ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ ការ​លក់​ផ្ទះ​ថ្មី​នៅ​ប្រទេស​ចិន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ស​ន្ទ​ស្សន៍​ទីផ្សារ​ផ្ទះ​នៅ​តាម​បណ្តា​ក្រុង​ធំ​ៗ​បាន​រើប​ឡើង​សា​ជា​ថ្មី ។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ជាតិ ។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា អត្រា​លក់​ផ្ទះ​ថ្មី​នៅ​ក្នុង​ប្រទេស​បាន​កើនឡើង​១៦,៦% ស្មើនឹង​១,១​ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​។ ប៉ុន្តែ​កំណើន​នេះ​យឺត​ជាង​១៨% ធៀប​នឹង​រយៈពេល​១១​ខែ​ដំបូង​កាលពី​ឆ្នាំ​មុន ។ ទោះបីជា​យ៉ាងណា ក៏​វា​ប្រសើរ​ជាង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​៧,៨% នៅ​ក្នុង​ឆ្នាំ​២០១៤ ដែរ ។

ក្នុង​នោះ​ដែរ ផ្ទះ​ថ្មី​ទំហំ​១,១២​ពាន់​លាន​ម៉ែត្រការ៉េ​ត្រូវ​បាន​លក់​កាលពី​ឆ្នាំ​មុន ដែល​មាន​កំណើន​៦,៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ជាង​នេះ​ទៀត បើ​យើង​ប្រៀបធៀប គឺ​មាន​កំណើន​៧,៩% ក្នុង​អំឡុង​ខែមករា​-​វិច្ឆិកា និង​បាន​ធ្លាក់​ចុះ​៩,១% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០១៤ ។

ក្រុម​អ្នកវិភាគ​ឲ្យ​ដឹង​ថា វិធានការ​បន្ធូរបន្ថយ​មួយ​ចំនួន និង​ធនាគារកណ្តាល​ទាំង​៥ បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ និង​តម្រូវការ​ទុនបម្រុង​កាលពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​តម្រូវការ​ទិញ​ផ្ទះ​កើនឡើង​នៅ​តាម​បណ្តា​ទីក្រុង​នាំមុខ និង​លំដាប់​ទី​ពីរ​របស់​ចិន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ ។

ថ្វីបើ​ការ​លក់​ផ្ទះ​ថ្មី​ចាប់ផ្តើម​រើប​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់ ក៏​ទិន្នន័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​ចិន ហាក់​មាន​ល្បឿន​យឺត​នៅឡើយ ។

ជាក់ស្តែង ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស មាន​អត្រា​១%​កាលពី​ឆ្នាំ​មុន ដែល​ជា​កំណើន​ដ៏​យឺត​បើ​ធៀប​នឹង​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ស្មើនឹង​អត្រា​១,៣% ។

ចំណែក​ការ​វិនិយោគ​លើ​លំនៅ​ឋាន​ដែល​មាន​អត្រា​៦៦% នៃ​ការ​វិនិយោគ​អចលនទ្រព្យ​សរុប​បាន​កើនឡើង​០,៤% កាលពី​ឆ្នាំ​មុន ។ សម្រាប់ ១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​វិញ ការ​វិនិយោគ​លើ​លំនៅ​ឋាន​បាន​កើនឡើង​០,៧% និង​ឆ្នាំ​២០១៤ មាន​អត្រា​វិនិយោគ​៩,២% ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Savills  លោក James Macdonald ថ្លែង​ថា ៖ « វិស័យ​អចលនទ្រព្យ​របស់​ចិន​ទាំងមូល​បាន​បញ្ចប់​ទៅ​ដោយ​ភាព​វិជ្ជមាន ប៉ុន្តែ​នៅ​តែ​ស្ថិត​ក្នុង​វិបត្តិ​ដោយសារ​តែ​បណ្តា​ទីក្រុង​នាំមុខ​មិន​អាច​ផ្លាស់​ប្តូរ​ឲ្យ​មក​ជាទី​ក្រុង​ថ្នាក់ទាប​ជាង​បាន​ទេ » ៕