សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ ចូលជួប​សំដែង​ការគួរសម​

ភ្នំពេញ: កាលពី​រសៀល ថ្ងៃទី​២៣ ខែ មករា ម្សិលមិញ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នោះ លោក Tanasak Patimapragorn បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ការប្រកួត​បាល់ទាត់​កាលពី​ល្ងាច​នេះ​មិញ ហើយ​លោក​បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា និង​ថៃ បានរៀបចំ​ការប្រកួត​នេះ​ឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ភាពស្និទ្ធស្នាល​កាន់តែខ្លាំង​ឡើង​។​

​ការប្រកួត​បាល់ទាត់​ម្សិលមិញ​គឺមាន​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​ទាំង​នៅ​ប្រទេស​ថៃ និង​កម្ពុជា ។ ជាងនេះទៀត លោក​បាន​គោរព​សុំ​ការអនុញ្ញាត​ផ្តួចផ្តើម​គំនិត​ធ្វើយ៉ាងណា​រៀបចំ​ឱ្យមាន​ការប្រកួត​កីឡាប្រដាល់ កម្ពុជា និង​ថៃ ជាមួយនឹង​ប្រទេស​ដទៃទៀត គឺ​មានន័យថា កម្ពុជា និង​ថៃ រួមគ្នា​ប្រកួត ជាមួយ​ប្រទេស​ដទៃ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ ដែល​ឧបនាយករដ្ឋមន្ត្រី​ទាំង​កម្ពុជា និង​ថៃ​បាន​ចូលរួម និង​ចាត់ទុកថា ជា​ឱកាស​ដ៏​កម្រ ហើយ​ព្រឹត្តិការណ៍​នេះ​គឺ​ចាត់ទុកថា ជាការ​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង រវាង​ប្រទេស​យើង​ទាំងពីរ ។​

​ចំពោះ​ការផ្តួចផ្តើម​របស់លោក Tanasak ថា​ចង់​រៀបចំ​ឱ្យមាន​ការប្រកួត​កីឡាប្រដាល់ កម្ពុជា និង​ថៃ ជាមួយនឹង​ប្រទេស​ដទៃទៀត​នោះ សម្តេច​បាន​យល់ស្រប ហើយ​បាន​ចាត់ទុកថា ការផ្តួចផ្តើម​នេះ គឺជា​ការល្អ​ដោយ​ក្រុម​កម្ពុជា និង​ថៃ ជា​ក្រុម​រួមគ្នា ដើម្បី​ប្រកួត​ជាមួយនឹង​ប្រទេស​ដទៃទៀត រួមទាំង​ប្រទេស​នៅ​អឺរ៉ុប​ផងដែរ​។ ជាងនេះទៀត សម្តេច​ក៏បាន​ប្រគល់​តួនាទី ជូន​លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​សមាគម មិត្តភាព​កម្ពុជា -​ថៃ និង​បានផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​សមាគម​មិត្តភាព​កម្ពុជា ថៃ ធ្វើ​សកម្មភាព​កាន់តែ​សកម្ម​ថែមទៀត​៕​

សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ ចូលជួប​សំដែង​ការគួរសម​

សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ ចូលជួប​សំដែង​ការគួរសម​

សម្តេច​តេ​ជោ អនុញ្ញាត​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ ចូលជួប​សំដែង​ការគួរសម​