បក្សនយោបាយ​​-សង្គម​ស៊ីវិល​ ត្រៀមលក្ខណៈ​ចូលរួម ផ្ដល់យោបល់ លើសេចក្ដី​ព្រាងបទ​បញ្ជា និង​នីតិវិធី

ភ្នំពេញ៖ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានត្រៀមលក្ខណៈ រួចជាស្រេច ក្នុងការចូលរួមពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធីសម្រាប់ ចុះឈ្មោះបោះឆ្នោតដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ ព្រឹកថ្ងៃអាទិត្យ  ២៤ មករា នេះ ពួកគាត់តែនៅមិនទាន់ បានទទួលលិខិតអញ្ជើញ ពីគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា មន្រ្តី CPP នឹងចូលរួមពិនិត្យ និងឲ្យយោបល់លើ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះបោះឆ្នោត បើបានទទួល លិខិតអញ្ជើញពីគ.ជ.ប។

លោកបានបន្ថែមថា “តំណាងឲ្យគណបក្សហ្នឹង នាយករងខុទ្ទកាល័យ ទទួលបន្ទុកកិច្ចការបោះឆ្នោតម្នាក់ គាត់នឹងចូលរួម តែលើកនេះខ្ញុំមិនទាន់ដឹងថា ខាងគណបក្សបញ្ជូន ឯកឧត្តមណា ទៅចូលរួមទេ  ប្រសិនបើមានលិខិតអញ្ជើញ ខាងគណបក្សមិនដែលខានទេ”។

ចំណែក លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យដឹងថា សម្ព័ន្ធកំណែទម្រង់ ខុមហ្វ្រែលបានអាន សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ចុះឈ្មោះបោះឆ្នោត រួចរាល់ហើយ ហើយក៏បានត្រៀម អនុសាសន៍ល្អៗ ដើម្បីផ្ដល់ជូនទៅ គ.ជ.ប ក្នុងអង្គប្រជុំ តែខាងលោកមិនទាន់ បានទទួលលិខិតអញ្ជើញ ពីខាង គ.ជ.ប នៅឡើយទេ។

លោកបានបញ្ជាក់ថា “ចូលរួមប៉ុន្តែឥឡូវនេះ យើងអត់ទាន់បានទទួល លិខិតអញ្ជើញ និងកម្មវិធីទេ ហើយខាង NGO សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត បានជជែកគ្នាដើម្បី ត្រៀមមតិចូលរួម ពិនិត្យ និងផ្ដល់យោបល់លើ សេចក្ដីព្រាង បទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះ បោះឆ្នោតដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីសម្រាប់ឆ្នាំ ២០១៦នៅថ្ងៃទី ២៨ មករា”។

គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី ១៣ ខែ មករា បានប្រកាស ថានឹងបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.ប មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.បនិង មន្រ្តីលធ/ខប តំណាងការិយាល័យ ឧត្តមស្នងកា រអង្គការសហ ប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា តំណាងគណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល ស្ថាប័ន អង្គទូត ជំនាញការជប៉ុន និងជំនាញការអឺរ៉ុប សរុបទាំងអស់ចំនួន ១៨៥នាក់។

គួរបញ្ជាក់ថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦មាន ០៦ជំពូក និងមួយឧបសម្ព័ន្ធ ស្មើនឹង ១០៧ ទំព័រ៕

បក្សនយោបាយ​​-សង្គម​ស៊ីវិល​ ត្រៀមលក្ខណៈ​ចូលរួម ផ្ដល់យោបល់ លើសេចក្ដី​ព្រាងបទ​បញ្ជា និង​នីតិវិធី