ្ឋាភិបាល​សិង្ហ​បុរី​ក្នុង​រយៈពេល​១០​ឆ្នាំ ។

ជាមួយ​គ្នា​នេះ​ដែរ ទីផ្សារ​លំនៅ​ឋាន​សិង្ហ​បុរី ក៏​កំពុង​តែ​រង​នូវ​ភាព​រង្គោះរង្គើ​ផង​ដែរ ដែល​មានការ​ធ្លាក់​ចុះ​៨,៤% ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​។ ការ​ធ្លាក់​ចុះ​ខ្លាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​រឹត​បន្តឹង​នៃ​គោលនយោបាយ​រដ្ឋាភិបាល​សិង្ហ​បុរី ដើម្បី​ទប់ស្កាត់ និង​បង្ការ​ប្រជាពលរដ្ឋ​របស់​ខ្លួន កុំ​ឲ្យ​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅ​ៗ លើ​បំណុល​ទិញ​ផ្ទះ ។

ទោះជា​យ៉ាងណា ទីផ្សារ​ការិយាល័យ​សិង្ហ​បុរី​ត្រូវ​បាន​គេ​សន្និដ្ឋាន​ខុស ដែល​អ្នក​អភិវឌ្ឍ​សិង្ហ​បុរី​មាន​សុទិដ្ឋិនិយម​លើ​កំណើនសេដ្ឋកិច្ច​ចិន​ថា នឹង​កើនឡើង​៩% ជា​រៀង​រាល់​ឆ្នាំ ។ ពួក​គេ​មិន​យល់​ច្បាស់​ថា ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​ផ្គត់ផ្គង់​តម្រូវការ​អគារ​ការិយាល័យ​លើស​កម្រិត និង​កំពុងដ​ង្ហើ​យ​រក​វិនិយោគិន​បន្ថែម​ឡើយ ។ ប្រសិនបើ​អ្នក​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ និង​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​យក​ពេល​មក​ពិចារណា​ថា តើ​អ្នក​ណា​នៅ​ពី​ក្រៅ​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហកម្ម​ធនាគារ​នោះ ការ​សាងសង់​អគារ​ការិយាល័យ​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម នឹង​ត្រូវ​បញ្ឈប់​ជា​យូរណាស់​មក​ហើយ ។

ក្នុង​នោះ​ដែរ អគារ​ការិយាល័យ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​នេះ​ហើយ ដែល​មាន​កម្ពស់​ដល់​ទៅ​៣៨​ជាន់​ក្នុង​មួយ​គម្រោង ។ ប៉ុន្តែ​អ្នក​ណា​ជា​អ្នក​ជួល​អគារ​ការិយាល័យ​នោះ ពីព្រោះ​វិស័យ​ធនាគារ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ។ តួយ៉ាង ធនាគារ Barclays គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក ដែល​ភាគច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​តែ​ម្តង ។

អ្នក​ស្រាវជ្រាវ​វិស័យ​អចលនទ្រព្យ​បាន​ព្យាករ​ថា ការ​ជួល​អគារ​ការិយាល័យ​ប្រណីត​ៗ​បាន​ធ្លាក់​ចុះ​១៥% នៅ​ក្នុង​ឆ្នាំ​២០១៥ នឹង​បន្ត​ធ្លាក់​ចុះ​ពី​១០% ទៅ​២០% ទៀត​នៅ​ឆ្នាំ​នេះ​។​ម្យ៉ាងវិញទៀត ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ត្រូវ​បាន​កំណត់​ឲ្យ​ខ្ចីប្រាក់​ត្រឹមតែ​៤៥% នៃ​ទ្រព្យ​ទាំងមូល​តែ​ប៉ុណ្ណោះ ។

ដោយឡែក ប្រជាជន​សិង្ហ​បុរី​ប្រមាណ​៩០% ដែល​មានផ្ទះ​ផ្ទាល់ខ្លួន គឺ​គួរតែ​លើកទឹកចិត្ត និង​បង្ការ​ក្នុង​ការ​ធ្លាក់​ចុះថ្លៃ​ផ្ទះ​ដោយ​រដ្ឋាភិបាល ។ ប៉ុន្តែ​សម្រាប់​អគារ​ការិយាល័យ​វិញ ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាមួយនឹង​សកម្មភាព​ជំនួញ​ចុះ​ខ្សោយ ។ ដូច្នេះ វា​អាច​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​សិង្ហ​បុរី ក្នុង​ការ​ឈាន​ជើង​ចូល​ប្រកួតប្រជែង​ជាមួយនឹង​ហុងកុង ទោះបីជា​ថ្លៃ​ចំណាយ​ធ្វើ​ឲ្យ​ម្ចាស់​ការិយាល័យ​មានការ​បាក់ទឹកចិត្ត​ក្តី ៕